ភ្នំពេញ – ក្រោយពីដំណើរការឥណទានកម្ចីទិញម៉ូតួរយៈពេលជិត2ឆ្នាំ និងទទួលបានការគាំទ្រនិងមានកំណើនអតិជនកើនឡើងជាបន្ដបន្ទាប់រួចមក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ បានបើកយុទ្ធនាការជាលក្ខណៈទ្រង់ទ្រាយធំដើម្បីផ្ដល់អត្ថប្រយោជន៍ទ្វេដងទៅលើកម្ចីទិញម៉ូតូជូនអតិថិជន។
លោកសួន ពិសី ប្រធាននាយកប្រតិបត្ដិអាជីវកម្មឥណទាន និងធានារ៉ាប់រងខ្នាតតូច នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានលើកឡើងថា ឥណទាននេះបានដាក់ឱ្យដំណើរការតាំងពីចុងឆ្នាំ2015មកម្ល៉េះ ដោយចាប់ផ្ដើមនៅតាមបណ្ដាខេត្ដចំនួន8។ ដោយមើលឃើញពីសក្ដានុពល ភាពរីកចម្រើន និងកំណើនអតិថិជនដែលប្រើប្រាស់កម្ចីនេះកាន់តែមានការកើនឡើងយើងក៏បង្កើតឥណទានក្នុងទ្រង់ទ្រាយធំ គឺផ្ដល់កម្ចីទិញម៉ូតូទូទាំងប្រទេសតែម្ដង។ ជាមួយគ្នានេះយើងក៏មានយុទ្ធនាការផ្ដល់អត្ថប្រយោជន៍ទ្វេដងពីកម្ចីទិញម៉ូតូដោយចាប់ផ្ដើមពីថ្ងៃទី1 ខែកញ្ញា ដល់30 ខែវិច្ឆិកា ឆ្នាំ2017។
កម្ចីទិញម៉ូតូ អេ អឹម ខេ នឹងផ្ដល់ជូនអតិថិជនអាចឱ្យខ្ចីបាន100%នៃតម្លៃម៉ូតូ ដោយផ្ដល់ជូនមួកសុវត្ថិភាពមួយដោយឥតគិតថ្លៃក្នុងអំឡុងពេលយុទ្ធនាការរយៈពេល3ខែនេះ។ ក្រៅពីនេះអតិថិជនអាចទទួលបានអត្រាការប្រាក់ទាប និងនឹងលុបចោលបំណុលនៅពេលម្ចាស់បំណុលមានគ្រោះថ្នាក់ជាយថាហេតុរហូតបាត់បង់ជីវិត។
លក្ខខណ្ឌងាយៗដើម្បីទទួលបានឥណទានកម្ចីទិញម៉ូតូនេះ គឺគ្រាន់តែអតិថិជនបញ្ជាក់ពីលំនៅដ្ឋានអចិន្ដ្រៃយ៍ និងប្រាក់ចំណូលប្រចាំខែ និងមានអចលនទ្រព្យបញ្ចាំអតិថិជនអាចទទួលបានកម្ចី100% ដោយអតិថិជនត្រូវសងរំលស់ទៅវិញរយៈពេល36ខែ។ ក្នុងករណីអតិថិជនពុំមានអចលនទ្រព្យដាក់បញ្ចាំទេនោះ ពួកគាត់អាចដាក់ម៉ូតូដែលបានមកពីកម្ចីទិញនោះយកមកធ្វើជាទ្រព្យបញ្ចាំ ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតម្រូវឱ្យអតិថិជនត្រូវទិញធានារ៉ាប់រងលើការថែរក្សាម៉ូតូ ។
ប្រធាននាយកប្រតិបត្ដិអាជីវកម្ម ឥណទាន និងធានារ៉ាប់រងខ្នាតតូចនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បញ្ជាក់ថា តាមរយៈឥណទាននេះយើងសង្ឃឹមថា ប្រជាជនដែលមានតម្រូវការម៉ូតូដើម្បីបម្រើដល់ជីវភាពប្រចាំថ្ងៃនឹងពេញចិត្ដនូវកម្ចីទិញម៉ូតូនេះ ព្រោះឥណទាននេះនឹងបើកទូលាយដល់អតិថិជនអាចមានជម្រើសយកការទិញម៉ូតូបាននៅគ្រប់ទីកន្លែង។ អាចទិញបានជាមួយក្រុមហ៊ុនជាដៃគូសហការរបស់ អេ អឹម ខេ ឬកន្លែងលក់ម៉ូតូនានាទៅតាមចំណូលចិត្ដរបស់អតិថិជន ដូច្នេះអេ អឹម ខេ ជាជម្រើសល្អបំផុតសម្រាប់អតិថិជនក្នុងការទទួលបានកម្ចីទិញម៉ូតូ៕