ក្រសួង​ណែនាំ​ដល់​ក្រុម​ហ៊ុន​ទេសចរណ៍ ដាក់​បង្ហាញ​តម្លៃ​​សេវា​កម្ម​ជូន​អតិថិជន

នាទី​រសៀល​ថ្ងៃទី 21 មីនា 2023 ក្រសួងទេសចរណ៍​បានប្រកាស​សារាចរ​ណែនាំមួយ​ដែល​តម្រូវ​​ឱ្យ​​គ្រប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ រៀបចំ​ដាក់​បង្ហាញ​តម្លៃ​លើ​បញ្ជីរាយនាម​សេវាកម្ម​ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ទេសចរ​ក្នុងការ​សម្រេចចិត្ត។

សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍ មាន​ចំណុច​ត្រូវអនុវត្ត​មួយចំនួន ដូចខាងក្រោម៖

1). គ្រប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវ​រៀបចំ​ឱ្យមាន​ជា​បញ្ជីរាយនាម​សេវាកម្ម ដោយមាន​ភ្ជាប់​ជាមួយ​តម្លៃ (ដូច​មាន​បញ្ជាក់​ក្នុង​ប្រកា​សលេខ ០៥២ ប្រក.ចុះ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ដីពី​កាតព្វកិច្ច​បង្កើត​ប្រើប្រាស់ និង​បិទ​ផ្សាយ​បញ្ជីរាយនាម​សេវាកម្ម​ទេសចរណ៍) ក្រោម​ទម្រង់​ដូចតទៅ៖

– ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ​នៅខាងមុខ ឬ​នៅ​ពីលើ និង​ភាសា​អង់គ្លេស នៅ​បន្ទាប់ ឬ​បន្ទាត់​ខាងក្រោម និង​ភាសាបរទេស​ទី​បី​នៅ​បន្ទាប់​ទៀត អាស្រ័យ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​អតិថិជន​របស់​អាជីវ​កម្ម។

– ប្រភេទ​នៃ​សេវាកម្ម​ទេសចរណ៍នីមួយៗ គួរ​មាន​បង្ហាញ​ជា​រូបភាព ឬ​ការបរិយាយ​សេវាកម្ម។

– ត្រូវមាន​ដាក់តាំង​បង្ហាញ​នៅ​បរិវេណ​ខាងមុខ​ទីតាំង​អាជីវកម្ម ឬ​កន្លែង​ងាយ​មើលឃើញ ។

– ត្រូវមាន​បញ្ជាក់​ពី​សេវាកម្ម​ដែល​ភ្ជាប់​ជាមួយ និង​ព័ត៌មានផ្សេងៗបន្ថែមទៀត ដែល​ចាំបាច់​សម្រាប់​ជា​មូលដ្ឋាន​ពិចារណា​ជ្រើសរើស​ដោយ​ភ្ញៀវ។

– ត្រូវមាន​បញ្ជាក់​តម្លៃ​ឱ្យបាន​ជាក់លាក់ និង​ការប្រើប្រាស់​តម្លៃ​តាម​ជម្រើស​បន្ថែមផ្សេងៗដែលមាន។

– ត្រូវ​ផ្ដល់ជូន​ភ្ញៀវទេសចរ​មុនពេល​ពួកគេ​សម្រេចចិត្ត​ប្រើប្រាស់ ឬ​ទទួលយក​សេវាកម្ម​ទេសចរណ៍។

2). ចំពោះ​សេវាកម្ម​ម្ហូបអាហារ តូប​លក់​ម្ហូបអាហារ តូប​លក់​អាហារ​ចល័ត ដែល​ប្រកប​អាជីវកម្ម​ជា​លក្ខណៈ​តូចតាច ឬ​ការគ្រប់គ្រង​លក្ខណៈ​គ្រួសារ ក៏ត្រូវ​អនុវត្តតាម​កា​រ​ណែនាំ​ដូច​បានបញ្ជាក់​ជូន​ខាង​លើ ឬ​យ៉ាងហោច​ត្រូវមាន​ដាក់តាំង​បង្ហាញ​ជា​រូបភាព ឬ​ទម្រង់​ងាយស្រួលផ្សេងៗ អំពី​ម្ហូបអាហារ ដែលមាន​ជូន​ភ្ញៀវ​ពិសា​ដោយមាន​បញ្ជាក់​តម្លៃ​ជាក់លាក់។

3). ការដាក់​ឈ្មោះ​សេវាកម្ម និង​ឈ្មោះ​មុខម្ហូបនីមួយៗ ត្រូវគោរព​តាម​អត្តសញ្ញាណ​ជាតិ សាសនា វប្បធម៌ ប្រពៃណី និង​ទ​នៀម​ទម្លាប់​ខ្មែរ។

4). ចំពោះ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ដែល​ពុំ​អនុវត្តតាម​ការណែនាំ គឺជា​កម្មវត្ថុ​នៃ​ការដកហូត​អាជ្ញា​បណ្ណ ទេសចរណ៍ ស្របតាម​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន។

Advertisement