ព្រះអង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស ឆ្លង​វីរុស COVID-19

ព្រះអង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស ឆ្លង​វីរុស COVID-19

ព្រះអង្គម្ចាស់ Charles ព្រះជន្ម71វស្សា បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា COVID-19 ប៉ុន្តែ​មាន​អាការរោគ​មិន​ធ្ងន់ធ្ងរ​នោះទេ។

ព្រះរាជដំណាក់ Clarence ដែលជា​តំណាង​របស់​ព្រះអង្គម្ចាស់ Charles ថ្ងៃនេះ បានប្រកាសថា ព្រះអង្គម្ចាស់ Charles “នៅមាន​ព្រះរាជសុខភាព​ល្អ​នៅឡើយ បើទោះជា​មាន​អាការរោគខ្លះៗក៏ដោយ។ ទ្រង់​បាន​បំពេញ​រាជកិច្ច​នៅឯ​ដំណាក់​របស់​ទ្រង់​ដូច​ធម្មតា”។

ព្រះ​នាង Camilla ដែលជា​ព្រះ​ជាយា​របស់​ព្រះអង្គម្ចាស់ Charles “ត្រូវបានធ្វើ​តេស្តរ​កមេ​រោគ​ហើយ​ដែរ ដោយ​លទ្ធផល​អវិជ្ជមាន”។ ព្រះអង្គម្ចាស់ Charles និង​អ្នក​ម្នាង Camilla បច្ចុប្បន្ន​បង្ខាំង​ខ្លួនឯង​នៅក្នុង​ដំណាក់​នៅឯ​ប្រទេស Scotland (Scotland ជា​ផ្នែក​មួយ​នៃ​ចក្រភព​អង់គ្លេស)។

ព្រះរាជដំណាក់ Clarence បានឱ្យដឹងថា “មិនទាន់​ដឹង​ទេ​ថា ព្រះអង្គម្ចាស់​ឆ្លង​មេរោគ​ពី​អ្នកណា​នៅឡើយ តែ​ទ្រង់​បាន​ចូលរួម​ពិធី​ជាច្រើន​នាពេលថ្មីៗនេះ”។ ប៉ុន្តែ ប្រភពពី​រាជវាំង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹងថា ព្រះអង្គម្ចាស់ Charles បានធ្វើ​តេស្ត​រក​មេរោគ​នៅ​ថ្ងៃទី23មីនា និង​ទទួលលទ្ធផល​នៅ​ថ្ងៃទី24មីនា។ ព្រះអង្គម្ចាស់​ត្រូវបាន​គេ​ជឿថា បាន​ឆ្លង​មេរោគ​ចាប់ពី​ក្រោយ​ថ្ងៃទី13មីនា។

ថ្មីៗនេះ ព្រះអង្គម្ចាស់ Charles បាន​យាង​ទៅ​ជួប​ម្ចាស់​ក្ស​ត្រី Elizabeth II ដែលមាន​ព្រះជន្ម93ព្រះវស្សា នៅ​ថ្ងៃទី13មីនា។ បរមរាជវាំង Buckingham បានឱ្យដឹងថា ក្ស​ត្រី​អង្គ​នេះ “នៅមាន​សុខភាព​ល្អ និង​កំពុង​ធ្វើតាម​យល់​ដ៏​សមស្រប​បំផុត”។

កាលពី​ថ្ងៃទី10មីនា ព្រះអង្គម្ចាស់ Charles បាន​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ WaterAid នៅឯ​រាជដំណាក់ Clarence ដើម្បី​ពិភាក្សា​អំពី​បញ្ហា​អាកាសធាតុ។ កិច្ចប្រជុំ​នេះ ក៏មាន​វត្តមាន​របស់​ព្រះអង្គម្ចាស់ Monaco Albert II ព្រះជន្ម62វស្សា ដែលជា​មេដឹកនាំ​ម្នាក់​ដែល​បាន​ឆ្លង​វីរុស COVID-19 កាលពី​សប្ដាហ៍​មុន។

ចក្រភព​អង់គ្លេស មកដល់​បច្ចុប្បន្ន បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ COVID-19 ចំនួន 8,227នាក់ ក្នុងនោះ​មាន420នាក់​បាន​បាត់​បង់ជីវិត និង​ជាង130បានជា​សះស្បើយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

Advertisement