អាកាសធាតុ​នៅ​កម្ពុជា​នឹង​ចុះ​ត្រជាក់​ខ្លាំង ពិសេស​នៅ​តំបន់​ខ្ពង់រាប និង​ពាយព្យ នៅ​ចុងខែ​នេះ

ស្ថានភាព​អាកាសធាតុ​នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ពាយព្យ​របស់​កម្ពុជា នឹង​ចុះ​ត្រជាក់​ខ្លាំង​រហូតដល់ 14 អង្សា​សេ នៅ​ចុងខែ​មករា 2023 នេះ​បើតាម​ប្រកាស​នា​ព្រឹក​ថ្ងៃទី 27 មករា របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម។

យោងតាម ក្រសួង​ធនធានទឹក ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 30 មករា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន និង​ខ្យល់មូសុង​ឦ​សាន្ត បន្ត​បង្កើន​ឥទ្ធិពល​ក្នុង​កម្រិត​ពី​បង្គួរ ទៅ​ខ្លាំង​មកលើ​កម្ពុជា ដែល​នឹង​ធ្វើឱ្យ​អាកាសធាតុ​បន្ត​ចុះ​ត្រជាក់​បន្ថែមទៀត។ សីតុណ្ហភាព​នៅតាម​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ភាគ​ពាយព្យ នឹង​ចុះ​ត្រជាក់​ខ្លាំង​ជាង​សព្វមួយដង ដោយ​អាច​ធ្លាក់ចុះ​ដល់ 14 ទៅ 16 អង្សា។

នៅ​រាជធានី​ភ្នំពេញ សីតុណ្ហភាព​អប្បបរមា​អាច​ធ្លាក់ចុះ​ដល់ 20 អង្សា ខណៈដែល​បណ្តា​ខេត្ត​ដទៃទៀត សីតុ​ណ្ហ​ភាព​អប្បបរមា​នឹង​ចុះ​ដល់ 17 ទៅ 21 អង្សា​សេ។

ក្រសួង​ធនធានទឹក បានធ្វើការ​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​អាកាសធាតុ​នេះ៕

Leave a Comment