និន្នាការ​ទេសចរណ៍​ថ្មី​ដែល​នឹង «ផ្ទុះការ​ពេញនិយមបំផុត» នៅ​ឆ្នាំ 2023

ដើរទេស​ចរណ៍​ដើម្បី​ស្វែងរក​ភាពស្ងប់ស្ងាត់​ក្នុង​ចិត្ត ចាក​ផុតពី​តំបន់​សុវត្ថិភាព​របស់ខ្លួន ឬ​ទេសចរណ៍​បណ្ដើរ​ធ្វើការ​បណ្ដើរ គឺជា​និន្នាការ​ទេសចរណ៍​ថ្មី​ដែល​មនុស្ស​ជាច្រើន​កំពុង​ជ្រើសរើស។

ខាងក្រោម​នេះ​គឺជា​និន្នាការ​ទេសចរណ៍​ថ្មី​ក្នុង​ឆ្នាំ 2023 ដែល​ទើប​ត្រូវបាន Travel + Leisure ប្រកាស​កាលពី​ថ្ងៃទី 04 មករា 2023។ លទ្ធផល​នេះ​គឺ​បានមកពី​ការស្ទង់មតិ​ពី​ទេសចរ អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍ និង blogger ផ្នែក​ទេសចរណ៍​ជាង 24,000 នាក់ មកពី 32 ប្រទេស​នៅ​ជុំវិញ​ពិភពលោក។

លទ្ធផល​នៃ​ការស្ទង់មតិ​ខាងលើ​បង្ហាញថា មនុស្ស 73% មាន​អារម្មណ៍​ថា​ជឿជាក់​ជាង​មុន​នៅក្នុង​ការដើរ​ទេសចរ​ណ៍ បើ​ធៀប​នឹង​ឆ្នាំ​កន្លង។ 88% ចង់ទៅ​ទេសចរណ៍​ដើម្បី​រម្លឹក​អនុស្សាវរីយ៍ចាស់ៗ ខណៈ 61% ចង់ទៅ​កម្សាន្ត​នៅឯ​ឧទ្យាន​បែប​ប្រពៃណី​បុរាណ និង 54% ចង់​រៀប​គម្រោង​លំហែកាយ​ជាមួយ​គ្រួសារ ឬ​ទៅសួរសុខទុក្ខ​ញាតិមិត្ត​ជិតស្និទ្ធ​នៅ​ទី​ឆ្ងាយ។

ឆ្នាំ 2023 មាន​មនុស្ស 47% ចង់ទៅ​ទេសចរណ៍​នៅ​តំបន់​ដែលមាន​មុខម្ហូប​អាហារ​ពិសេស និង​ចម្លែក។ 44% ក្នុងចំណោម​មនុស្ស​ដែល​ត្រូវបាន​សួរ ឆ្លើយថា ការទទួល​បទពិសោធ​ន៍​ផ្នែក​សុខភាព​ផ្លូវចិត្ត ហាត់​សមាធិ​ជាដើម​នៅពេល​ទៅ​លំហែកាយ គឺជា​រឿង​ដែល​ពួកគេ​ចង់បាន។

ពិសេស​ជាង​គឺថា ឆ្នាំនេះ​ទេសចរ 73% មាន​និន្នាការ​ចង់​ចាកចេញ​ផុតពី​តំបន់​សុវត្ថិភាព​របស់ខ្លួន។ 38% ចង់ទៅ​កាន់​ទីឋាន​ពិសេស ជា​កន្លែង​ដែល​គួរឱ្យ​ចង់​រស់នៅ។

មនុស្ស 66% ចង់​មានដំណើរ​ទេសចរណ៍​បែប​លំហែកាយ 100% មិនត្រូវ​រំខាន​ដោយ​កិច្ចការ​នៅ​ក្រុមហ៊ុន។ ចំណែក 59% និយាយថា ការ​ទៅ​កំសាន្ត​នៅ​តំបន់ ទីតាំង​ទេសចរណ៍ ទីតាំង​កំសាន្ត​ថ្មី​នឹង​ជួយ​ឱ្យ​ពួកគេ​ធ្វើការ​បានល្អ​ជាង​មុន ពេល​ត្រលប់​មកវិញ។

ទន្ទឹមនឹងនេះ មាន 55% និយាយថា ចង់ទៅ​ទេសចរណ៍​បែប​ធម្មជាតិ ដោយ​មិន​ប្រើ​អ៊ី​ន​ធើ​ណិ​ត ឬ​ទូរស័ព្ទ​ឆ្លាត​វៃ។ ចំណែក​មនុស្ស 68% ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សួរ និយាយថា ពួកគេ​ត្រៀមខ្លួន​នឹង​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការ​ស្នាក់នៅ ដោយ​គិតតែ​ការទទួល​បទពិសោធន៍​បែប​ធូរ​ថ្លៃ ហើយ​អ្នកខ្លះ​ក៏​ថា ចូលចិត្ត​ធ្វើការ​បណ្ដើរ ដើរទេស​ចរណ៍​បណ្ដើរ៕

Advertisement