ពិព័រណ៍ទំនិញ STYLE គឺជាមហាព្រឹត្តិការណ៍ដ៏ធំបំផុត នឹងត្រូវរៀបចំឡើងដោយនាយដ្ឋានជំរុញពាណិជ្ជកម្មក្រៅប្រទេសនៃក្រសួងពាណិជ្ជកម្មប្រទេសថៃ ក្រោមការសហការចូលរួមយ៉ាងផុលផុសពីសំណាក់បណ្តាក្រុមហ៊ុនជាតិ-អន្តរជាតិមកពីបណ្តាប្រទេសនានាលើពិភពលោកសរុបប្រមាណ1000ក្រុមហ៊ុន ស្មើនឹងប្រមាណជាង 2000 ស្ដង់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 17 រហូតថ្ងៃទី 21 ខែតុលា ឆ្នាំ2017 ខាងមុខនេះ នៅក្នុងមជ្ឈមណ្ឌលរៀបចំកម្មវិធី និងប្រជុំ បៃថេគ បាងណា នាទីក្រុងបាងកក ប្រទេសថៃ ក្នុងគោលបំណងបង្កើនឱកាសងាយស្រួលដល់វិនិយោគិននានា ដើម្បីចាប់ដៃសហការធ្វើអាជីវកម្មរួមគ្នា។
លោក ជីរ៉ាវុឍ សុវណ្ណអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានបញ្ជាក់ថាដោយផ្អែកទៅលើការអភិវឌ្ឍនៅប្រទេសកម្ពុជាដែលមានការរីកចម្រើនខ្លាំង គួបផ្សំនឹងការរក្សាបាននូវកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ បានធ្វើឱ្យពាណិជ្ជករថៃក៏ដូចជាក្រុមហ៊ុនធំៗជាច្រើនមានការចាប់អារម្មណ៍លើទីផ្សារកម្ពុជាយ៉ាងខ្លាំង។ លោកបន្ដថា បច្ចុប្បន្ននេះ ក្រៅពីមានក្រុមហ៊ុនពាណិជ្ជកម្មផ្នែកសំណង់ សម្ភារប្រើប្រាស់ក្នុងផ្ទះ ម្ហូបអាហារ ក៏ដូចជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗជាច្រើនទៀតនោះ ក៏នៅមានក្រុមហ៊ុនវិនិយោគលើផ្នែកកម្សាន្តផងដែរ។ ប៉ុន្តែសម្រាប់មហាព្រឹត្តិការណ៍ដែលកំពុងតែរៀបចំ និងប្រកាសបើកជាផ្លូវការនាពេលខាងមុខ ដែលមានឈ្មោះថា «ពិព័រណ៍ទំនិញ STYLE ដែលនឹងប្រព្រឹត្តទៅរយៈពេល 5ថ្ងៃ ចាប់ពីថ្ងៃទី17-21 ខែតុលា ឆ្នាំ2017 ខាងមុខនេះ វាគឺជាកម្មវីធីដ៏ធំសម្បើមមួយប្រចាំឆ្នាំ ក្រោមការបញ្ចូលគ្នានៃពិព័រណ៍ធំៗចំនួន3របស់ប្រទេសថៃ ជាមួយនឹងកិច្ចសហការយ៉ាងពេញទំហឹងពីសំណាក់សមាគមពាក់ព័ន្ធចំនួន 24 ផ្សេងទៀត ដែលកាន់តែជួយបង្កភាពងាយស្រួល ក៏ដូចជាបង្កើនឱកាសទំនាក់ទំនងរវាងអ្នកវិនិយោគកម្ពុជា-ថៃ ឱ្យកាន់តែមានភាពងាយស្រួលជាទីផុត ។
ជាមួយនឹងការរៀបចំមហាព្រឹត្តិការណ៍ «ពិព៍រណ៍ទំនិញ STYLE» នេះ គណៈរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ក៏រំពឹងផងដែរថា ក្រៅពីជាវិធីបង្កភាពងាយស្រួលដល់អ្នកវិនិយោគនោះ កម្មវិធីមួយនេះក៏អាចទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណ6ម៉ឺននាក់ មកពីបណ្តាប្រទេសផ្សេងៗ ជាពិសេស សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា អូស្ត្រាលី និងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ។ សម្រាប់អ្នកដែលមានបំណងចង់ចូលរួម អាចទំនាក់ទំនងបានតាមរយៈ https://traderegistration.ditp.go.th/accounts/login/ls
គួរបញ្ជាក់ផងដែរថា សម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ថៃ រយៈពេល 7 ខែ ដើមឆ្នាំ2017 នេះ មានចំនួន 3.400 លានដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ 9,3 % បើប្រៀធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2016 ៕