រថភ្លើង​ល្បឿន​លឿនចិន​-ឡាវ នឹង​ជំរុញ​​លំហូរ​ទេសចរ​បរទេស​មក​កម្ពុ​ជា

(វៀងចន្ទន៍)៖ រថភ្លើង​ល្បឿន​លឿន​គួ​ន​មិញ (ប្រទេស​ចិន)-វៀងចន្ទន៍ (ប្រទេស​ឡាវ) ជា​ក្តីសង្ឃឹម​នៃ​លំហូរ​ទេសចរ​មក​ប្រទេស​កម្ពុជា នា​ថ្ងៃ​អនាគត នេះ​បើតាម​ប្រសាសន៍​របស់ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍។

ឯកឧត្ដម ថោង ខុន ក្នុង​ខែមីនា​ឆ្នាំនេះ បាន​ដឹកនាំ​ប្រតិភូ​ក្រសួងទេសចរណ៍​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ។ នាឱកាស​នោះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បានធ្វើ​ដំណើរ​តាម​រថភ្លើង​ល្បឿន​លឿន​រត់​ពី​រដ្ឋធានី​វៀង​ចន្ទ ទៅកាន់​ហ្លួងព្រះបាង។

«រថភ្លើង​ល្បឿន​លឿន​រត់​ពី​វៀង​ចន្ទ​ទៅ​ហ្លួងព្រះបាង ឆ្លងទៅ​ទីក្រុង​គួ​ន​មិញ ខេត្ត​យូ​ណាន (ប្រទេស​ចិន) មាន​អ្នកដំណើរ​ឡាវ ថៃ​ជិះ​ច្រើន​ទៅលេង​ចិន និង​អ្នកដំណើរ​ចិន​មកកាន់​ឡាវ និង​ថៃ» លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូច្នេះ និង​បន្តថា ប្រការនេះ​បង្ហាញ​ពី​ក្តីសង្ឃឹម​អំពី​លំហូរ​ទេសចរ​មក​កម្ពុ​ជា​នៅ​ថ្ងៃមុខ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​សង្កត់ធ្ងន់ថា «មាន​មនុស្ស​ច្រើម​ន​ណាស់​ចូលចិត្ត​ធ្វើដំណើរ។ ថ្លៃ​សំបុត្រ​ថោក ហើយ​សុវត្ថិភាព»។

យោង​តាម​ក្រសួង​ទេសចរណ៍ គណៈ​ប្រតិភូ​កម្ពុជា និង​ភាគី​ឡាវ ក៏បាន​ជំរុញឱ្យមាន​ការសម្រួល​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ដើម្បី​ជំរុញ​កំណើន​ទេសចរ​ទៅ-មករ​វាង​ប្រទេស​ទាំងពីរ។

ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​ត​ភ្ជាប់​រដ្ឋធានី​វៀងចន្ទន៍​របស់​ឡាវ និង​ទីក្រុង​រដ្ឋបាល​គួ​ន​មិញ​នៃ​ខេត្ត​យូ​ណាន​របស់​ប្រទេស​ចិន ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី 03 ធ្នូ 2021 បន្ទាប់ពី​ការស្ថាបនា​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ។

ដោយ​អាច​បើកបរ​ក្នុង​ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង ផ្លូវដែក​ប្រវែង 1,035 គីឡូម៉ែត្រ​ពី​គូ​ន​មិញ​ទៅកាន់​វៀងចន្ទន៍​នេះ ត្រូវ​ឆ្លងកាត់​ផ្លូវ​រូង​ក្នុង​ភ្នំ និង​ស្ពាន​រាប់រយ​គីឡូម៉ែត្រ។ កំណត់​ផ្លូវ​ដែល​ស្ថិតក្នុង​ប្រទេស​ឡាវ​មាន​ប្រវែង 422 គីឡូម៉ែត្រ រាប់​ពី​រដ្ឋធានី​វៀងចន្ទន៍​ដល់​ស្ថានីយ Boten នៅក្បែរ​ព្រំដែន​ឡាវ-ចិន។

គម្រោង​ផ្លូវដែក​ល្បឿន​លឿន​នេះ​មានតម្លៃ 6 ពាន់​លាន​ដុល្លារ​អាម៉េរិក។ នេះ​គឺជា​ផែនការ​ដំបូង​នៅក្នុង​មហិច្ឆតា​របស់​ប៉េកាំង ទាក់ទង​នឹង​បណ្ដាញ​ផ្លូវដែក​ដែល​ត​ភ្ជាប់​ភាគខាងត្បូង​ប្រទេស​ចិន​ជាមួយនឹង​បាងកក (ប្រទេស​ថៃ), កូ​ឡា​ឡាំ​ពួ (ម៉ាឡេស៊ី) និង​ចុងក្រោយ​គឺ​សិង្ហ​បុរី៕

Advertisement