ដោយសម្លឹងឃើញពីតម្រូវការ និងក្ដីព្រួយបារម្ភរបស់សិស្ស-និស្សិត ដែលត្រូវបន្តការសិក្សានៅថ្នាក់ឧត្តម ទើបក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខគេនៅកម្ពុជា Directions Advertising បានរៀបចំវេទិកា ឧត្តមសិក្សា កម្ពុជា-អន្តរជាតិ ឆ្នាំ2017 ដ៏ធំ និងដំបូងគេបំផុតនៅកម្ពុជាដែលមានរយៈពេល3ថ្ងៃ ចាប់ពីថ្ងៃទី29 ខែកញ្ញា រហូតដល់ទី01 ខែតុលា ឆ្នាំ2017 នៅសាលកោះពេជ្រ និងបានបញ្ចប់ទៅយ៉ាងជោគជ័យ ។
នៅក្នុងព្រឹត្តិការណ៍នេះ សិស្ស-និស្សិត និងឪពុក-ម្តាយទាំងអស់ បានជួបជាមួយតំណាងនៃបណ្តាសាកលវិទ្យាល័យជាតិ និងអន្តរជាតិ ដែលផ្តល់នូវជម្រើស និងឱកាសសម្រាប់យុវជនកម្ពុជាអាចស្វែងយល់ពីកម្មវិធីសិក្សា និងចំណុចសំខាន់ៗ ចាំបាច់សម្រាប់ការសម្រេចចិត្តដែលមានឥទ្ធិពលដល់អនាគត់របស់ពួកគេ។
សិស្ស-និស្សិត រួមជាមួយអាណាព្យាបាល ក៏ដូចជាអ្នកតំណាងសាកលវិទ្យាល័យជាតិ-អន្តរជាតិ ព្រមទាំងអ្នកតំណាងក្រុមហ៊ុនធំៗសរុបជា1ម៉ឺននាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះដើម្បីទទួលយក និងផ្ដល់ជូននូវសេវាកម្មពាក់ព័ន្ធទៅនឹងវិស័យអប់រំ។ ចំណុចលេចធ្លោបំផុតនៃវេទិកានេះ គឺមានការចូលរួមពីវាគ្មិនជាច្រើននាក់ ដូចជា សាស្ត្រាចារ្យ អ្នកជំនាញ អ្នកឯកទេស ដែលបានចែករំលែកនូវបទពិសោធន៍ទៅដល់សិស្ស-និស្សិត ដែលកំពុងត្រូវការជាចាំបាច់នូវព័ត៌មានអំពីអាជីពដែលសមស្របនឹងទីផ្សារការងារ រួមជាមួយការអភិវឌ្ឍផ្សេង។ ក្នុងនោះក៏មានវេទិកាពិភាក្សាតាមរយៈសំណួរ-ចម្លើយ ដែលបានបង្ហាញឱ្យឃើញពីចំណាប់អារម្មណ៍ និងការយល់ដឹងកម្រិតខ្ពស់ពីសំណាក់យុវជនកម្ពុជាផងដែរ ។
ថ្លែងនៅក្នុងកិច្ចប្រកាសបើកវេទិកា លោក គង់ សុជាតិ អ្នកគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន Directions Advertising បានលើកឡើងថា «យើងពិតជារីករាយ ដោយអ្នកចូលរួមទាំងអស់មានការពេញចិត្តនឹងវេទិកានេះតាមរយៈការទទួលបាននូវចំណេះដឹង និងព័ត៌មានប្រកបដោយគុណប្រយោជន៍។ យើងបានធ្វើសម្ភាសន៍ដោយផ្ទាល់ជាមួយសិស្ស-និស្សិត និងអាណាព្យាបាលដែលបានចូលរួមនៅក្នុងវេទិកាមួយនេះពីចំណាច់អារម្មណ៍របស់ពួកគាត់ ហើយចម្លើយដែលយើងទទួលបានគឺ វិជ្ជមាន គួរជាទីមោទនៈ ខណៈដែលនៅមានចំណុចដែលគួរឱ្យកត់សម្គាល់នៅក្នុងវេទិកានេះមួយទៀត គឺការចូលរួមសហការពីបណ្តាក្រុមហ៊ុនធំៗជាង15 ក្នុងនាមជាអ្នកឧត្ថម្ភ និងតាំងបង្ហាញស្ដង់ផ្សព្វផ្សាយផលិតផលរបស់ខ្លួនយ៉ាងស្រស់ស្អាត ៕