ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកម្មវិធី «អបអរសាទរ ខួប 3 ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» អមជាមួយនឹង ការតាំងពិព័រណ៍ផ្លាកលេខ និងរថយន្ត, ការដាក់តាំងលក់ និងដេញថ្លៃលេខពិសេសនៅក្នុងសប្ដាហ៍នេះ។
ថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ ក្រសួងសាធារណការ នឹងមានកម្មវិធី «អបអរសាទរ ខួប 3 ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» ដោយអមជាមួយនឹងការតាំងពិព័រណ៍ផ្លាកលេខ និងរថយន្ត, ការដាក់តាំងលក់ និងដេញថ្លៃ លេខពិសេស ដើម្បីកៀរគរថវិកាជួយដល់មូលនិធិគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។ ក្នុងព្រឹត្តិការណ៍ខាងលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធនៅថ្ងៃទី 07 មីនា។
យោងតាមក្រសួងសាធារណការ នៅល្ងាចថ្ងៃទីពីរ ព្រឹត្តិការណ៍ខាងលើនឹងមានការប្រគំតន្ត្រី ដោយមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនីល្បីៗ ក្នុងន័យបញ្ជ្រាបការយល់ដឹងអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ទៅកាន់សាធារណជន។
ក្រសួងសាធារណការ បញ្ជាក់ថា អ្នកចូលរួមព្រឹត្តិការណ៍ដែលនឹងធ្វើនៅលើសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 07 ដល់ 08 មីនា 2023 (ចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 9 យប់) នឹងមានឱកាសក្នុងការទទួលបានរង្វាន់អនុស្សាវរីយ៍ ដោយការលេងល្បែងកំសាន្តនៅតាមស្តង់នានាផងដែរ៕