AccorHotel Group គឺជាអ្នកជំនាញ និងមានឯកទេសលើការគ្រប់គ្រង បណ្តុះបណ្តាល រួមជាមួយនឹងការបង្កើតគំនិតថ្មីៗនៅក្នុងវិស័យបដិសណ្ឋារកិច្ច ជាពិសេស លើវិស័យសណ្ឋាគារលក្ខណៈស្ដង់ដាកម្រិតពិភពលោក ដែលរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ AccorHotels មានសណ្ឋាគារល្បីៗនៅទូទាំងពិភពលោកសហការប្រតិបត្តិការរាប់ពាន់សណ្ឋាគារ ខណៈដែលត្រឹមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានរហូតដល់ 800 សណ្ឋាគារ ស្មើនឹងប្រមាណ160,000 បន្ទប់ នៅប្រទេសចំនួន17 ក្នុងនាមជាអ្នកដឹកនាំទីផ្សារលើវិស័យនេះ ។ ជាមួយគ្នានេះ ដោយសារតែសម្លឹងឃើញពីឱកាសទទួលបានទីផ្សារ រួមជាមួយនឹងគោលបំណងពង្រីកវិសាលភាពរបស់ខ្លួនផងដែរនោះ បច្ចុប្បន្ន ស្ថាប័នដ៏ល្បីមួយនេះបានមកបង្ហាញខ្លួននៅកម្ពុជា និងទទួលយកសណ្ឋាគារលំដាប់កំពូលចំនួន 4 ធ្វើជាសមាជិករបស់ខ្លួន ។
សណ្ឋាគារប្រណីត និងជាប់ជាលំដាប់កំពូលផ្នែកប្រតិបត្តិករប្រចាំនៅកម្ពុជាចំនួន 04 ដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីសមាជិករបស់ AccorHotels Group រួមមាន ៖ សណ្ឋាគារ Raffles Hotel Le Royal Phnom penh, សណ្ឋាគារ Raffles Grand Hotel D’Angkor, សណ្ឋាគារ Sofitel Phnom Penh Phokeethra និងសណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort ។
លោក Patrick Basset តំណាងស្ថាប័ន AccorHotels Group បានលើកឡើងថា ៖ ក្នុងនាមជាប្រធានប្រតិបត្តិការរបស់ AccorHotels Group នៅតំបន់អាស៊ីអាគ្នេយ៍ , តំបន់អាស៊ីភាគឦសាន , តំបន់ម៉ាល់ឌីវ និងក្នុងនាមជាប្រធានក្រុមនៃភាពចម្រុះក្នុងការដាក់បញ្ចូលសមាជិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ខ្ញុំមានសេចក្តីរីករាយក្នុងការគាំទ្រដល់សមាជិកថ្មីទាំង4 ដែលបានចូលរួមជាមួយ AccorHotes ។ នៅក្នុងឱកាសប្រកាសប្រាប់ និងបង្ហាញពីសមាជិកថ្មីនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra កាលពីពេលកន្លងទៅនេះ លោក Patrick Basset ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយដែលមានស្ថិរភាពនយោបាយ មានកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងឆ្នាំ2017នេះ អ្នកជំនាញបានធ្វើការព្យាករណ៍ថា ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ នឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់6,9ភាគរយ ខណៈដែលបណ្តាប្រទេសជិតខាងមួយចំនួនមានអត្រាកំណើនសេដ្ឋកិច្ចទាបជាងនេះ ។ លោកបានពន្យល់ទៀតថា ៖ ហេតុផលចម្បងដែល AccorHotels មកបង្ហាញខ្លួននៅកម្ពុជា មិនមែនដោយសារសម្លឹងឃើញត្រឹមតែកំណើនសេដ្ឋកិច្ចតែមួយនោះទេ ប៉ុន្តែកម្ពុជានៅមានចំណុចពិសេសជាច្រើនទៀត រួមជាមួយគោលបំណងរបស់ AccorHotels ចង់ពង្រីកវិសាលភាពរបស់ខ្លួនផងដែរ។ កម្ពុជា ជាគោលដៅសំខាន់មួយរបស់ AccorHotels ព្រោះតែកម្ពុជាប្រៀបបានទៅនឹងវត្ថុមានតម្លៃដែលមិនទាន់ច្នៃ ។ មិនថាវប្បធម៌ អរិយធម៌ ធនធានធម្មជាតិ ក៏ដូចជាសកម្មភាពដែលកំពុងរីកចម្រើននេពេលបច្ចុប្បន្ន សុទ្ធតែជាគោលដៅរបស់បណ្តាអ្នកវិនិយោគ ជាពិសេសផ្តល់ប្រយោជន៍ច្រើនដល់វិស័យទេសចរណ៍ ខណៈដែលផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចអាចទទួលបានផលល្អច្រើន។ យ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ផងដែរថា បើទោះបីជាកម្ពុជាមានភាពល្អប្រសើរដូចការលើកឡើងខាងលើនេះ ប៉ុន្តែបើនិយាយពីវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច គឺកម្ពុជាហាក់ដើរយឺតជាងបណ្តាប្រទេសជិតខាងមួយចំនួនប្រមាណជា1 ឬ 2 ជំហាន ទៅហើយ ជាក់ស្ដែងជាប្រទេសវៀតណាម និងប្រទេសថៃជាដើម។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក Patrick Basset ក៏បានបញ្ជាក់ផងដែរថា ៖ សម្រាប់ការបញ្ចូល ឬទទួលយកសមាជិកថ្មី គឺ AccorHotels មានគោលការណ៍ច្បាស់ ហើយក៏មានការពិនិត្យទៅលើកម្រិត ឬចំណាត់ថ្នាក់នៃសណ្ឋាគារដែលត្រូវបញ្ចូលជាសមាជិកផងដែរ ហើយត្រឡប់មកវិញ ចំពោះអត្ថប្រយោជន៍របស់សណ្ឋាគារជាសមាជិកដែលទទួលបានពី AccorHotels ក៏មានច្រើន ដែលក្រៅពីទទួលបានអតិថិជនចាស់មាននៅក្នុងដៃរបស់ AccorHotels នៅទូទាំងពិភពលោកនោះ គឺនៅទទួលបានការប្រឹក្សាទៅភាពជំនាញលើការគ្រប់គ្រងជាប្រព័ន្ធ ការបង្កើតគំនិតថ្មីលើការសេវាល្អឥតខ្ចោះដល់អតិថិជន ជាពិសេស អាចទទួលបានចំណូលច្រើនជាងបណ្តាសណ្ឋាគារនានាដែលជាដៃគូប្រកួតប្រជែងក្រោយការជួយជំរុញរបស់ AccorHotes Group ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ AccorHotels កំពុងតែរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា រួមជាមួយនឹងការចូលរួមជួយដល់សហគមន៍មូលដ្ឋានតាមរយៈការបង្កើតការងារការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការហាត់ការនៅតាមបណ្តាសណ្ឋាគារដែលជាដៃគូរបស់ខ្លួន។ តាមរយៈកម្មវិធីបង្កើនមូលនិធិ និងកម្មវិធីអាហារូបករណ៍ AccorHotes ក៏កំពុងជួយយុវជននៅកម្ពុជាឱ្យមានអនាគតភ្លឺស្វាង ដោយការបំប៉នឱ្យមានសមត្ថភាពគ្រប់គ្រាន់ពេញលេញលើជំនាញផ្នែកបដិសណ្ឋារកិច្ច។ ជាមួយគ្នានេះ AccorHotels ក៏បានជំរុញ និងបញ្ចូលនូវសសរស្តម្ភចម្រុះចំនួន4 ចូលទៅក្នុងបេសកកម្មរបស់ខ្លួនផងដែរ ដែលក្នុងនោះរួមមានដូចជា ៖ ការលើកកម្ពស់ យេនឌ័រ ពិការភាព មនុស្សស្រឡាញ់ភេទដូចគ្នា រួមជាមួយនឹងអ្នកប្តូរភេទផងដែរ ៕