ភ្លើង​គប់​ស៊ី​ហ្គេម​ត្រូវ​បញ្ឆេះ​ដោយ​ពន្លឺ​ថ្ងៃ​ក្នុង «ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត»

«ថ្ងៃនេះ​មាន​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត ជាមួយនឹង​ភ្លើង​គប់​ស៊ី​ហ្គេម​នឹង​ត្រូវបាន​បញ្ឆេះ​ដោយ​ពន្លឺព្រះអាទិត្យ​ដែល​រះ​នៅមុខ​ប្រាសាទអង្គរវត្ត ដោយ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ព្រះ​រាជពិធី​សុំ​ភ្លើង “ព្រះអាទិទេព​កីឡា” ដើម្បី​ដុត​ភ្លើង​គប់​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី 32 និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ 2023» ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃទី 21 នេះ បានឱ្យដឹង​ដូច្នេះ។

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ខាងលើនេះ​ព្រ​ព្រឹ​ត្ត​ទៅ​នៅ​ថ្ងៃទី 21 មីនា 2023។ កាលពី​ម្សិលមិញ ក្រសួង​ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី «បាតុភូតធម្មជាតិ​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត» ឬ EQUINOX ដែល​កើតឡើង​ចន្លោះ​ថ្ងៃទី 20 ឬ21 ឬ 22 ឬ 23 ខែមីនា ឆ្នាំ 2023។ នេះ​គឺ​ទស្សនីយភាព​ពិ​សេសមួយ​សម្រាប់​ទេសច​រ​គ្រប់រូប។

យោងតាម​ក្រសួងទេសចរណ៍ «បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត (EQUINOX)» កើត​ឡើងជា​រៀងរាល់ឆ្នាំ​ចំនួន​ពីរលើក គឺ​នៅ​ខែមីនា​ម្ដង និង​ខែកញ្ញា​ម្ដងទៀត។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​អច្ឆរិយ​ភាព​នៃ​ប្រាសាទអង្គរវត្ត ដែល​បុព្វបុរស​ខ្មែរ​បាន​កសាងឡើង​ដោយមាន​ការគិតគូរ​អំពី​ស្ថាបត្យកម្ម និង​ការផ្សារភ្ជាប់​ជាមួយនឹង​ធម្មជាតិ​រវាង​ផែនដី និង​ព្រះអាទិត្យ​យ៉ាងច្បាស់​លាស់​គួរ​ស្ញប់ស្ញែង​ជាទីបំផុត។

 

ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា នៅ​ឆ្នាំ 2023 បាតុភូត​នេះ​អាច​កើតឡើង​ចាប់ពី​ម៉ោង 05 កន្លះ​ព្រឹក ដល់​ម៉ោង 07 ព្រឹក។ ក្រសួងក៏​បាន​អំពាវនាវ​ដល់​គ្រប់​សមាគម​ទេសចរណ៍ ស្ថាប័ន​ពាក់ព័ន្ធ អ្នកសារព័ត៌មាន  ទេសចរ​ជាតិ-អន្តរជាតិ និង​សាធារណជន​ទូទៅ​ចូលរួម​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​នេះ​ផងដែរ៕

Advertisement