ជំនន់​ទឹកភ្លៀង​កំពុង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៤០ ខ្នង នៅ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ

ប្រជាពលរដ្ឋ​សរុប​ចំនួន ៣៩ គ្រួសារ ដែលមាន​ប្រជាជន​សរុប​ចំនួន ២៣៩ នាក់ ក្នុងភូមិ​ក្រាំង​អាត់ (ចំណុច​ក្រាំង​អាត់​ចាស់) ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់។

ស្ថានភាព​កម្ពស់​ទឹកជំនន់​នៅ​ស្ពាន​ស្ទឹង​សំរោង ចន្លោះ​គីឡូម៉ែត្រ​លេខ ១១៥ និង ១១៦ ស្ថិតក្នុង​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ជំនន់​ទឹកភ្លៀង​មាន​កម្ពស់ ៥.២០ ម៉ែត្រ​ពី​បាត​ស្ទឹង ខណៈដែល ភ្លៀង​នៅតែ​បន្ត​ធ្លាក់ នេះ​បើតាម លោក សៅ បុរី​វឌ្ឍន: អភិបាលស្រុក​កំពង់សីលា ដែល​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក។ កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន​មាន​កម្ពស់ ៥,៦០ម៉ែត្រ ទៅ ៥,៧០ម៉ែត្រ។

ដោយសារ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បញ្ហា​ជំនន់​ទឹកភ្លៀង​ក៏បាន​កើតឡើង ធ្វើឱ្យ​ផ្លូវលំ និង​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវ​រង​ការលិចលង់។ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​កំពង់សីលា កំពុងធ្វើការ​តាមដាន​ដោយ​យកចិត្តទុកដាក់។  កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​កំពង់សីលា សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ ស្រុក​កំពង់សីលា កំពុង​ចុះ​ពិនិត្យ​តាមដាន​នៅ​ទីតាំង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេល។

ចំណុច​ស្ពាន​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃនេះ ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន ដោយ​ហាម​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​របស់​ឡាន​ធុន​ធំ (ឡាន​កុងតឺន័រ) ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​សាធារណៈ៕

 

Advertisement