ប្រធានាធិបតី​អាម៉េរិក អញ្ជើញ​មកកាន់ កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន (ASEAN)

ដំណើរ​មក​ដល់​ កម្ពុជា របស់ លោក បៃដិន

យន្តហោះ​ដឹក​ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន ​ចុះចត​នៅឯ​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃនេះ នៅពេល​លោក​ត្រៀម​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ជាមួយនឹង​ដៃគូ​សហការ។

លោក បៃ​ដិ​ន មកកាន់ កម្ពុជា បន្ទាប់ពី​បាន​ចូលរួម​សន្ន​សីទ​កំពូល​ស្ដីពី​អាកាសធាតុ COP27 នៅ អេ​ហ្ស៊ី​ប។ នៅ ភ្នំពេញ លោក បៃ​ដិ​ន នឹង​ចូល​​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ដៃគូ​ពាក់ព័ន្ធ ក៏ដូចជា ជួបពិភាក្សា​​ការ​ងារ​ជាមួយ​មេដឹកនាំ​របស់ កម្ពុជា ជប៉ុន និង កូរ៉េខាងត្បូង។

«ប្រធានាធិបតី បៃ​ដិ​ន នឹង​សង្កត់ធ្ងន់​ទៅលើ​ជំនួយ​របស់ សហរដ្ឋ​អាម៉េរិក ចំពោះ​រចនាសម្ព័ន្ធ​តំបន់​ដែល​ដឹកនាំ​ដោយ អាស៊ាន និង​ពិភាក្សា​អំពី​បណ្ដា​ឱកាស​ដើម្បី​ធានា​នូវ តំបន់​ឥណ្ឌូ-ប៉ា​ស៊ីន​ហ្វិ​ក មួយ​ដែល​ប្រកបដោយ​សេរីភាព បើកចំហ ផ្សារភ្ជាប់ រុងរឿង សុវត្ថិភាព និង​បត់បែន​ជាង​មុន» ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក Jake Sullivan ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់ សេត​វិមាន កាលពី​ថ្ងៃទី 10 វិច្ឆិកា។

ក្រោយពី​ចាកចេញ​ពី កម្ពុជា លោក បៃ​ដិ​ន នឹងធ្វើ​ដំណើរ​ទៅកាន់ Bali ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល G20 ជាទី​ដែល​លោក​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង។

កម្ពុជា កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី 40 និង 41 រួម​នឹង​កិច្ចប្រជុំ​ពាក់ព័ន្ធ ជាមួយនឹង​ដៃគូ​សហការ ក្នុងនោះ​មាន សហរដ្ឋ​អាម៉េរិក ផងដែរ។

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី 40 និង 41 រួម​នឹង​កិច្ចប្រជុំ​ពាក់ព័ន្ធ ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​ស្ថានការណ៍​សន្តិសុខ សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក កំពុងមាន​ភាពស្មុគស្មាញ ដែល​ត្រូវការ​ក្រុម​មេដឹកនាំ​របស់ អាស៊ាន និង​ពិភពលោក ចូលរួម​ពិភាក្សា រក​ដំណោះស្រាយ​ដើម្បី​អាច​ស្ដារ​សេដ្ឋកិច្ច និង​បណ្ដា​វិបត្តិ​បច្ចុប្បន្ន ឱ្យបាន​ឆាប់រហ័ស៕

Advertisement