អនុស្សារណៈយោគយល់ក្នុងការផ្តល់សិទ្ធិអាជីវកម្ម រវាងក្រុមហ៊ុន Bangchak Retail និង ក្រុមហ៊ុន RCG Retail Group (Cambodia) ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី6 នៃគណៈកម្មាធិការពាណិជ្ជកម្មរួម រវាងកម្ពុជា និងថៃ ក្នុងគោលបំណងពង្រីកទីផ្សារហាងកាហ្វេ Inthanin នៅក្នុងប្រទេសកម្ពុជា ដែលការចុះអនុស្សារណៈយោគយល់នេះប្រារព្វធ្វើឡើងនៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ2018 នៅសណ្ឋាគារសូហ្វីថែលភ្នំពេញភូគីត្រា។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន RCG Retail Group (Cambodia) និងជាអ្នកលក់បន្តសិទ្ធិអាជីវកម្មម៉ាកសញ្ញាហាងកាហ្វេ Inthanin បានប្រាប់ឲ្យដឹងថា លោកស្រីមានសេចក្តីសោមនស្សរីករាយចំពោះការចុះអនុស្សារណៈនេះ ដោយសារតែលោកស្រីមើលឃើញពីការនិយមទទួលទានកាហ្វេពីសំណាក់ប្រជាជនកម្ពុជា ហើយមួយវិញទៀត Inthanin គឺជាហាងកាហ្វេមានគុណភាពល្អ ដែលអាចអោយប្រជាជនកម្ពុជាអាចទទួលទានកាហ្វេដែលមានរសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យ។
«នៅពេលដែលអនុស្សារណៈបានបញ្ចប់ យើងនឹងរៀបចំទទួលពាក្យអ្នកដែលចាប់អារម្មណ៍ចង់ធ្វើធុរកិច្ចទិញសិទ្ធិអាជីវកម្ម មានន័យថាចង់ធ្វើការសហការជាមួយគ្នា ដើម្បីបន្តដំណើរទៅមុខជាមួយគ្នា ហើយនៅថ្ងៃទី15 ខែមីនានេះ យើងនឹងរៀបចំការប្រជុំមួយសម្រាប់អ្នកដែលចាប់អារម្មណ៍ដើម្បីផ្តល់ព័ត៌មានបន្ថែមពីសិទ្ធិអាជីវកម្មហាងកាហ្វេ Inthanin»។
ក្នុងនោះដែរ លោក Viboon Wongsakul នាយកគ្រប់គ្រងក្រុមហ៊ុន Bangchak Retail Company Limited បានឱ្យដឹងថា ហាងកាហ្វេ Inthanin គឺជាហាងកាហ្វេដែលធំជាងគេលំដាប់ទី2 នៅក្នុងប្រទេសថៃ ហើយក្នុងនោះប្រទេសកម្ពុជាគឺជាទីផ្សារដំបូងដែលហាងកាហ្វេ Inthanin បានធ្វើការពង្រីកទីផ្សាររបស់ខ្លួននៅក្រៅប្រទេស ដោយសារតែលោកមើលឃើញពីឱកាស និងតម្រូវការទីផ្សារកាហ្វេនៅកម្ពុជា ដោយលោកជឿជាក់ថាក្រុមហ៊ុនមួយនេះនឹងអាចធ្វើការផ្គត់ផ្គង់កាហ្វេដែលមានគុណភាពខ្ពស់សម្រាប់អតិថិជនកម្ពុជា។
គួរបញ្ចាក់ផងដែរថា ហាងកាហ្វេ Inthanin គឺជាហាងចំនុះក្រុមហ៊ុនឥន្ធនៈបាងចាក ដែលមានសាខាប្រមាណជា500ទីតាំង នៅក្នុងនោះ ហាងកាហ្វេ Inthanin ក៏មានគម្រោងពង្រីកទីផ្សាររបស់ខ្លួនឲ្យបានចំនួន1000ទីតាំងត្រឹមរយៈពេល 3ឆ្នាំខាងមុខ ហើយនៅពេលឆាប់ៗខាងមុខនេះ ហាងកាហ្វេ Inthanin នឹងបើកសាខាដំបូងរបស់ខ្លួននៅខេត្តសៀមរាប និងមួយទៀតនៅភ្នំពេញផងដែរ៕