ដំណើរកម្សាន្តលើកទី18 នៃមហាគ្រួសារ FORD ប្រចាំឆ្នាំ2024 ផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យដល់អតិថិជនជាមួយដំណើរកម្សាន្តបែបផ្សងព្រេងឆ្ពោះទៅក្រុងប៉ាកសេ ប្រទេសឡាវ

នេះគឺជាលើកទី 18 ហើយ ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្ត FORD មកកាន់ទីផ្សារប្រទេសកម្ពុជាបានរៀបចំដំណើរកម្សាន្តបោះជំរំរបស់មហាគ្រួសារអតិថិជនរថយន្ត FORD ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ ដំណើរកម្សាន្តបែបផ្សងព្រេងដ៏សប្បាយរីករាយនេះគឺពីមួយឆ្នាំទៅមួយឆ្នាំកាន់តែធំជាងមុន ដោយនៅក្នុងឆ្នាំ 2024 នេះ ក្រុមហ៊ុនបានបំបែកកម្មវិធីដំណើរកម្សាន្តប្រចាំឆ្នាំនេះជា 2វគ្គ ដែលមានរយៈពេល3 យប់ 4ថ្ងៃ ដោយវគ្គទីមួយចេញដំណើរនៅថ្ងៃទី 12 ដល់ថ្ងៃទី 15 ខែធ្នូ និងវគ្គទី 2 ចេញដំណើរពីថ្ងៃទី 19 ដល់ថ្ងៃទី 22 ខែធ្នូ ដោយសរុបទាំង 2ជើងនេះ មានក្បួនរថយន្ត FORD ចូលរួមសរុបជាង 200គ្រឿង លាយចម្រុះគ្រប់ម៉ូដែលនៃរថយន្ត FORD ដែលមានដូចជា ប្រភេទរថយន្ត Ford Ranger Wildtrak, Ford Ranger XLT, Ford Ranger Raptor ដែលជាប្រភេទរថយន្ត Pick-up និងរថយន្តប្រភេទ SUV មានដូចជាម៉ូដែល Ford Everest, Ford Territory និងរថយន្ត Ford Ecosport ជាដើម ដែលសរុបអ្នកចូលរួមទាំងអស់ប្រមាណជាជាង1,000នាក់ ដោយធ្វើដំណើរជាក្បួនដ៏ឱឡារិកចេញដំណើរពីរាជធានីភ្នំពេញនាពេលព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ឆ្ពោះទៅខេត្តស្ទឹងត្រែង ដោយបោះជំរំស្នាក់នៅក្នុងខេត្តស្ទឹងត្រែង1យប់ រួចក្បួនរថយន្ត FORD ក៏បានបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងប៉ាកសេ ស្ថិតក្នុងទឹកដីនៃប្រទេសឡាវ ដោយបោះជំរំស្នាក់នៅទីនោះរយៈពេល2យប់។

គួរបញ្ជាក់ផងដែរថា ដំណើរកម្សាន្តដ៏សែនរីករាយនេះបានរៀបចំឡើងដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដោយ​សហការជាមួយធនាគារ BSP Finance PLC., ធនាគារ KB Daehan (KB Daehan Specialized Bank Plc.,) ដែលជាធនាគារផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អនៅក្នុងប្រទេសកម្ពុជា, ក្រុមហ៊ុន Hanuman Beverage Co.,​ Ltd. និង​មានការ​ចូលរួមសហការ​ឧបត្ថម្ភ​ពី​​ក្រុមហ៊ុន EFG (Express Food Group) ដែល​មានដូចជា ហាង The Pizza Company, ភោជនីយដ្ឋាន​ស៊ុប និងសាច់​អាំង Bar-B-Q Plaza, ហាងកា​រ៉េ​ម Dairy Queen, ហាងការ៉េម Swensens, ហាងនំ Krispy Kream Donut, ទឹក​ផ្លែ​ឈើ Boost, តែ​គុ​ជ Kamu.Kamu, ហាង​នំ​បុ័ង Tour Les Jours, ក្រុមហ៊ុនធានារ៉ាប់រង CB General Insurance និង ធនាគារ AEON Specialized Bank (Cambodia) PLC.។

បើយោងតាមប្រសាសន៍របស់លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃរថយន្ត FORD របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានឱ្យដឹង​ថា ជារៀងរាល់ឆ្នាំក្រុមហ៊ុនតែងតែរៀបចំដំណើរកម្សាន្តជាលក្ខណៈគ្រួសារធំនេះឡើងក្នុងគោលបំណងធំគឺ ជាការថ្លែងអំណរគុណទៅដល់អតិថិជនរថយន្ត FORD ទាំងអស់ ដែលតែងតែគាំទ្រដល់ក្រុមហ៊ុន ហើយក្រុមហ៊ុនក៏ចង់ឱ្យអ្នកចូលរួមទាំងអស់ដែលជាសមាជិកគ្រួសាររថយន្ត FORD បានជួបជុំគ្នាជាលក្ខណៈគ្រួសារធំ បានស្គាល់គ្នា និងអាចផ្លាស់ប្តូរធួរកិច្ចគ្នាទៅវិញទៅមក ព្រមទាំងទទួលបាននូវបទពិសោធន៍ក្នុងការធ្វើដំណើរជាក្បួនរថយន្តជាច្រើនរហូតដល់ជាង200គ្រឿង និងបទពិសោធន៍ថ្មីក្នុងការបោះជំរំគេងជុំគ្នាបែបលក្ខណៈផ្សងព្រេងផងដែរ។

ដំណើរកម្សាន្តមហាគ្រួសារ FORD ឬ FORD Adventure ឆ្នាំ2024នេះ ពិតជាធំ និងមានអ្នកចូលរួមច្រើនខ្លាំងណាស់ ដោយគ្រប់អតិថិជនរបស់រថយន្ត FORD ទាំងអស់សុទ្ធតែមានសិទ្ធិក្នុងការចូលរួមនៅក្នុងកម្មវិធីដំណើរកម្សាន្តដ៏រីករាយនេះ ដោយគ្រាន់តែលោកអ្នកធ្វើការចុះឈ្មោះចូលរួមឱ្យបានទាន់ពេលវេលា នោះលោកអ្នក និងក្រុមគ្រួសារនឹងទទួលបាននូវបទពិសោធន៍ថ្មីជាមួយការបើកបររយន្ត FORD ឆ្លងប្រទេសយ៉ាងមានទំនុកចិត្ត និងមានសុវត្ថិភាពជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ ចំពោះកម្មវិធីកម្សាន្តសប្បាយៗ ដែលមាននៅក្នុងដំណើរកម្សាន្ត FORD Adventure ក្នុងឆ្នាំ2024នេះ មានដូចជា ការបោះជំរំគេងជុំគ្នា ការជិះរថយន្ត FORD ជាក្បួនដ៏អស្ចារ្យឆ្លងខេត្ត ឆ្លងប្រទេស ទៅទស្សនានៅតាមរមណីដ្ឋានទឹកធ្លាក់ ខនផាក់ផេង (Khone Phapheng Waterfall), ទឹកធ្លាក់ Tad Gneuang និងប្រាសាទវត្តភូនៅលើទឹកដីប្រទេសឡាវ ហើយតាមរយៈការធ្វើដំណើរបែបផ្សងព្រេងនេះ អតិថិជន FORD ទាំងអស់ក៏ទទួលបាននូវបទពិសោធថ្មីក្នុងការបើកបរលើប្រភេទផ្លូវដែលមានភាពបត់បែនច្រើន ផ្លូវគ្រួស និងការបើកបររថយន្តជាក្បួនដែលមានរហូតដល់ជាង130រថយន្តក្នុងមួយជើងៗ ដោយមានរថយន្តសារ៉ែននាំផ្លូវ និងហែហមយ៉ាងអធិកអធមផងដែរ។ អ្វីដែលកាន់តែពិសេស និងជាការចងចាំមិនអាចបំភ្លេចបានរបស់សមាជិកគ្រួសារ FORD នោះគឺ កម្មវិធីកម្សាន្តជួបជុំគ្នានាពេលរាត្រី ដោយមានការច្រៀងរាំលេងកម្សាន្តជួបជុំគ្នាយ៉ាងសប្បាយរីករាយ ពេញដោយភាពស្និតស្នាល និងពោរពេញដោយការចងចាំល្អៗមិនអាចបំភ្លេចបាន។

គួររំឭកផងដែរថា គ្រប់កម្មវិធីដំណើរកម្សាន្តមហាគ្រួសារ FORD ជារៀងរាល់លើកគឺក្រុមហ៊ុនមិនដែលរំលងនោះទេ ក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយនឹងកម្មវិធីសប្បុរសធម៌ជានិច្ច ដើម្បីជាការចូលរួមជួយដល់ប្រទេសជាតិ និងជួយដល់ជនទុរគត ដែល​កំពុងជួបការលំបាកនៅក្នុងជីវភាពរស់នៅរបស់ពួកគេ។ ការផ្សារភ្ជាប់ភាពរីករាយនៃដំណើរកម្សាន្ត ជាមួយនឹងការងារសប្បុរធម៌បែបនេះ គឺជាការបណ្តុះគំនិតដល់យុវជនខ្មែរជំនាន់ក្រោយឱ្យចេះជួយគ្នាទៅវិញទៅមក ឱ្យមានសេចក្តីសន្តោសប្រណីដល់ជនទីទាល់ក្រ និងឱ្យពួកគេចេះស្រឡាញ់រាប់អានគ្នាដោយមិនរើសអើងឋានៈទាបខ្ពស់ផងដែរ។

ព្រឹត្តិការណ៍ដំណើរកម្សាន្តមហាគ្រួសារ FORD ឬ FORD Adventure ឆ្នាំ2024នេះ គឺពិតជាអស្ចារ្យខ្លាំងណាស់ ហើយអ្នកចូលរួមទាំងអស់ក៏ពេញចិត្តចំពោះការរៀនចំ និងការស្វាគមន៍ដ៏កក់ក្តៅរបស់ក្រុមការងារនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ជាខ្លាំង ទាំងកន្លែងដើរលេងកម្សាន្ត ទាំងកន្លែងស្នាក់នៅ ទាំងអាហារហូបចុក ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗពេញរយៈពេល4ថ្ងៃ 3យប់នេះ គឺពិតជាសប្បាយរីករាយ និងទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើន នេះគឺជាកាដូដ៏មានអត្ថន័យបំផុតរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ជូនទៅដល់អតិថិជនដែលតែងតែគាំទ្ររថយន្ត FORD៕

Leave a Comment