កូនតូចក្នុងវ័យ1ខួបឡើងទៅ អ្នកម្តាយអាចបង្ហាត់ឱ្យគេចេះជួយខ្លួនឯងក្នុងរយៈដំបូងបានខ្លះហើយ មិនថាតែការញ៉ាំអាហារ ឬការប្រមូលចានដែលញ៉ាំរួចហើយជាដើម ទោះជាក្មេងនៅក្នុងវ័យនេះនៅមានសាច់ដុំតូចៗដែលមិនទាន់រឹងមាំ និងចាប់កាន់របស់របរអ្វីនៅមិនទាន់ជាប់មាំក៏ដោយ តែការបង្ហាត់ឱ្យកូនតូចបានចាប់ផ្តើមធ្វើដោយខ្លួនឯងនេះ មួយផ្នែកគឺជាការជួយអភិវឌ្ឍសាច់ដុំតូចៗរបស់គេឱ្យរឹងមាំឡើងបាន។
លោកឪពុក និងអ្នកម្តាយខ្លះគិតថា កូនតូចអាយុត្រឹមតែប៉ុណ្ណឹងនៅមិនទាន់ដល់ពេលទេ ខ្លាចថាបើបណ្តោយឱ្យកូនតូចធ្វើដោយខ្លួនឯង ក៏អាចនឹងកំពប់ និងប្រឡេកប្រឡាក់អស់ តែលោកឪពុកអ្នកម្តាយដឹងទេថា លោកអ្នកកំពុងតែយល់ខុសហើយ…។ ការបណ្តោយឱ្យកូនតូចចេះជួយខ្លួនឯងនេះ នឹងរឹតតែធ្វើឱ្យកូនមានវិវឌ្ឍនាការសាច់ដុំតូចៗនោះកាន់តែរឹងមាំឆាប់រហ័សឡើង និងលទ្ធផលបន្ទាប់ដែលទទួលបានពីការបង្ហាត់ឱ្យកូនធ្វើអ្វីដោយខ្លួនឯងនេះ នឹងធ្វើឱ្យកូនមានភាពទទួលខុសត្រូវ និងស្គាល់ពីតួនាទីរបស់ខ្លួនឯងទៀតផង។
នៅពេលកូនដល់វ័យចូលរៀន លោកឪពុកអ្នកម្តាយគួរឱ្យកូនចេះមើលថែទាំខ្លួនឯងខ្លះផង ដូចជា ស្លៀកពាក់ដោយខ្លួនឯងមិនថាតែការបិទឡេវខោ ឡេវអាវ ឬពាក់ស្រោមជើង ស្បែកជើងដោយខ្លួនឯង រៀបចំកាតាបដាក់សៀវភៅខ្លួនឯងជាដើម អ្វីផ្សេងៗទាំងអស់នេះនឹងជួយអភិវឌ្ឍជាបន្តឱ្យកូនចេះប្រើប្រព័ន្ធប្រសាទ ការប៉ះពាល់ រួមជាមួយសាច់ដុំតូចៗ ដោយឱ្យខួរក្បាលជាអ្នកដឹកនាំក្នុងការគិត ធ្វើឱ្យកូនចេះគិតជាប្រព័ន្ធយល់ពីអ្វីគួរធ្វើមុន ឬក្រោយរៀនយល់ដឹងក្នុងការកែបញ្ហាចំពោះមុខបាន និងមានភាពត្រៀមជានិច្ចក្នុងការរៀនយល់ដឹងពីអ្វីដែលថ្មីៗ និងគួរបង្ហាត់ឱ្យកូនធ្វើរៀងរាល់ថ្ងៃ រហូតក្លាយជាមុខនាទីដែលគេត្រូវទទួលខុសត្រូវ។
កុមារដែលមិនចេះជួយខ្លួនឯងសោះ ច្រើនតែមានឧប្បនិស្ស័យអត្មា-និយម ទើបធ្វើឱ្យមិនមានភាពត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីអ្វីដែលថ្មីៗ ការសម្រេចចិត្តចំពោះមុខភ្លាមៗមិនពូកែ ព្រោះមិនដែលរៀនយល់ដឹងក្នុងការកែបញ្ហា មិនចេះស៊ូទ្រាំចំពោះក្តីលំបាកលំបិន ព្រោះមិនធ្លាប់ធ្វើអ្វីបានដោយខ្លួនឯង មានតែអ្នកធ្វើឱ្យជានិច្ច និងខ្វះជំនាញក្នុងការចូលសង្គមទៀតផង៕