វាពិតណាស់ដែលថាការងារមួយអាចរីកចម្រើនទៅមុខបាន វាអាស្រ័យទៅលើការមានក្រុមការងារដ៏ល្អ និងស៊ីចង្វាក់គ្នា ស្របពេលនោះដែលក៏ត្រូវតែមានមេដឹកនាំមួយរូបដ៏អស្ចារ្យ និងពោរពេញដោយបទពិសោធន៍ ចំណេះដឹង និងភាពជាអ្នកដឹកនាំផងដែរ ដើម្បីដឹកនាំក្រុមការងារទាំងនេះឱ្យទទួលបានជោគជ័យ។ បើគ្មានមេដឹកនាំទេ ការងារទាំងឡាយមិនបានជោគជ័យនោះទេ អ៊ីចឹងហើយបានជាមេដឹកនាំគឺជាមនុស្សដែលសំខាន់បំផុតនៅក្នុងក្រុមការពីព្រោះគេដឹងថាក្រុមនេះនឹងធ្វើដំណើរទៅទីណា។
ខាងក្រោមនេះគឺជាអ្វីដែលមេដឹកនាំត្រូវដឹង និងត្រូវធ្វើ៖
០១) មេដឹកនាំមិនគួរប្រៀបធៀបជំនាញបច្ចេកទេសរបស់ខ្លួន ជាមួយនឹងជំនាញបច្ចេកទេសរបស់បុគ្គលិកនោះទេ។ ព្រោះការធ្វើបែបនេះ គឺអាចធ្វើឱ្យបុគ្គលិកបាក់ទឹកចិត្ត ឬមានអារម្មណ៍មិនល្អក្នុងការធ្វើការជាមួយ ប៉ុន្តែអ្នកត្រូវចងចាំថា ត្រូវជ្រើសរើសបុគ្គលិកណាដែលមានជំនាញច្បាស់លាស់ និងខ្លាំងជាងអ្នក។
២) មេដឹកនាំគួរតែមានទស្សនៈវិស័យវែងឆ្ងាយ និងមានការយល់ឃើញច្បាស់លាស់ជាងបុគ្គលិករបស់ខ្លួន។
៣) មេដឹកនាំគួរតែមានចិត្តរឹងមាំ និងភាពអំណត់តស៊ូច្រើនជាងបុគ្គលិក ហើយនិងអាចស៊ូទ្រាំនូវអ្វីដែលបុគ្គលិកធ្វើមិនបាន។
៤) មេដឹកនាំគួរតែមានការតស៊ូអត់ធ្មត់ ហើយនិងសមត្ថភាពខ្ពស់ជាងក្នុងការទទួលយកប្រឈមជាមួយនឹងការបរាជ័យ។
គុណសម្បតិ្តរបស់មេដឹកនាំដែលល្អគឺជាការមានចក្ខុវិស័យច្បាស់លាស់ ចិត្តរឹងមាំ និងភាពអំណត់តស៊ូ ហើយនិងសមត្ថភាព៕