ភ្នំពេញ៖ បុគ្គលិក អេ អឹម ខេ មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ អត្រាកើនឡើងនៃចំនួនបុគ្គលិក នេះហើយ ដែលសរបញ្ជាក់ឲ្យឃើញថា អេ អឹម ខេ គឺជាគ្រឹះស្ថានដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិកទាំងអស់។ គ្រប់បុគ្គលិក អេ អឹម ខេ ពិតជារីករាយជាមួយការងាររបស់គាត់ ព្រោះគាត់ពេញចិត្តនឹងបរិយាកាសការងារល្អ ការសហការក្រុម ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់គាត់ ព្រមទាំងអាចទទួួលបាននូវអត្ថប្រយោជន៍ច្រើន និងឱកាសអភិវឌ្ឍខ្លួនផងដែរ។
លោកស្រី ពាំង ពិសាខ នាយិការប្រតិបត្តិធនធានមនុស្សបានមានប្រសាសន៍ថា “អេ អឹម ខេ បាន និងកំពុងខិតខំប្រឹងប្រែងដើម្បីក្លាយជាជម្រើសសម្រាប់និយោជិត ព្រោះ អេ អឹម ខេ បានផ្តល់ជូននូវលក្ខណៈពិសេស៣យ៉ាងគឺ៖ កន្លែងដែលផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ផ្តល់នូវឱកាសក្នុងការអភិវឌ្ឍខ្លួន និងជាពិសេសជាគ្រឹះស្ថានដែលមានបរិយាកាសការងារល្អ” លោកស្រីបានលើកឡើងថា អត្ថប្រយោជន៍សំខាន់ៗមួយចំនួនដែល អេ អឹម ខេ ផ្តល់ជូនបុគ្គលិកមានដូចជា ការធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលិក ព្រមទាំងក្រុមគ្រួសារ (ប្តីឬប្រពន្ធ និង កូន) ១០០% ដោយមិនកំណត់ ការធានារ៉ាប់រង ២៤ ម៉ោងទៅលើគ្រោះថ្នាក់ដល់បុគ្គលិក ប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ប្រាក់សោធន ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកចូលនិវត្តន៍ ប្រាក់រង្វាន់លើកទឹកចិត្ត ប្រាក់កម្ចីសម្រាប់បុគ្គលិកក្នុងអត្រាការប្រាក់ត្រឹមតែ ២% ក្នុងមួយឆ្នាំ ប្រាក់មាតុភាពរហូតដល់ ១៧០% និងការឈប់សម្រាកព្យាបាលជំងឺដោយមានប្រាក់ឈ្នួលរហូតដល់ ៦ខែ ការឈប់សម្រាកពិសេស និងអត្ថប្រយោជន៍ជាច្រើនទៀត។
ចំពោះឱកាសអភិវឌ្ឍខ្លួន អ្នកស្រីបានឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំ អេ អឹម ខេ បានរៀបចំកម្មវិធីសម្រាប់អភិវឌ្ឍបុគ្គលិករបស់ខ្លួនជាច្រើនមានដូចជា កម្មវិធីការបណ្តុះបណ្តាល និងការហ្វឹកហ្វឺន កម្មវិធីអ្នកស្នង កម្មវិធីទំនាក់ទំនងបុគ្គលិក កម្មវិធីអភិវឌ្ឍសមត្ថភាពស្នូល កម្មវិធីរៀនសូត្របន្ថែម កម្មវិធីអ្នកគ្រប់គ្រងហាត់ការ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗទៀត។ អ្នកស្រីពិសាខ ក៏បានសង្កត់ធ្ងន់ផងដែរអំពីបរិយាកាសការងារ ព្រោះវាជាកត្តាសំខាន់សម្រាប់បុគ្គលិក ព្រោះនៅពេលដែលស្ថាប័នមួយមានបរិយាកាសការងារល្អ បុគ្គលិកមានភាពរីករាយ សហការល្អក្នុងការបំពេញកាតព្វកិច្ច ដែលជាលទ្ធផលធ្វើឲ្យការងាររបស់គាត់មានប្រសិទ្ធភាពខ្ពស់។ ចំពោះ អេ អឹម ខេ ត្រូវបានចាត់ទុកថា ជាកន្លែងដែលមានបរិយាកាសការងារល្អ ព្រោះ អេ អឹម ខេ មានចំណុចពិសេសរបស់ខ្លួនដូចជា មានវប្បធម៌ការងារល្អ មានគុណតម្លៃរួមដែលជំរុញឲ្យមានបរិយាកាសស្និទ្ធស្នាលប្រកបដោយការទទួលខុសត្រូវ ផ្តល់ភាពកក់ក្តៅ និងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រប់បុគ្គលិក មានការសហការណ៍ល្អ និងមានទំនាក់ទំនងល្អរវាងបុគ្គលិកគ្រប់ជាន់ថ្នាក់។
បុគ្គលិក អេ អឹម ខេ ម្នាក់ លោក សាង មក្ករី មន្ត្រីឥណទានឯកទេស បានចាប់ផ្តើមអាជីពការងារជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០១៥ ជាមន្ត្រីឥណទានរៀនសូត្រ ដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារ លោកត្រូវបានតំឡើងតំណែងជា មន្ត្រីឥណទានពេញសិទ្ធក្នុងរយៈពេល២ខែ មកដល់ពាក់កណ្តាលឆ្នាំ២០១៧ លោកត្រូវបានតែងតាំងក្នុងមុខតំណែងថ្មីមួយទៀតគឺ មន្ត្រីឥណទានឯកទេស។ “អស់រយៈពេលជិត២ឆ្នាំហើយដែលខ្ញុំបម្រើការងារជាមួយ អេ អឹម ខេ ខ្ញុំមានអារម្មណ៍ថា អេ អឹម ខេ ដូចជាផ្ទះទី២ដែរ ដោយបុគ្គលិកទាំងអស់រួសរាយរាក់ទាក់ហាក់បីដូជាក្រុមគ្រួសារខ្ញុំដែរ។ លោក មក្ករី បានបន្ថែមទៀតថា “អ្វីដែលសំខាន់នោះ គឺខ្ញុំទទួលបានការលើកទឹកចិត្តពីប្រធានផ្ទាល់ ក៏ដូចជាមិត្តភក្តិរួមក្រុមក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ខ្ញុំផងដែរ។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹម ខែធ្នូ ឆ្នាំ២០១៧ នេះ អេ អឹម ខេ មានបុគ្គលិកសរុបចំនួនជិត ២៥០០នាក់ អតិថិជនចំនួនជិត ៦៨ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ២០៧ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៥០ កន្លែង និងមានភ្នាក់ងារជាង៣.០០០កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជនដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)៕