
កំពង់ស្ពឺ៖ កំពង់ស្ពឺគឺជាខេត្តទី2 បន្ទាប់ពីខេត្តព្រះសីហនុ ដែលក្រុមការងារ Tiger Street Football Festival 2018 បានមករៀបចំការប្រកួតកីឡាហ្វ៊ូតសាលដំបូង និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2013 មកម្លេះ។ ប៉ុន្តែសម្រាប់ឆ្នាំ2018 រង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យ រហូតដល់ 50000ដុល្លារ។
ចំពោះខេត្ត កំពង់ស្ពឺ ដែលជាមណ្ឌលថ្មីនេះមាន 35ក្រុមចូលរួមក្នុងការប្រកួតជម្រុះនា ថ្ងៃទី28 ខែមករានេះដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡាក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យបាល់ទាត់ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង។
បើតាមអ្នកស្រី ថោង បវរលក្ខិណា ដែលជានាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានលើកឡើងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី27 ខែមករា នេះថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ 2018 រដូវកាលទី6 បានត្រឡប់មកវិញទៀតហើយ និងកាន់តែជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ក្រុមចូលរួមប្រកួតកាន់តែច្រើន និងមានរង្វាន់សរុបរហូតដល់ 50000ដុល្លារ។ Tiger Street Football Festival ឆ្នាំ2018 នេះ មណ្ឌលប្រកួតកើនឡើងរហូតដល់ប្រាំបីខេត្តក្រុងទូទាំងប្រទេស រួមមាន ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុងប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុងតាខ្មៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ក្រុមជាង 500 ក្រុមត្រូវបានរំពឹងថា នឹងចូលរួមការប្រកួតដណ្ដើមតំណែងជើងឯក Tiger Street Football Festival ឆ្នាំ2018 នេះ ។ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី10 និងទី11 មីនា 2018 ខាងមុខនេះ។

បន្ថែមពីលើនេះលោក ប៉ិច នី នាយកគ្រប់គ្រងសម្មភាពពាណិជ្ជកម្ម ថាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival រួមមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងការប្រកួតបាល់ទាត់ ស្តង់លេងហ្គេមកម្សាន្ត ស្តង់សម្រាប់អ្នកគាំទ្រមានជាបដាសម្រាប់សរសេរគាំទ្រក្រុមរបស់ខ្លួន និងមានការគូរមុខគួរឲ្យទាក់ទាញ មានកន្លែងលក់វត្ថុអនុស្សាវរីយ៍ជាសម្ភារៈកីឡា កន្លែងថតរូបអនុស្សាវរីយ៍ និងកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់ការជាវស្រាបៀរថៃហ្គ័រមកពិសាបន្ទាប់ពីការប្រកួតបាល់ទាត់។
នាយកគ្រប់គ្រងសម្មភាពពាណិជ្ជកម្ម បញ្ជាក់ថា អ្វីដែលកាន់តែអស្ចារ្យនោះគឺ កម្មវិធីប្រគំតន្ត្រីកាន់តែធំជាងមុន ឆាកតន្ត្រីកាន់តែទំនើប ភ្លើងពណ៌ចម្រុះ នឹងមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។
សូមបញ្ជាក់ថា នេះជាលើកដំបូងសម្រាប់ក្រុមប្រចាំមណ្ឌលកំពង់ស្ពឺ ក្នុងការបង្ហាញសមត្ថភាពប្រកួតប្រជែង ដណ្តើមពានរង្វាន់បាល់ទាត់នៃក្របខ័ណ្ឌ Tiger Street Football Festival 2018 ដែលនឹងបើកការប្រកួតជាផ្លូវការនាព្រឹកថ្ងៃទី 28 ខែមករា ឆ្នាំ2018នេះ ដោយមាន 38ក្រុមចូលរួម៕
ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ



