ជាការបង្ហាញពីការស្វាគមន៍ចំពោះវត្តមានថ្មីរបស់អាកាសយានិកកម្ពុជា ដែលចូលមកបម្រើនៅក្នុងវិស័យហោះហើរលើការដឹកជញ្ជូនតាមផ្លូវអាកាសបន្ទាប់ពីបានទទួលការបណ្តុះបណ្តាលពី Viet Flight Training ចំនួន4រូប និងការទទួលបានវិញ្ញាបនបត្រផ្នែកសុវត្ថិភាព សមត្ថភាព (IOSA) ពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ក៏ដូចជាការសាទរនូវកិច្ចព្រមព្រៀង (MOU) ជាមួយក្រុមហ៊ុន E-money ផងនោះ ក្រុមហ៊ុន អាកាសចរណ៍ អាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) បានរៀបចំពិធីអបអរសាទរយ៉ាងរីករាយ និងអធិកអធមបំផុតនៅសណ្ឋាគារ អាំងទែកុងទីណង់តាល់(Intercontinental) ក្រោមការចូលពីសំណាក់ថ្នាក់ដឹកណាំក្រុមហ៊ុន បណ្តាបុគ្គលិក រួមទាំងភ្ញៀវជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ ។
ថ្លែងទៅកាន់ពិធីទាំងមូល ឯកឧត្តម តឹក រ៉េចសំរេច រដ្ឋលេខាធិកានៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ បានលើកឡើងថា ៖ កម្ពុជា អង្គរ អ៊ែរ គឺជាក្រុមហ៊ុនមួយដែលទទួលបានភាពជោគជ័យលើការបម្រើសេវាដឹកជញ្ជូនតាមផ្លូវអាកាសគួរជាទីមោទន ។ ជាក់ស្ដែង នៅត្រឹមរយៈពេល8ឆ្នាំ នៃប្រតិបត្តិការណ៍ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរទាំងនៅក្នុងប្រទេស និងក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងគុណភាពនោះ គឺយើងតែងទទួលបានការកោតសរសើរ និងជឿទុកចិត្តពីសំណាក់ភ្ញៀវដែលធ្វើដំណើរទៅលើការយកចិត្តទុកដាក់ទៅលើសេវាកម្មបម្រើប្រកបដោយភាពកក់ក្ដៅ។ លើសពីនេះទៅទៀត អ្វីដែលជាមោទនភាពបំផុតចំពោះក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ គឺកាលពីពេលកន្លងទៅថ្មីៗនេះ យើងទទួលបានវិញ្ញាបនបត្រផ្នែកសុវត្ថិភាព សមត្ថភាព (IOSA) ពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដែលវាជាប្រវត្តិសាស្ត្រ និងជាលើកដំបូងគេបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ។
ឯកឧត្តមបានបន្តទៀតថា ៖ ជាមួយនឹងប្រតិបត្តិការយ៉ាងសកម្មរបស់ កម្ពុជា អង្គរ អ៊ែរ នាពេលនេះ អ្វីដែលជាមោទនភាពធំបំផុតចំពោះកម្ពុជានោះ ថ្ងៃយើងបានស្វាគមន៍វត្តមានថ្មីរបស់អាកាសយានិកវ័យក្មេងរបស់កម្ពុជាចំនួន4នាក់ ដែលបានបញ្ចប់ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនការហោះហើរ Viet Flight Training ហើយវាក៏ជាប្រវត្តិសាស្ត្រថ្មីនៃការបណ្តុះបណ្តាលអាកាសយានិកជំនាន់ក្រោយរបស់កម្ពុជាផងដែរ ។ ជាមួយគ្នានេះ យើងនៅតែប្តេជ្ញាពង្រឹង និងពង្រីកសេវាបម្រើលើវិស័យអាកាសចរណ៍នៅកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដែលវាស្របទៅនឹងពាក្យស្លោករបស់ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ ថា «បម្រើព្រះរាជាណាចក្រកម្ពុជាដោយមោទនភាព» ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនៃកិច្ចស្វាគមន៍វត្តថ្មីរបស់អាកាសយានិកវ័យក្មេងទាំង4រូប ជាប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលនោះ ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ ក៏បានប្រកាសពីការធ្វើកិច្ចសហការជាមួយក្រុមហ៊ុន E-money ដោយរាល់ការទិញសំបុត្រយន្តហោះ អតិថិជនអាចធ្វើការបញ្ជាទិញជាមួយគណនី E-money ឬតាមរយៈបញ្ជរនានាដែលជាបណ្តាញរបស់ក្រុមហ៊ុន E-money បាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈកិច្ចហការរវាងក្រុមហ៊ុនទាំង2 នេះ ពិតជាបានបង្កភាពងាយស្រួល និងផ្តល់ជម្រើសកាន់តែប្រសើរចំពោះអតិថិជនទូទៅផងដែរ ៕