
អង្គការស៊ីប៉ា គឺជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់ប្រទេសបារាំង ដែលបង្កើតឡើងនៅឆ្នាំ1982 ហើយអនុវត្តការងារដោយបុគ្គលិកខ្មែរប្រកបដោយវិជ្ជាជីវៈចំនួន 45នាក់។ ជាដៃគូយ៉ាងជិតស្និទ្ឋមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា អង្គការស៊ីប៉ាបានធ្វើការងារយ៉ាងសកម្មជាមួយប្រជាជន ក្រីក្រដើម្បីអភិវឌ្ឍការអាន និងប្រយុទ្ឋប្រឆាំងនឹងអនក្ខរកម្មនៅកម្ពុជា។ ដោយគោរពតាមបេសកម្ម «អាន និងរៀន គឺដើម្បីកសាងអនាគត» អង្គការស៊ីប៉ាបានជំរុញឱ្យមានលទ្ឋភាពក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពមួយតាមរយៈការបង្កើនការអាន និងការបោះពុម្ពសៀវភៅជាភាសាខ្មែរហើយចែកចាយទូទាំងខេត្តក្រុងក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃនេះ បណ្ណាល័យជាង 340 ត្រូវបានដាក់ឱ្យដំណើរការនៅតាមសាលារៀន មន្ទីរពេទ្យ សហគមន៏ក្រីក្រ រោងចក្រ និងពន្ធនាគារសម្រាប់អ្នកអាន និងអ្នករៀនសរុបជាង 600,000នាក់។ អង្គការស៊ីប៉ាក៏បានបោះពុម្ពសៀវភៅជាភាសាខ្មែរជាង 1,8លានក្បាលផងដែរ។
ដើម្បីបង្កើន «ការអាន និងរៀន គឺដើម្បីកសាងបរិស្ថានល្អមួយ» អង្គការស៊ីប៉ានឹងរៀបចំពិធីលៀងសាយភោជនសមោសរ (Gala Dinner) នៅថ្ងៃទី5 ខែធ្នូ ឆ្នាំ2017 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅប្រទេសកម្ពុជា។
គោលបំណងនៃកម្មវិធីនេះ គឺស្វែងរកមូលនិធិដើម្បីទ្រទ្រង់បណ្ណាល័យចល័តមួយសម្រាប់បង្កើនការអាន និងពង្រីកការអប់រំដែលទាក់ទងនឹងបរិស្ថានទៅដល់កុមារជាង 2,000 នាក់ក្នុងមួយឆ្នាំ។ សកម្មភាពកម្សាន្តដ៏ អស្ចារ្យជាច្រើននឹងត្រូវរៀបចំឡើងក្នុងកម្មវិធីនេះ រួមជាមួយការបង្ហាញសិល្បៈគំនូរបន្តផ្ទាល់ពីវិចិត្រករខ្មែរដ៏ ល្បីល្បាញម្នាក់គឺ កញ្ញា លីសា ម៉ម (Lisa Mam) ការបង្ហាញម៉ូតដោយប្រើប្រាស់សម្លៀកបំពាក់កែច្នៃ និងការដាក់ដេញថ្លៃផងដែរ។

រាត្រីដ៏មានអត្ថន័យនេះ នឹងមិនអាចកើតឡើងបានឡើយប្រសិនបើគ្មានការគាំទ្រអំពី សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Total ធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ក្រុមហ៊ុន Vinissimo និងសភាពាណិជ្ជកម្មបារាំងខ្មែរ (CCIFC)។
ជាចុងបញ្ចប់ នៅក្នុងរាត្រីដែលមិនអាចបំភ្លេចបាននេះ ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងឡាយនឹងអញ្ជើញ ទទួលទានម្លូបអាហារដ៏ឈ្ងុយឆ្ងាញ់ ជាមួយនឹងស្រាក្រហមដ៏មានឱជារស ការសម្តែងដ៏អស្ចារ្យ និងបង្កើនទំនាក់ទំនងយ៉ាងជោគជ័យ។ នេះក៏ជាឱកាសពិសេសមួយដើម្បីសិក្សាស្វែងយល់អំពីភាពជោគជ័យរបស់ អង្គការស៊ីប៉ារយៈពេល 35ឆ្នាំកន្លងមកនេះ ក្នុងការលើកកម្ពស់ការអាននៅក្នុងប្រទេសកម្ពុជា ព្រមជាមួយនឹងការអបអរសាទរដំណាច់ឆ្នាំសកលផងដែរ។
សំបុត្រអាចរកទិញបានតាមរយៈ https://www.last2ticket.com/en/events/535/
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមក
អង្គការស៊ីប៉ា
លោក លឹម ម៉េងហួរ ជំនួយការទំនាក់ទំនង
ទូរស័ព្ទ: 015 757680; Email: [email protected]
Website: https://www.sipar.org/en
Facebook: https://www.facebook.com/siparcambodia/

