ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំងជំនាន់ទី២៣, ២៤ និង២៥ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណ ១០០នាក់ នឹងធ្វើការរៀបចំគម្រោងដំណើរទស្សនកិច្ចសិក្សា ក្រោមអត្ថន័យមនុស្សធម៌ សង្គម និងបរិស្ថាន ទៅកាន់រមណីយដ្ឋានវីគិរីរម្យ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុចាប់ពីថ្ងៃទី០៤ ដល់ ០៦ ខែឧសភា ឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “Feel the Green, Feel the Warmth” ក្នុងអត្ថន័យបង្កើតក្ដីស្រឡាញ់ចំពោះធម្មជាតិ ថែរក្សាបរិស្ថាន និងផ្តល់ភាពកក់ក្ដៅតាមរយៈសាមគ្គីភាពរវាងគ្នា និងគ្នា។ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា ទស្សនកិច្ចសិក្សារយៈពេល ៣ថ្ងៃនេះ នឹងប្រព្រឹត្តឡើងដោយមានសកម្មភាពមួយចំនួនដូចជា៖ ការសំអាតតាមបណ្តោយឆ្នេរ និងការរាំជាក្រុមទ្រង់ទ្រាយធំ (Flash mob)។ គោលបំណងចម្បងគឺដើម្បីបង្ហាញពីតួនាទីយុវជនកម្ពុជាក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាបរិស្ថាន និងផ្ដល់ជាសារក្រើនរំលឹកស្តីពីការថែទាំបរិស្ថានដល់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតាមតំបន់ឆ្នេរ។
លើសពីនេះទៀត ក្រុមនិស្សិតនឹងរៀបចំផងដែរនូវការប្រគំតន្តី្រខ្នាតតូចនៅលើឆ្នេរអូរឈើទាល ដោយមានវត្តមាននៃការចូលរួមទស្សនាផ្ទាល់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការតាំងពិព័រណ៍សម្ភារៈកែច្នៃឡើងវិញដោយស្នាដៃរបស់ក្រុមនិស្សិតផ្ទាល់ និងសកម្មភាពចម្បងមួយទៀតដែលជាសូចនករនៃការបង្កើតកម្មវិធីនេះ គឺការដាំដើមកោងកាងក្នុងគោលបំណងលើកស្ទួយ និងអភិរក្សតំបន់ឡូត៌នេសាទនៅតាមតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ក្រៅពីសកម្មភាពបរិស្ថាន ដំណើរទស្សនកិច្ចនេះក៏ផ្តោតលើកិច្ចការមនុស្សធម៌ផងដែរ។ ក្រុមនិស្សិតនឹងនាំយកនូវថវិកា ស្បៀងអាហារ សម្ភារៈសិក្សា និងសម្លៀកបំពាក់ក្នុងគោលបំណងបរិច្ចាគជូនក្មេងកំព្រា និងសិស្សក្រីក្រនៅអង្គការ “រួមដៃគ្នាដើម្បីក្តីសង្ឃឹម” ឬ “Give a Hand for Hope Organization” ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។
មកទល់បច្ចុប្បន្ននេះ យើងទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន MyPhsar.com រួមទាំងការសហការឧបត្ថម្ភដោយក្រុមហ៊ុនមួយចំនួនទៀត ដូចជា៖ Toyota (Cambodia), vKirirom Pine Resort, Huawei Mobile, PastaMania Cambodia, Coca Cola, Vodka Cruiser, BookingSentral និង La Reine Peanich៕