ករណី​អគ្គិភ័យ​នៅ​សង្កាត់​ស្វាយប៉ាក កាលពី​ព្រឹក​មិញ សមត្ថកិច្ច​បញ្ជាក់ថា ឆេះ​ផ្ទះ​អស់ ៣ ខ្នង

ដោយសារតែ​អណ្ដាតភ្លើង​ឆាប​រាលដាល​យ៉ាង​សន្ធោសន្ធៅ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣ ខ្នង ក៏​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ ប៉ុន្តែ​សំណាងល្អ ព្រោះ​មិនបាន​បណ្ដាលឱ្យមាន​មនុស្ស​រងរបួស នេះ​បើតាម ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ដែល​បាន​កើតឡើង​នៅវេលា​ម៉ោង ១០ និង ៣០ នាទី ព្រឹក ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ នេះ ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ស្វាយប៉ាក ក្រុម០៥ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​នេះ​គឺជា​ផ្ទះ​ប្រភេទ​ឈើ​ប្រក់​ស័ង្កសី ចំនួន ៣ ខ្នង រួមមាន ផ្ទះ​ទីមួយ​មាន​ទំហំ ៨ គុណ ២៥ ម៉ែត្រ, ទី​ពីរ​គឺ​ផ្ទះ​មាន​ទំហំ ១០ គុណ ២០ ម៉ែត្រ និង​ផ្ទះ​ទី​បី​មាន​ទំហំ ១០ គុណ ១០ ម៉ែត្រ។ ផ្ទះ និង​សម្ភារ​ក្នុងផ្ទះ​ទាំង ៣ ខ្នង​នេះ​ត្រូវបាន​ភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់ នេះ​បើតាម​របាយការណ៍​រប​ស់លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

យោងតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច មូលហេតុ​ដែលនាំឱ្យ​កើតមាន​ករណី​អគ្គិភ័យ​នេះ​គឺ​ដោយសារ​បញ្ហា​ឆ្លង​ចរន្ត​អគ្គីសនី។

ក្នុងការ​ពន្លត់​អគ្គិភ័យ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប ១៣ គ្រឿង រួមមាន​រថយន្ត​រប​ស់ ការិយាល័យ​បង្កា​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ១១ គ្រឿង, រថយន្ត​ក្រសួងមហាផ្ទៃ​ចំនួន ១ គ្រឿង, រថយន្ត​សាលាខណ្ឌ​ឫស្សីកែវ​ចំនួន ១ គ្រឿង ដែល​ក្នុងចំនោម​នោះ សមត្ថកិច្ច​បាន​បាញ់​ទឹក​អស់ ១២ គ្រឿង៕

Advertisement