ក្រុងប៉ោយប៉ែត៖ នេះជាលើកដំបូងសម្រាប់អ្នករស់នៅទីក្រុងប៉ោយប៉ែត ហើយក៏ជាការប្រកួតជម្រុះមណ្ឌលទី5 នៃពានរង្វាន់ Tiger Street Football Festival 2018 ដែលបានបើកជាផ្លូវការណ៍នាព្រឹកថ្ងៃទី18 ខែកម្ភៈ ឆ្នាំ2018 នេះ នៅបរិវេណផ្សាររាត្រីសណ្ឋាគារផ្តាយប្រាំក្រុងប៉ោយប៉ែត ដោយមានចំនួន 50ក្រុមចូលរួមដាក់ពាក្យប្រកួត។
ថ្លែងក្នុងពិធីបើកការប្រកួតនេះ អ្នកស្រី ថោង បវរលក្ខិណា ប្រធានគ្រប់គ្រងស្លាកសញ្ញាផលិតផលស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា នេះជាលើកទី6ហើយដែលក្រុមហ៊ុនថៃហ្គ័របានសហការណ៍ជាមួយសហព័ន្ធបាលទាត់កម្ពុជា ក្នុងការបង្កើតប្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង។ ហើយនេះជាលើកដំបូងសម្រាប់អ្នកប៉ោយប៉ែតដើម្បីបំបែកកញ្ចប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។
មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័តនៅរាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃទី10 និង 11 ខែមិនាដែលជាថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។
នៅក្នុងឧកាសនោះដែរ លោកឧកញ្ញ៉ា សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានលើកឡើងដែរថា វិស្ស័យបាល់ទាត់គឺជាវិស្ស័យកីឡាអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្តដល់កីឡាករទាំងអស់។ ជាពិសេសកំពុងរៀបចំឲ្យមានភាពល្អប្រសើរសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម 2023ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ។
ដូចនេះយុវជនទាំងអស់គួរតែចូលរួមលេងកីឡាឲ្យបានច្រើនដើម្បីមុខមាត់ប្រទេសជាតិ ដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន។ ដោយឡែក លោក ទុយ វិច្ឆិកា ដំណាងឱ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកសរសើរដល់ក្រុមចូលរួមក្នុងពិធីបើកនេះថា ប្អូនៗដែលជាយុវជនក្រុមបាលទាត់នៅប៉ោយប៉ែតនេះពិតជា គោរពពេលវេលា នេះជាគម្រូរល្អដែរយុវជននៅមណ្ឌលផ្សេងៗទៀតគួរយកតម្រាប់តាម ហើយនេះគឺជាការយល់ពីតម្លៃនេះកីឡា។ ហើយលោកក៏សូមអគុណដល់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រដែលបានបង្កើតការប្រកួត Tiger Street Football Festival 2018 និងបានធ្វើឡើងរយៈពេល៦ឆ្នាំមកហើយ ដែលជាចំនែកក្នុងការផ្តល់ឧកាស់ដល់ប្អូនស្រលាញ់កីឡាបាល់បានបង្ហាញសមត្ថភាព។
សូមបញ្ជាក់ថា សម្រាប់រដូវកាលទី6នេះ ការប្រកួត Tiger Street Football Festival នឹងរឹតតែស្វិតស្វាញ ព្រោះក្រុមដែលចូលរួមនីមួយៗសុទ្ធតែធ្លាប់ទទួលបានបទពិសោធច្រើនពីការប្រកួតនៅលើទីលាន Futsal នេះ។ យ៉ាងណាមិញការប្រកួតនៅទឹកដីប៉ោយប៉ែត ដែលជាមណ្ឌលទី5នេះ ក្រុមទាំង50 នឹងត្រូវប្រកួតតែមួយថ្ងៃប៉ុណ្ណោះ។
ដូចច្នេះចង់ដឹងថាក្រៅពីការប្រកួតដ៏អស្ចារ្យតើមានអ្វីរឹតតែពិសេសនោះសូមតាមដានទាំងអស់គ្នា!