កម្ពុជា​គ្រោង​ដំឡើង​ឧបករណ៍ «ប្រឆាំង​រន្ទះ» នៅ​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់

ខណៈដែល​បាតុភូត​រន្ទះ​បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​សត្វពាហនៈ​ងាប់​ជា​រៀងរាល់ឆ្នាំ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (គ.ជ.គ.ម) គ្រោង​នឹង​រៀបចំ​ដំឡើង​ឧបករណ៍​ប្រឆាំង​រន្ទះ នៅតាម​តំបន់​មួយចំនួន​ដែល​តែង​កើតមាន​បាតុភូត​នេះ។

គ្រោះធម្មជាតិ​កើតមាន​ជា​រៀងរាល់ឆ្នាំ និង​បាន​បំ​ផ្លិត​បំផ្លាញ​ទ្រព្យសម្បត្តិ អាយុជីវិត​ជាច្រើន​របស់​ប្រជា​ពល​ជន ក្នុងនោះ​មានដូចជា ទឹកជំនន់ ខ្យល់​កន្ត្រាក់ រន្ទះបាញ់ រាំងស្ងួត បាក់​ច្រាំងទន្លេ និង​ជំងឺ​រាតត្បាត​ជាដើម នេះ​បើតាម ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី១ នៃ គ.ជ.គ.ម មានប្រសាសន៍​នៅក្នុង​វេទិការ​ជាតិ​ស្តីពី ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ លើក​ទី ២៩ ធ្វើឡើង​នៅ​ថ្ងៃទី ១៣ ខែកក្កដា។

យោងតាម អនុប្រធាន​ទី១ នៃ គ.ជ.គ.ម បញ្ហា​រន្ទះបាញ់ បាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​មិនសូវ​ត្រូវបាន​គេ​យកចិត្តទុកដាក់ ដូចនេះ ឯកឧត្តម​ក៏បាន​ស្នើឱ្យ លេខាធិការដ្ឋាន​តាម​បណ្ដា​រាជធានី​ខេត្ត ពិនិត្យមើល​តំបន់​​ទាំង​ឡាយ​ណា​ដែល​តែង​កើតមាន​រន្ទះ ហើយ​នៅ​ឆ្នាំនេះ គ.ជ.គ.ម គ្រោង​នឹង​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជួយ​ពិនិត្យ​លទ្ធភាព​ទប់ទល់​នឹង​បាតុភូត​នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃ គ.ជ.គ.ម

គ.ជ.គ.ម បានឱ្យដឹងថា ដើម្បី​ទប់ទល់​នឹង​គ្រោះមហន្តរាយ​នៅ​រដូវវស្សា​ឆ្នាំនេះ គណៈកម្មាធិការ បាន​ត្រៀមកម្លាំង​អន្តរាគមន៍​ជិត ២,០០០ នាក់ នៅ​ទូទាំងប្រទេស ដោយ​ក្នុងនោះ​មាន​បំពាក់​ឧបករណ៍​សង្គ្រោះបន្ទាន់ យានជំនិះ និង​ស្បៀងអាហារ​ផងដែរ៕

Advertisement