ជ្រោះ​ទឹកធ្លាក់ Niagara កក​មួយផ្នែកធំ​ដោយសារ​ព្យុះ​ព្រឹល (វីដេអូ)

(សហរដ្ឋ​អាម៉េរិក)- មួយផ្នែក​នៃ​ជ្រោះ​ទឹកធ្លាក់ Niagara នៅក្នុង​រដ្ឋ New York បាន​កក​ជា​ទឹកកក​នៅក្នុង​គ្រា​ដែល​ព្យុះ​ព្រឹល​ដ៏​ត្រជាក់​កំពុង​វាយប្រហារ បង្កើតបាន​​ជា​ទិដ្ឋភាព​ដូច​ក្នុង​រឿងព្រេង។

ទិដ្ឋភាព​នៅក្នុង​រូបថត និង​វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​កាលពី​ថ្ងៃទី 27 ធ្នូ 2022 បាន​បង្ហាញថា ជ្រោះ​ទឹកធ្លាក់​ដ៏​ល្បីឈ្មោះ​ដែល​ស្ថិតនៅ​ចន្លោះ​រដ្ឋ New York របស់ សហ​ដ្ឋ​អាម៉េរិក និង​ខេត្ត​ Ontario របស់ កាណាដា ត្រូវ​កក​ត្រង់​ផ្នែក​ខាងក្រោម និង​ផ្នែក​ដែល​នៅ​ជុំវិញ។

ស្ថានីយ​ឆ្លុះ​មើល​សម្រាប់​ភ្ញៀវ​ក៏ត្រូវ​គ្របដណ្ដប់​ដោយ​ផ្ទាំង​ទឹកកក​សក្បុស នាំឱ្យ​អ្នកយកព័ត៌មាន​របស់ New York Post ហៅ​ទីនេះ​ថា «ដូច​ទិដ្ឋភាព​នៅក្នុង​រឿងព្រេង»។

បាតុភូត​នេះ​កើតឡើង​នៅពេល​ព្យុះ​ព្រឹល​រដូវរងា​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ភាគ​ឦសាន​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ចុង​សប្ដាហ៍​កន្លង នាំមក​នូវ​អាកាសធាតុ​ដ៏​សែន​ត្រជាក់ និង​ស្រទាប់​ព្រឹល​យ៉ាង​ក្រាស់​ធ្លាក់​ទៅលើ​ទីក្រុង Buffalo រដ្ឋ New York ដែលមាន​ចម្ងាយ​ពី​ជ្រោះ Niagara ប្រហែល 40 គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង។

ជ្រោះ​ទឹកធ្លាក់​ខាងលើនេះ​ធ្លាប់បាន​កក​មួយផ្នែក​ចំនួន 5 ដង​មកហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ។ ប៉ុន្តែ​វា​មិន​ធ្លាប់បាន​កក​ទាំងស្រុង​ឡើយ ដោយសារតែ​ទឹក​ដែល​ហូរ​មក​មាន​បរិមាណ​ដ៏​ច្រើន បូករួម​នឹង​ចលនា​ជា​បន្តបន្ទាប់​របស់​ខ្សែទឹក​ដែលមាន​កម្លាំង​ខ្លាំង។

យោងតាម​មន្ត្រី​របស់​ឧទ្យាន​ជ្រោះ​ទឹកធ្លាក់ Niagara ទឹក​ប្រហែល 3,160 តោន ហូរ​ឆ្លងកាត់​ជ្រោះ​នេះ​ជា​រៀងរាល់​វិនាទី និង​ធ្លាក់ចុះ​ក្នុង​ល្បឿន​ជិត 10 ម៉ែត្រ/វិនាទី៕

ជ្រោះ​ទឹក​ធ្លាក់ Niagara នៅមុន​ពេល​កក
Advertisement