ក្រុមហ៊ុនទាំង 12មកពីប្រទេសថៃ ដែលមានជំនាញរៀបចំកម្មវិធី និងព្រឹត្ដិការណ៍ធំៗស្ដង់ដារជាតិ និងអន្ដរជាតិ បានរៀបចំកម្មវិធី «ការចាប់ដៃគូពាណិជ្ជកម្មផ្នែករៀបចំព្រឹត្ដិការណ៍រវាងពាណិជ្ជករកម្ពុជា និងថៃ» នៅថ្ងៃម្សិលមិញនេះ ដើម្បីពិភាក្សាស្វែងរកដៃគូនៅកម្ពុជា ក៏ដូចជាអតិថិជនផងដែរ។
លោក ជីរ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានតំណាងពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃ បានលើកឡើងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិនៃក្រសួងពាណិជ្ជកម្មថៃបានដឹកនាំគណៈប្រតិភូចំនួន12ក្រុមហ៊ុនដែលមានអាជីវកម្មរៀបចំព្រឹត្ដិការណ៍ (Event) ដើម្បីចូលរួមក្នុងការមកចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនដែលមានជំនាញរៀបចំព្រឹត្ដិការណ៍ធំៗមកពីប្រទេសថៃទាំង12 ធ្លាប់មានបទពិសោធក្នុងការងារជំនាញនេះអស់រយៈពេលជិត50ឆ្នាំមកហើយ ដោយក្រុមហ៊ុនទាំងនេះធ្លាប់មានកេរ្កិ៍ឈ្មោះ និងទទួលបានការកោតសរសើរពីសំណាក់អតិថិជនដែលជាម្ចាស់ក្រុមហ៊ុនជាតិ និងអន្ដរជាតិចំពោះជំនាញ និងទេពកោសល្យដ៏ល្អរបស់ពួកគេ។
លោកបន្ដថា បច្ចុប្បន្នអ្នករៀបចំព្រឹត្ដិការណ៍របស់ប្រទេសថៃទាំងនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញនូវសក្ដានុពលដ៏ខ្លាំងក្លារបស់ខ្លួនឱ្យបានឃើញយ៉ាងច្បាស់នៅមុខក្រសែភ្នែកប្រជាជនទូទាំងពិភពលោក។ ពួកគេជឿជាក់ ហើយសម្លឹងឃើញទិសដៅដូចគ្នា និងឈានទៅមុខជាមួយអតិថិជន។ ជាងនេះទៅទៀត ពួកគេមានក្រុមការងារដែលមានជំនាញគ្រប់ផ្នែកដើម្បីឆ្លើយតបការរៀបចំកម្មវិធីព្រឹត្ដិការណ៍ផ្សេងៗនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។
នៅទីបញ្ចប់ លោកជីរ៉ាវុឍ សុវណ្ណាអាត បានថ្លែងថា ដូច្នេះយើងសង្ឃឹមថា វត្ដមានរបស់ក្រុមហ៊ុនទាំង12ដែលមានជំនាញរៀបចំព្រឹត្ដិការណ៍ ក៏ដូចជាម៉ៅការរៀបចំព្រឹត្ដិការណ៍ នឹងកាន់តែពង្រឹងទំនាក់ទំនងពាណិជ្ជកម្មលើវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕