អគ្គស្នងការនគរបាលជាតិបញ្ជារឱ្យសមត្ថកិច្ចតាមចាប់ម្ចាស់រថយន្ត Mercedes និង Rolls-Royce ពាក់ស្លាកលេខនគរបាលក្លែងក្លាយ

បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​ក្នុង​បណ្តាញ​សង្គម​ដែល​ឃើញ​មាន​រថយន្ត​ទំនើប2គ្រឿង​ប្រើ​ស្លាក​លេខ​នគរបាល​ដូចគ្នា នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជារ​ឱ្យ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​ម្ចាស់​រថយន្ត Mercedes និង Rolls-Royce ពាក់​ស្លាក​លេខ នគរបាល 2-7715 មក​ផ្តន្ទាទោស​តាមច្បាប់។

ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បញ្ជាក់ថា រថយន្ត​ទាំង2គ្រឿង​នោះបាន​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ។ ដើម្បី​ទប់ស្កាត់ និង​ចៀសវាង​ការភាន់ច្រឡំ​ពី​សាធារណជន និង​ទប់ស្កាត់​ការប្រព្រឹត្តិ​បទល្មើស​ខាងលើនេះ អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បានដាក់​បទបញ្ជា​រដ​ល់​សមត្ថកិច្ច​ស្រាវជ្រាវ​រកឱ្យឃើញ​នូវ​រថយន្ត​ទាំង2គ្រឿង​នេះ និង​ឃាត់​ទាំង​ម្ចាស់​រថយន្ត​ដើម្បី​អនុវត្តតាម​និតិ​វិធី។

លោក​ឧ​ត្ត​ម​សេនីយ៍​បានបញ្ជាក់​ផងដែរ​ថា បើ​ប្រជាពលរដ្ឋ​ទាំងអស់​បានឃើញ​រថយន្ត​ទាំង2គ្រឿង​នោះ សូម​ជូនដំណឹង​ដល់​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​ជាបន្ទាន់។

សមត្ថកិច្ច​បញ្ជាក់ថា រថយន្ត​ទំនើប​ទាំង2គ្រឿង​នេះ​បាន​ប្រើ​ស្លាក​លេខ​ក្លែងក្លាយ​ដោយ​ស្លាក​លេខ​នោះ​ជា​ស្លាក​លេខ​ដែល​បំពាក់​លើ​រថយន្ត​សមត្ថកិច្ច​ដែលជា​កម្ម​សិទ្ធ​របស់​នា​យក​ដ្ឋា​ន​នគរបាល​ទេសចរណ៍។ បើតាម​គោលការណ៍ សមត្ថកិច្ច​មិន​អនុញ្ញាតឱ្យ​បំពាក់​ស្លាក​លេខ​នគរបាល លើ​រថយន្ត​ឯកជន​នោះឡើយ។ ស្លាក​លេខ​នេះ​បំពាក់​បានតែ​លើ​រថយន្ត​ដឹក​កងកម្លាំង ដែលមាន​ស្លាក​សញ្ញា​នគរបាលជាតិ និង​រថយន្ត​ដែលជា​កម្ម​សិទ្ធ​របស់​អង្គភាព​នាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ​ប៉ុណ្ណោះ ដែល​រថយន្ត​ទាំងអស់នោះ​ត្រូវ​ចុះ​ប​ញ្ជុះ​ជា​សម្បត្តិ​រដ្ឋ​ត្រឹមត្រូវ៕

Advertisement