ភ្នំពេញ៖ កាលពីថ្ងៃទី 4 ខែកញ្ញាឆ្នាំ 2017 ប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (HAP) បានឧបត្ថម្ភកុំព្យូទ័រចំនួន15 គ្រឿងនិងម៉ាស៊ីនបោះពុម្ពមួយគ្រឿងទៅឱ្យវិទ្យាល័យព្រែកឯង។ ពិធីប្រគល់អំណោយនេះក្រោមអធិបតីភាពលោក Dato’ Sri Idris Jala និងលោកស្រី Mrs. Tineke Eusman តំណាងប្រធាន ក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និង លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅលោកប៉ាងវិសុទ្ធ នាយកសាលា លោកអ្នកគ្រូបង្រៀននិងសិស្សានុសិស្សនៃសាលាវិទ្យាល័យព្រែកឯង ។
លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯង បានចែករំលែកពីការលំបាកដែលសិស្សានុសិស្សបានជួបប្រទះដោយសង្កត់ធ្ងន់ថា កន្លងមកសាលានេះបានបង្រៀនសិស្សជាច្រើនជំនាន់លើមុខវិជ្ជាកុំព្យូទ័រ ប៉ុន្តែកុំព្យូទ័រទាំងអស់ចាស់ហើយមិនអាចប្រើកើតទេ។ ដូច្នេះលោកគ្រូអ្នកគ្រូ ត្រូវយកកុំព្យូទ័រផ្ទាល់ខ្លួនមកបង្រៀនសិស្សអំពីទ្រឹស្តីកុំព្យូទ័រដោយមិនបានអនុវត្តជាក់ស្តែងនោះទេ។
ជាមួយគ្នានះលោក Dato’ Sri Idris Jala តំណាងប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចបានថ្លែងថា តាមរយៈការអប់រំនេះហើយ ដែលធ្វើឱ្យមនុស្សក៏ដូចជារូបលោកអាចងើបចេញពីវដ្តនៃភាពលំបាកនិងភាពក្រីក្រ។ លោកជឿជាក់ថា ការអប់រំល្អគឺចាំបាច់សម្រាប់ធានានូវអនាគតភ្លឺសា្វង «យើងមានអារម្មណ៍ថាយើងត្រូវធ្វើអ្វីមួយ នូវពេលបានដឺងថាសិស្សានុសិស្សនៅក្នុងសាលានេះមិនអាចរៀនជំនាញកុំព្យូទ័រ ដោយសារតែកុំព្យូទ័រចាស់លែងប្រើកើត។ នៅក្នុងពិភពឌីជីថលសព្វថ្ងៃនេះវាមានសារៈសំខាន់ណាស់ ដែលយុវសិស្សរបស់យើងត្រូវមានចំណេះដឹងផ្នែកកុំព្យូទ័រ ដើម្បីធានាថាពួកគេមានឱកាសស្មើភាព ដើម្បីប្រកួតប្រ ជែងនិងប្រាស្រ័យទាក់ទងជាមួយពិភពលោកដ៏ទំនើបនេះ»។
លោក Dato’ Sri Idris Jala បានសន្និដ្ឋានថា «យើងសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងរបស់យើង នឹងជួយកាត់បន្ថយផលលំបាក ដែលសិស្សានុសិស្សកំពុងប្រឈមមុខ និងលើកទឹកចិត្តពួកគេឱ្យចាត់ទុកការអប់រំជាអាទិភាពចម្បង។ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា សម្ភាទាំងនេះនឹងត្រូវបានថែទាំឱ្យបានត្រឹមត្រូវនិងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព ក្នុងរយៈពេលវែង ដែលជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងប្រធានក្រុមហ៊ុន HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច»។
លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចដែលបានប្រគល់កុំព្យូទ័រចំនួន 15គ្រឿងនិងម៉ាស៊ីនព្រីនមួយគ្រឿង ហើយនឹងជួយជួសជុលបន្ទប់កុំព្យូទ័រ ដើម្បីធានាឱ្យមានបរិយាកាសសិក្សាល្អសម្រាប់សិស្ស។ បន្ទាប់ពីទទួលបានកុំព្យូទ័រថ្មីនៅថ្ងៃនេះសាលានឹងរៀបចំបង្រៀនសិស្ស 280 នាក់ក្នុងមួយខែដើម្បីរៀននិងអនុវត្តនៅក្នុងបន្ទប់កុំព្យូទ័រនេះ៕