Skip to content

CIMB បើក​ការ​ប្រកួតជួញដូរ​ភាគហ៊ុន​ប្រចាំ​តំបន់​អាស៊ាន​លើក​ទី៨ប្រាក់​រង្វាន់​៤ម៉ឺនដុលារ និង​ដំណើរ​កម្សាន្ដ​ទៅជប៉ុន

ភ្នំពេញៈ កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ២០១៧ ត្រឡប់មក សារជាថ្មី ជាមួយ នឹង​ប្រាក់រង្វាន់សរុប 40,000ដុល្លារអាមេរិក និងដំណើរកម្សាន្តទៅកាន់ផ្សារភាគហ៊ុនទីក្រុងតូក្យូ ប្រទេសជប៉ុន សម្រាប់ជ័យលាភីឆ្នាំនេះ។

កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន (CIMB ASEAN Stock Challenge) បានត្រឡប់មកវិញ ក្នុងឆ្នាំទី៨ ដែលនិស្សិតសាកលវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងប្រទេសប្រ៊ុយណេ អាចចុះឈ្មោះចូលរួមប្រកួតបាន។

ការ​ប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ២០១៧​ មានប្រាក់រង្វាន់សរុប 40,000​ដុល្លារអាមេរិក ហើយវគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់ នឹងត្រូវធ្វើឡើងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ខណៈដែលក្រុមជើងឯកថ្នាក់តំបន់ នឹងបានធ្វើដំណើរកម្សាន្តទៅកាន់ផ្សារភាគហ៊ុនទីក្រុងតូក្យូ ប្រទេសជប៉ុន។

 បេក្ខជនប្រឡង នឹងធ្វើការប្រកួតប្រជែងទៅលើជំនាញវិនិយោគរបស់ខ្លួន ផ្អែកលើពេលវេលាជាក់ស្តែងនៃផ្សារ​ភាគហ៊ុន ដែលពួកគេអាចជួញដូរនៅលើទីផ្សារភាគហ៊ុនធំៗទាំង៥ ក្នុងតំបន់ រួមមាន​ផ្សារភាគហ៊ុន​ប៊ូរសាម៉ាឡេស៊ី (Bursa Malaysia) ផ្សារភាគហ៊ុន​ឥណ្ឌូណេស៊ី (IDX) ​ផ្សារភាគហ៊ុន​​សិង្ហបុរី​ (SGX) ​ផ្សារភាគហ៊ុន​​ថៃ (SET) និងផ្សារភាគហ៊ុន​​ហុងកុង (HKEx)។ កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ក្នុងឆ្នាំនេះ គឺកាន់តែពិសេសពីឆ្នាំមុន ដោយបាននាំយកនូវកម្មវិធី Mobile App ថ្មី ដែលផ្តល់ភាពងាយស្រួល ដល់ក្រុមប្រកួត ក្នុងការវិភាគទិន្នន័យ និងការជួញដូរភាគហ៊ុន។

Dato’ Hamidah Naziadin ប្រធាននាយិកាប្រតិបត្តិធនធានមនុស្ស របស់ CIMB Group បានឲ្យដឹងថា៖ «ស៊ីអាយអិមប៊ី តែងតែបន្តលើកកម្ពស់ការអភិវឌ្ឍយុវជន ក្នុងតំបន់អាស៊ាន ហើយកម្មវិធីកម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី លើកទី៨នេះ នឹងកាន់តែពិសេស ដោយបេក្ខជនប្រឡង នឹងត្រូវមានភាពច្នៃប្រឌិត និងការប្រកួតប្រជែងខ្ពស់ ដើម្បីក្លាយជាជើងឯកថ្នាក់តំបន់។ ហើយកម្មវិធីឆ្នាំនេះអនុញ្ញាតឲ្យក្រុមប្រឡង ប្រកួតប្រជែង ដោយប្រើប្រាស់កម្មវិធី Mobile ហើយជួយឲ្យពួកគេ បង្កើតការវិភាគទិន្នន័យលម្អិត ដើម្បីព្យាករណ៍ការប្រែប្រួលតម្លៃបានកាន់តែប្រសើរ»។

សម្រាប់ថ្នាក់ជាតិ បេក្ខជនប្រឡងត្រូវប្រកួតប្រជែងគ្នា នៅតាមប្រទេសរៀងៗខ្លួន ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី២៧ ខែតុលា ជាមួយសាច់ប្រាក់សរុប ៨០ ០០០ដុល្លារអាមេរិក សម្រាប់ការជួញដូរ។ ហើយបីក្រុមដែលទទួលបានផលចំណេញវិនិយោគច្រើនជាងគេ នៅពេលបញ្ចប់ការជួញដូរ នឹងត្រូវយកមកធ្វើការសម្រេចជាចុងក្រោយ ផ្អែកលើសំណេរយុទ្ធសាស្រ្តរបស់ពួកគេ។

ក្រុមដែលមានសំណេរយុទ្ធសាស្រ្តល្អបំផុត នឹងក្លាយជាម្ចាស់ជើងឯកថ្នាក់ជាតិ ក្នុងប្រទេសរបស់ខ្លួន។ ក្រុមជើងឯក​​ចំណាត់​ថ្នាក់​លេខ​១ នឹងទទួល​បានប្រាក់រង្វាន់​ ៨០០ ដុល្លារ​អាមេរិក ចំណាត់​ថ្នាក់​លេខ​២ ទទួល​បាន ៥០០ ដុល្លារ​អាមេរិក ​និង​ចំណាត់​ថ្នាក់​លេខ​៣ ទទួល​បាន​ ៤០០ដុល្លារអាមេរិក។

ក្រុមជើងឯកមកពីប្រទេសទាំង៥ នឹងមកប្រកួតគ្នាក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីដណ្តើមជើងឯកថ្នាក់តំបន់។​ តាមរយៈលក្ខខណ្ឌនៃការប្រឡង ក្រុមនីមួយៗនឹងទទួលបានប្រវត្តិទិន្នន័យនៃផ្សារភាគហ៊ុនទាំង៥ ដើម្បីវិភាគ និងជ្រើសរើសភាគហ៊ុនមួយ ដែលគិតថាអាចទទួលបានការចំណេញច្រើនបំផុត។

បន្ទាប់មក ក្រុមប្រឡងត្រូវធ្វើបទបង្ហាញអំពីយុទ្ធសាស្រ្តរបស់ខ្លួន មុនពេលគណៈកម្មការ សម្រេចជ្រើសរើស​ក្រុមជើងឯក។ជាលទ្ធផល ក្រុមជើងឯកនឹងបានធ្វើដំណើរកម្សាន្ត ទៅកាន់ផ្សារភាគហ៊ុនតូក្យូ ប្រទេសជប៉ុន ជាមួយប្រាក់រង្វាន់ ១២ ០០០ដុល្លារអាមេរិក ហើយក្រុមជើងឯករងទទួលបាន ៨ ០០០ដុល្លារអាមេរិក ក្រុមលេខ៣ ទទួលបាន ៥ ០០០ដុល្លារអាមេរិក ក្រុមលេខ៤ ទទួលបាន ២ ៥០០ដុល្លារអាមេរិក និងក្រុមលេខ៥ ទទួលបាន ១ ៥០០ដុល្លារអាមេរិក។

កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ានឆ្នាំនេះ បានសហការជាមួយក្រសួងអប់រំ​ឧត្តមសិក្សាម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជាដើម។ ហើយក្នុងឆ្នាំមុននេះដែរ ក្រុមជើងឯក​ថ្នាក់ជាតិរបស់កម្ពុជា គឺក្រុម The Visionary ដណ្តើមបានជ័យលាភីលេខ៤ នៃកម្មវិធីប្រកួតតំបន់អាស៊ាននេះ។

ក្រុមទាំងអស់អាចចុះឈ្មោះអនឡាញតាមរយៈ https://stockchallenge.itradecimb.com ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ២០១៧។

Leave a Reply

Your email address will not be published. Required fields are marked *