ភ្នំពេញ៖ នៅថ្ងៃទី22 ខែវិច្ឆិកានេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំកម្មវិធីចែករំលែកបទពិសោធនល្អនៃសេវាកម្មអតិថិជន ក្រោមពាក្យស្លោក «យើងស្រឡាញ់អតិថិជនរបស់យើង» ដើម្បីផ្តល់នូវការកម្សាន្ត ភាពរីករាយ និងភាពភា្ញក់ផ្អើល ដល់គ្រប់អតិថិជន នៅគ្រប់សាខាទាំង១៣របស់ធនាគារ ទូទាំងប្រទេស។ ព្រឹត្តិការណ៍ដ៏រីករាយនេះ គឺជាការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្ររាល់ផលិតផល និងសេវាកម្មធនាគារ ក៏ដូចជាអបអរសាទរខួបគម្រប់៧ឆ្នាំ នៃប្រតិបត្តិការរបស់ធនាគារ CIMB នៅកម្ពុជាផងដែរ។
នៅក្នុងឱកាសដ៏ភ្ញាក់ផ្អើលនេះផងដែរ អតិថិជនទាំងអស់ ដែលអញ្ជើញមកសាខារបស់ធនាគារ CIMB បានទទួលនូវបទពិសោធថ្មីប្លែក ទៅលើការបម្រើសេវាកម្មអតិថិជនដោយផ្ទាល់ ពីប្រធាននាយកប្រតិបត្តិ (CEO) រួមទាំងគណៈគ្រប់គ្រងរបស់ធនាគារ។ ក្រៅពីការការចាប់រង្វាន់ និងទទួលបានកាដូអនុស្សាវរីយ៍ ពីធនាគារ CIMB អតិថិជនក៏ទទួលបានការបម្រើនំសម្រន់ និងភេសជ្ជៈឈ្ងុយឆ្ងាញ់ ព្រមទាំងការស្វាគមន៍ពីបុគ្គលិកសាខា ក្នុងសម្លៀកបំពាក់បែបប្រពៃណីខ្មែរផងដែរ។
លោកស្រី ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ CIMB បានឲ្យដឹងថា៖ «នៅធនាគារ CIMB យើង តែងតែ ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតលើសេវាកម្មអតិថិជន ថ្ងៃនេះយើងបង្កើតកម្មវិធីនេះឡើងជាពិសេសដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ធនាគារ ដើម្បីមក ស្វែងយល់ពីមតិយោបល់ អតិថិជន និងកែលម្អចំណុចខ្វះខាតទាំងឡាយ ដើម្បីឲ្យប្រាកដថា រាល់អតិថិជនទទួលបានការបម្រើសេវាកម្ម ដ៏ល្អប្រសើរ ។
លោកសម្អាត ដែលជាអតិថិជនរបស់ធនាគារ CIMB តាំងពីបើកដំណើរការធនាគារដំបូងមកម្ល៉េះ បានរៀបរាប់ពីបទពិសោធន៍ និងអារម្មណ៍ផ្ទាល់ខ្លួនថា៖ «ថ្ងៃនេះ ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន ហើយខ្ញុំមិនបានរំពឹងថា មានកម្មវិធីធនាគារពិសេសដូច្នេះពីមុនឡើយ។ ពេលមកដល់សាខានេះ ខ្ញុំឃើញបុគ្គលិកធនាគារស្លៀកពាក់បែបប្រពៃណី ហើយ CEO និងថ្នាក់ដឹកនាំរបស់ធនាគារ នៅក្នុងបញ្ជរ រួចបម្រើសេវាកម្មដល់ខ្ញុំ។ ខ្ញុំសូមសរសើរ ដែលធនាគារ CIMB យកចិត្តទុកដាក់ខ្ពស់ ដល់អតិថិជនដូច្នេះ»។
គួរបញ្ជាក់ផងដែរថា ក្នុងចំណោមសាខាទាំង១៣ របស់ធនាគារ CIMB នៅទូទាំងប្រទេស មានអតិថិជនសរុបប្រមាណ ១.០០០នាក់ ដែលបានចូលរួមរីករាយ និងមានភាពភ្ញាក់ផ្អើល ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ល្អនៃសេវាកម្មអតិថិជន អំឡុងពេលមួយថ្ងៃនេះ។ តាមរយៈភាពជោគជ័យនៃការយកចិត្តទុកដាក់ ដល់អតិថិជនទាំងអស់នេះ ធនាគារ CIMB នឹងនាំមកនូវកម្មវិធី ផ្សេងៗទៀត សម្រាប់ឆ្នាំថ្មីផងដែរ ដើម្បីឆ្លើយតបទៅនឹងការបន្តគាំទ្ររបស់អតិថិជនជាច្រើនឆ្នាំកន្លងមកនេះ ដែលជួយជម្រុញឲ្យធនាគារ CIMB មានការរីកចម្រើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ គិតចាប់តាំងពីពេលបើកដំណើរការអាជីវកម្មដំបូង ក្នុងខែវិច្ឆិកា ឆ្នាំ២០១០៕