កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស ប្រៀប​ដូច​ទីក្រុង​អណ្ដែត​លើ​សមុទ្រ (វីដេអូ)

Disney Wish ដែលជា​កប៉ាល់​ទេសចរណ៍​ថ្មី​បំផុត ធំ​បំផុត និង​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Disney Cruise Line អាច​ដឹក​មនុស្ស 5,555 នាក់។

Disney Wish ជា​កប៉ាល់​ទេសចរណ៍​ធំ​បំផុត​នៅក្នុង​ក្រុម​កប៉ាល់​ទេសចរណ៍​របស់ Disney Cruise Line ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Walt Disney។ កប៉ាល់​នេះ​ត្រូវបាន​ចាប់ផ្ដើម​សាងសង់​ក្នុង​រោងចក្រ Meyer Werft នៅ​អាល្លឺម៉ង់ កាលពី​ខែមីនា 2020 និង​ទើបតែ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ខែកក្កដា 2022។

កប៉ាល់ទេសចរណ៍ Disney Wish មិន​ដូច​ទៅនឹង​កប៉ាល់ណាៗទាំងអស់ នៅក្នុង​ចំណោម​កប៉ាល់​ដែល Disney Cruise Line ធ្លាប់មាន​នាពេល​កន្លង។ Disney Cruise Line និង Meyer Werft បាន​ចំណាយពេល​អស់​មួយឆ្នាំ​កន្លះ ដើម្បី​បង្ហើយ​ការងារ​រចនា និង​បច្ចេកទេស មុនពេល​ចាប់ផ្ដើម​ការសាងសង់។

កប៉ាល់​ទេសចរណ៍​ថ្មី​នេះ​ត្រូវបាន​ផ្គុំ​ឡើង​ពី​ផ្នែក​នានា​ចំនួន​ជាង 100។ ក្នុងនោះ ផ្នែកនីមួយៗត្រូវបាន​ចែកជា​ច្រើន​ចំណែក ហើយមួយចំណែកៗគឺជា​ខុសគ្នាទាំងស្រុង។ ផ្នែកនីមួយៗតែងតែ​លាតសន្ធឹង​ទទឹង​កប៉ាល់ និង​មាន​កម្ពស់​ពី 3 ទៅ 4 ជាន់។ ជា​សរុប ពួកវា​មាន​ទម្ងន់​ជាង 60 លាន​គីឡូក្រាម ស្មើនឹង​យានអវកាស​អាម៉េរិក Shuttle ចំនួន 30 គ្រឿង។

Disney Wish ជា​កប៉ាល់​ទេសចរណ៍​ធំ​បំផុត​នៅក្នុង​ក្រុម​កប៉ាល់​ទេសចរណ៍​របស់ Disney Cruise Line

Disney Wish មាន​បណ្ដោយ 341 ម៉ែត្រ ទទឹង 39 ម៉ែត្រ និង​កម្ពស់ 67 ម៉ែត្រ។ កប៉ាល់​នេះ​មាន​បន្ទប់ដេក​ចំនួន 1,254 រួម​នឹង​ភោជនីយដ្ឋាន តំបន់​លេង​កម្សាន្ត​ជាច្រើន​សម្រាប់​មនុស្ស​គ្រប់​វ័យ។ Disney Wish អាច​ដឹក​ភ្ញៀវ​បាន​រហូតដល់ 4,000 នាក់ និង​បុគ្គលិក 1,555 នាក់។

Advertisement