ភ្នំពេញ៖ នៅថ្ងៃទី07 ខែមីនា ឆ្នាំ2018 ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំកម្មវិធីអបអរសាទរព្រឹត្តិការណ៍ ទិវានារីអន្តរជាតិ 08មីនា ខួបលើកទី107 ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី រួមជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកគ្រប់លំដាប់របស់ធនាគារ CIMB ប្រមាណជាង 80នាក់ផងដែរ។
ក្រោមកិច្ចឧបត្ថមដ៏ខ្ពង់ខ្ពស់ពីសំណាក់ក្រសួងកិច្ចការនារី បានញ៉ាំងឱ្យកម្មវិធីទាំងមូលកាន់តែមានភាពអស្ចារ្យ និងអធិកអធមក្រៃលែង បង្កលក្ខណៈដល់បុគ្គលិកគ្រប់រូបដែលបានអញ្ជើញចូលរួម អាចស្វែងយល់កាន់តែច្បាស់ ពីសារៈសំខាន់របស់ស្ត្រី ក្នុងការអភិវឌ្ឍសង្គមជាតិ ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ និងការដោះស្រាយបញ្ហានានារបស់ស្ត្រីទូទាំងប្រទេសកម្ពុជា។
ថ្លែងក្នុងកម្មវិធីដ៏ឱឡារិកនេះ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិរបស់ធនាគារ CIMB បានឲ្យដឹងថា៖ «យើងរៀបចំកម្មវិធីទិវានារីអន្តរជាតិនេះឡើង ដើម្បីចូលរួមអបអរដល់ស្ត្រី នៅទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ហើយជាពិសេសបង្ហាញពីការថ្លែងអំណរគុណដល់និយោជិតជាស្ត្រីរបស់ធនាគារយើង។ ធនាគារ CIMB បានលើកទឹកចិត្ត និងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពស្ត្រី ក្នុងវិស័យធនាគារ។ យើងខ្ញុំមាននិយោជិតស្ត្រី រហូតដល់ 55% នៃចំនួនបុគ្គលិកសរុបរបស់ធនាគារ CIMB ដែលជាផ្នែកមួយយ៉ាងសំខាន់ធ្វើឱ្យសេវាកម្មបម្រើអតិថិជនកាន់តែល្អបំផុតចំពោះអតិថិជនរបស់យើង»។
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចនារី បានផ្តល់អនុសាសន៍ នៅក្នុងកម្មវិធីនេះថា៖ «ស្ត្រីគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ និងជាកម្លាំងចលករមួយដ៏សំខាន់ សម្រាប់ជំរុញឱ្យប្រទេសជាតិទទួលបាននូវការអភិវឌ្ឍ រីកចម្រើន វឌ្ឍនភាព ស្ថេរភាព និងសន្តិភាព។ បច្ចុប្បន្ន មានស្ត្រីកាន់ច្រើនដែលពោពេញទៅដោយសមត្ថភាព និងភាពជោគជ័យនៅក្នុងជីវិត នៅលើមុខជំនួញ និងការងារ។ ខ្ញុំសូមកោតសរសើរដល់ធនាគារ CIMB ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រី នៅក្នុងជួរថ្នាក់ដឹកនាំរបស់ធនាគារ ដែលរួមមានគណៈគ្រប់គ្រងជាស្ត្រី រហូតដល់ 4នាក់ ក្នុងចំណោមគណៈគ្រប់គ្រងទាំង11នាក់»។
ជាមួយគ្នានេះ លោកជំទាវបានបញ្ជាក់ផងដែរថា ការចូលរួមរបស់ក្រសួងកិច្ចការនារី ក្នុងព្រឹត្តិការណ៍អបអរសសាទរទិវានារីអន្តរជាតិ ជាមួយធនាគារ CIMB នេះ គឺជាលើកដំបូងហើយ ដែលក្រសួងប្រាព្ធធ្វើជាមួយក្រុមហ៊ុនមកវិស័យឯកជន។ ហើយក្រសួងកិច្ចការនារីសង្ឃឹមថា នឹងមានកម្មវិធីបែបនេះកាន់តែធំជាងនេះ ជាមួយធនាគារ CIMB ក៏ដូចជានឹងមានការចូលរួមកាន់តែច្រើនឡើង ពីស្ថាប័ន និងក្រុមហ៊ុននានា ក្នុងការលើកកម្ពស់ និងលើកទឹកចិត្តស្ត្រី នៅក្នុងស្ថាប័នការងារ ដែលស្ត្រីមានតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ។
គួរបញ្ជាក់ផងដែរ ទិវាអន្តរជាតិនារី 8មីនា ជាទិវាសកលមួយ ដែលរំលឹកអំពីវីរភាពនៃការតស៊ូរបស់នារី នៅទូទាំងសកលលោក ដើម្បីទាមទារឲ្យមានការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិសេរីភាព ឋានៈ តួនាទីរបស់ស្ត្រី នៅក្នុងសង្គម។
ជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសនីមួយៗ តែងតែលើកយកប្រធានបទផ្សេងៗគ្នា ដែលទាក់ទងនឹងស្ត្រី ដើម្បីដាក់ចេញជាសកម្មភាព ឱញយស្របទៅនឹងបរិបទរបស់ប្រទេសនីមួយៗ ហើយដោយឡែក ប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ត្រូវបានលើកឡើងដើម្បីឆ្លុះបញ្ចាំងពីតថភាពបច្ចុប្បន្នក្នុង សង្គម នៃព្រះរាជាណាចក្រកម្ពុជា ដែលយកចិត្តទុកដាក់ខ្ពស់លើសិទ្ធិសេរីភាព និងការចូលរួមដោយស្មើភាពក្នុងភារកិច្ច កសាងសង្គមរបស់ស្ត្រី។ ជាមួយគ្នានេះ ធនាគារ CIMB ដែលជាធនាគារពាណិជ្ជថ្នាក់តំបន់ឈានមុខគេ នៅប្រទេសកម្ពុជា មានមោទនភាព ដែលតែងតែលើកកម្ពស់សមត្ថភាពបុគ្គលិកជនជាតិខ្មែរ ជាពិសេសលើកទឹកចិត្តដល់បុគ្គលិកស្ត្រី ក្នុងវិស័យធនាគារ៕