ភ្នំពេញ៖ ដើម្បីជាការចូលរួមអបអរក្នុងពិធី Jazz Festival នាល្ងាចថ្ងៃទី14 ខែធ្នូ ភោជនីដ្ឋានតូប៉ាហ្ស បានរួមសហការជាមួយក្រុមតន្ដ្រីករ Jazz មកពីបរទេស និងមានការចូលរួមសហការពីក្រុមហ៊ុន Audi ដើម្បីរៀបចំពិធីទទួល ទានអាហារពេលល្ងាចយ៉ាងសប្បាយរីករាយជាមួយការប្រគំ តន្ដ្រី Jazz ពីតន្ដ្រីករល្បីៗយ៉ាងពិរោះ។
អ្នកនាង ហាក់ ឡានីន អ្នកគ្រប់គ្រងទូទៅនៅក្នុងភោជនី យដ្ឋានតូប៉ាហ្ស បានលើកឡើងថា កន្លងមកភោជនីយដ្ឋានធ្លាប់បានរៀបចំពិធីទទួលទានអាហារពេលល្ងាចជាច្រើនមកហើយដោយបានអញ្ជើញចុងភៅមកពីបរទេសមកចំណីអាហារជូនភ្ញៀវកិត្ដិយស។ សម្រាប់ឱកាសដ៏ពិសេសនេះតូប៉ាហ្សទើបតែបានរៀបចំជាលើកទីមួយតែប៉ុណ្ណោះដើម្បីផ្ដល់ឱកាសនៃភាពសប្បាយរីករាយជូនដល់ភ្ញៀវកិត្ដិយសបន្ថែមទៀត ដោយពួកគាត់គ្រាន់តែទិញសំបុត្រចូលរួមក្នុងពិធីនេះ ចំណាយក្នុងម្នាក់ 150ដុល្លារអាមេរិក អាចទទួលបានអាហារ 7មុខ ដែលច្នៃដោយមេចុងភៅលំដាប់ផ្កាយ2 ឈ្មោះលោក Thierry Drapeau មកពីប្រទេសបារាំង រួមជាមួយការស្ដាប់ភ្លេងបែបអ៊ឺរ៉ុប។
អ្នកគ្រប់គ្រងរូបនេះបន្ដថា ភោជនីដ្ឋានយើងជាកន្លែងដែលល្បីឈ្មោះនិងមានជំនាញទៅលើការចំអិនម្ហូបបែបអ៊ឺរ៉ុប រីឯតន្ដ្រី Jazz ក៏ជាតន្ដ្រីបែបបញ្ចឹមប្រទេសទើបជាហេតុធ្វើឱ្យយើងសម្រេចរួមគ្នាជ្រើសរើសភោជនីដ្ឋានតូប៉ាហ្សដើម្បីរៀបចំពិធី Jazz Festival តែម្ដង។
អ្នកនាង ហាក់ ឡានីន បានបញ្ជាក់ថា កម្មវិធីនេះមានការចូលរួមពីភ្ញៀវកិត្ដិយសយ៉ាងជាច្រើនកុះករលើសពីការរំពឹងទុក ព្រោះនេះជាកម្មវិធីកម្រមាន ពិសេសវាអាចចាត់ទុកថា បង្កើតឡើងសម្រាប់អបអរសាទរពិធីបុណ្យតន្ដ្រី Jazz ផងនិងបង្កើតឡើងសម្រាប់ភ្ញៀវកិត្ដិយសដែលនិយមការទទួលទានអាហារពេលល្ងាចជាមួយអាហារប្លែកៗបែបអ៊ឺរ៉ុបផងដែរ។ ជាមួយគ្នានេះអ្នកនាងសង្ឃឹមថា តូប៉ាហ្សនឹងមានឱកាសបានរៀបចំកម្មវិធីនេះជាបន្ដបន្ទាប់ទៀតសម្រាប់ភ្ញៀវកិត្ដិយសទាំងអស់៕