ការនិយាយសាធារណៈ (Public Speaking) ឬធ្វើបទបង្ហាញលើវេទិកាជាឱកាសយ៉ាងល្អសម្រាប់ការបញ្ចេញមតិយោបល់ រួមទាំងបង្ហាញពីរឿងរ៉ាវសំខាន់ៗដែលអ្នកធ្លាប់លើកឡើង តែពេលខ្លះវាក៏អាចធ្វើឱ្យអ្នកនិយាយមានភាពអាម៉ាស់ ឬទទួលរងការរិះគន់ផងដែរប្រសិនបើពួកគេមិនបានស្វែងយល់ពីកំហុសឆ្គងនៃការនិយាយនោះ។
ខាងក្រោមនេះ ជាទង្វើខុសឆ្គងមួយចំនួនដែលអ្នកនិយាយសាធារណៈ គួរចៀសវាង ដើម្បីឱ្យវេទិការបស់អ្នកក្លាយជាទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍ និងរស់រវើក។
1/ ការនិយាយ ឬអួតតែពីរឿងផ្ទាល់ខ្លួន
ជាធម្មតា ដើម្បីនិយាយឱ្យគេស្តាប់លុះត្រាតែអ្នកនិយាយមានលក្ខណៈសម្បត្តិល្អប្រសើរ ឬមានចំណុចពិសេសលើសពីមនុស្សដទៃ។ ដើម្បីបង្ហាញពីចំណុចទាំងអស់នេះ អ្នកនិយាយភាគច្រើនចូលចិត្តអួតពីមុខតំណែងខ្លួនឯង អួតពីទ្រព្យ អួតពីគ្រួសារ ឬអួតពីស្នាដៃការងារជាដើម។ ការអួតនេះ គឺត្រូវធ្វើឱ្យមានកម្រិត បើមិនដូច្នោះទេ អ្នកនឹងក្លាយជាមនុស្សដែលអ្នកស្តាប់គេជ្រេញ ហើយអាចរងនូវការរិះគន់បាន។
តាមពិត អ្នកនិយាយ អាចបង្ហាញពីគុណតម្លៃរបស់ខ្លួនម្តងបន្តិចៗតាមរយៈការបញ្ចូលនូវបទពិសោធ និងវិធីសាស្រ្តដោះស្រាយបញ្ហាដែលខ្លួនធ្លាប់ធ្វើទៅក្នុងអត្ថន័យនៃការបង្ហាញនោះ។
2/ មិនបានត្រៀមខ្លួន និងរកប្រធានបទមិនឃើញ
អ្នកនិយាយសាធារណៈមួយចំនួន ហាក់មិនខ្វល់ពីប្រធានបទនៃកម្មវិធីដែលគេកំពុងធ្វើនោះទេ ព្រោះពួកគេហាក់មានមោទនភាពជាមួយនឹងថ្វីមាត់ ឬគំនិតដែលគេបានធ្វើឡើង។ កត្តាទាំងអស់នេះ អាចធ្វើឱ្យថ្វីមាត់របស់គេបាត់បង់តម្លៃដោយសារតែអ្នកចូលរួមមិនងាយនឹងយល់ ហើយពេលខ្លះអាចគិតថាអ្នកនិយាយនោះជាមនុស្សដែលនិយាយមិនចំគោលដៅដែលគេចង់បាន។
3/ ព្យាយាមទន្ទេញគ្រប់ពាក្យ ឬអានទាំងស្រុង
ការនិយាយសាធារណៈ ជាធម្មតាត្រូវការសិល្បៈ និងអាកប្បកិរយាប្រកបដោយថាមពល រួមទាំងភាពរួសរាយក្នុងការរៀបរាប់។ នៅពេលដែលអ្នកព្យាយាមទន្ទេញនូវអ្វីដែលអ្នកចង់និយាយនោះអ្នកនឹងបាត់បង់ទំនុកចិត្តទាំងស្រុងនៅលើឆាក ព្រោះថាអ្នកស្តាប់មិនបានចាប់អារម្មណ៍ទៅលើវេទិកានោះទេ តែអ្វីដែលអ្នកគិតគឺអក្សរ និងឃ្លោងឃ្លាដែលអ្នកបានសរសេរទុក។ គ្រប់ពេលដែលអ្នកនិយាយ គឺមិនខុសពីមនុស្សយន្តដែលកំពុងនិយាយនោះទេ វាប្រាកដជាមិនសូវមានសិល្បៈ ឬភាពរស់រវើកនោះទេ៕