ទឹកធ្លាក់​សិប្បនិម្មិត​ដែល​ខ្ពស់ជាង​គេ​បង្អស់​លើ​ពិភពលោក

(អ៊ីតាលី) – ទឹក​ធ្លាក់ Marmore ដែល​មាន​កម្ពស់​ 165 ម៉ែត្រ បាន​កើត​ឡើង​ នៅពេលប្រជាជន​រ៉ូម​បុរាណ​ កែប្រែ​ទន្លេ​ Velino កាល​ពី​ 2,200 ឆ្នាំ​មុន​។

ទឹក​ធ្លាក់​បី​ជាន់​ដ៏​ស្រស់​ស្អាត និង​​មាន​ឈ្មោះថា Marmore នេះ ​ស្ថិត​នៅ​ចម្ងាយ​ពី​ទីក្រុង Terni ក្នុងតំបន់ Umbria របស់​ប្រទេស​អ៊ីតាលី​ ប្រហែល 8 គីឡូម៉ែត្រ​ទៅ​ទិស​ខាង​កើត​។

ភាព​ល្បី​ល្បាញ​របស់​ទឹក​ធ្លាក់​នេះ​ មិន​ត្រឹម​តែ​ស្ថិត​នៅ​ត្រង់​ភាព​អស្ចារ្យ​របស់​វា​ ប៉ុន្តែ​ក៏​កើត​មាន​ដោយ​សារ​នេះ​ជា​លទ្ធផល​នៃអន្តរាគមន៍​របស់​មនុស្ស​ ទៅ​លើ​ធម្មជាតិ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ Amusing Planet។

កាល​ពី​ 2,200 ឆ្នាំ​មុន​ ក្នុង​តំបន់​ខាងលើ ពុំ​មានទឹក​ធ្លាក់​ណា​មួយ​ឡើយ​។ លើ​ទន្លេ​ Velino ជា​ទី​ដែល​មាន​ទឹក​ធ្លាក់ Marmore មាន​ខ្សែទឹក​ខុស​ពី​បច្ចុប្បន្ន ដោយ​វា​ហូរ​ទៅ​កាន់​បឹង​ភក់​មួយ​នៅ​វាល​រាប​ Reiti។ ទឹក​ដែល​ស្ថិត​នៅ​ក្នុង​បឹង​ភក់​នេះ​ មិន​ល្អ​សម្រាប់​សុខភាព ដូច្នេះ​ មន្ត្រី​ចក្រភពរ៉ូម​បុរាណ​ Manius Curius Dentatus ក៏​ចេញ​បញ្ជា​ឱ្យ​​ជីក​ព្រែក​មួយ​ខ្សែ​ដែល​ហៅ​ថា​ ជ្រលង Curiano កាល​ពី​ឆ្នាំ 271 មុន​គ្រិស្ត​សករាជ​ ដើម្បី​បង្ហូរ​ទឹក​ពី​បឹង​ភក់​ ឱ្យ​ធ្លាក់​ទៅ​លើ​ជញ្ជាំង​ថ្ម​ធម្មជាតិ​នៅ Marmore បង្កើត​បាន​ជា​ទឹក​ធ្លាក់​។ ចាប់​ពី​ពេល​នេះ​មក ទឹក​ក៏​ហូរ​ចូល​ទន្លេ​ Nera នៅខាង​ក្រោម​។

ក៏ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ បញ្ហា​ក៏​បាន​កើត​ឡើង​ខុស​ពីការ​រំពឹង​ទុក​ ដោយ​សារ​តែ​ដំណោះ​ស្រាយខាងលើ​បាន​នាំ​ឱ្យ​មាន​ទឹក​ជំនន់​នៅ​ជ្រលង​ភ្នំ​ Reiti និង​ Terni។ បញ្ហា​នេះ​ក៏​ធ្វើ​ឱ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​ប្រជាជន​នៅ​ Reiti និង Terni ផងដែរ​។

រហូត​ដល់​សតវត្សរ៍​ទី 15 ទើប​សង្ឃរាជ Gregory XII ចេញ​បញ្ជា​ឱ្យ​ជីកព្រែក​ថ្មី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​។ ការ​ជួស​ជុល​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ព្រែក​ជីកនេះ​​ ត្រូវ​បាន​សង្ឃរាជ Paul III ដឹក​នាំ​ការ​អនុវត្ត​នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ទី 16។ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លើក​ចុង​ក្រោយ​ដែល​​បាន​ជួយ​ឱ្យ​ទឹក​ធ្លាក់ Marmore មាន​រូប​រាង​ដូច​សព្វ​ថ្ងៃ​ គឺ​អនុវត្ត​ដោយ​ស្ថាបត្យករ Andrea Vici ក្រោម​ការ​ដឹក​នាំ​របស់​សង្ឃរាជ​ Pius V1 នៅ​ចុង​សតវត្សរ៍​ទី​ 18​៕

Advertisement