សាធារណជនរាប់ម៉ឺននាក់ បានចូលរួមទស្សនាតន្ត្រីនៅសាលមហោស្រព NABA នៅ ណាហ្គាទី 2 និងនៅសួនច្បារសម្តេច ហ៊ុន សែន ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០១៨
មានសាធារណជន និងទស្សនិកជនដែលជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់ បានរីករាយទស្សនាតន្ត្រីឆ្លងឆ្នាំធំបំផុតពីររៀបចំឡើងដោយណាហ្គាវើលដ៍នៅថ្ងៃទី 31 ធ្នូ ដើម្បីស្វាគមន៍ឆ្នាំថ្មី 2018 ។ ការប្រគំតន្ត្រីទីមួយ ត្រូវបានធ្វើឡើងនៅសាលមហោស្រព NABA នៅណាហ្គាទី 2 និងមួយទៀតធ្វើឡើងនៅសួនច្បារសម្តេច ហ៊ុន សែន ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកសម្តែងអន្តរជាតិប្រចាំណាហ្គាវើលដ៍ផងដែរ ។ ការប្រគំតន្ត្រីឆ្លងឆ្នាំដ៏ពិសេសនេះ ត្រូវបានផ្តល់កិត្តិយសចូលរួមជាអធិបតីដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនទៀតផង។
តន្ត្រីឆ្លងឆ្នាំដែលធ្វើនៅសាលមហោស្រព NABA នៅណាហ្គាទី 2 ដែលមាន 2000 កៅអីនេះ ចូលរួមសម្តែងដោយកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា មាស សុខសោភា និងទេព បូព្រឹក្ស ហើយណាហ្គាវើលដ៍បានចែកជូនសំបុត្រដើម្បីឲ្យពុកម៉ែបងប្អូនបានចូលរួមរីករាយដោយសេរី។
តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនៅសាលមហោស្រព NABA នៅណាហ្គាទី 2 ដែលមានរយៈពេល 90នាទីនេះ មានការសម្តែងបទចម្រៀងដែលមានការពេញនិយមកាលពី3ទសវត្សរ៍មុន និងបទចម្រៀងសម័យបច្ចុប្បន្នផងដែរ ។ អ្វីដែលអស្ចារ្យផងដែរនោះ គឺមានការចាក់បញ្ចាំងរូបភាពវីដេអូ 3D-mapping ដោយម៉ាស៊ីនបញ្ចាំងដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ និងដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា!
ភាពរីករាយ បានបន្តកាន់តែខ្លាំងនៅក្នុងតន្ត្រីឆ្លងឆ្នាំដ៏មហស្ចារ្យនៅសួនច្បារសម្តេច ហ៊ុន សែន ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងជួរមុខ លោក ព្រាប សុវត្ថិ និងសិល្បករ-សិល្បការិនីប្រចាំណាហ្គាវើលដ៍ដែលរួមមានអ្នកលេងភ្លេង អ្នកចម្រៀង អ្នករាំ និងអ្នកសម្តែងសៀករហ័សកម្ម ។ មិនតែប៉ុណ្ណោះក៏មានវត្តមានរបស់កញ្ញា សួស វីសា ក្រុមក្មេងខ្មែរ ព្រមទាំងពិធីករ-ពិធីការិនីល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ និង កញ្ញា ហ៊ិន ចាន់នីរ័ត្ន ព្រមទាំងមានហ្គេមកម្សាន្តចន្លោះការសម្តែងនីមួយៗដែលពុកម៉ែបងប្អូនបានឈ្នះរង្វាន់ធំជាច្រើនទៀតផង ។
ភាពសប្បាយរីករាយបំផុតនេះ បានបន្តរហូតដល់វិនាទី ទី 1 នៃឆ្នាំថ្មីដោយមានការរាប់ថយក្រោយការបាញ់កាំជ្រួច និងការបញ្ចាំងភ្លើង LED ដ៏មហស្ចារ្យជុំវិញណាហ្គាទី 2 ដែលមានពន្លឺភ្លើងរត់ជុំវិញអាគារដ៏ទាក់ទាញ និងលេចធ្លោក្នុងរាជធានីភ្នំពេញដើម្បីស្វាគមន៍ឆ្នាំថ្មី 2018 ជាមួយទស្សនិកជនក៏ដូចជាប្រជាជនក្នុងព្រះរាជាណាចក្រកម្ពុជា និងពិភពលោកផងដែរ ៕