ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំនេះ ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ប្រហាក់ប្រហែល​នឹង​មុន​សម័យ​កូ​វីដ-១៩

បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល ៣ ថ្ងៃ ដែល​រាប់​ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ ២០២២ កម្ពុជា ទទួលបាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន ៤,៥៩០,៣២៦ នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​ជាង ៤,៥៦១,០០០ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​ចំនួន​ជាង ២៨,៨០០ នាក់។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានឱ្យដឹង​ដូចខាងលើ និង​បញ្ជាក់ថា គោលដៅ​ទេសចរណ៍សំខាន់ៗក្នុងអំឡុង ៣ ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ រួមមាន ខេត្តបាត់ដំបង (ទទួលបាន​ភ្ញៀវ​ជាង ៥៦៥,០០០ នាក់) ,ខេត្តកំពង់ចាម (ជាង ៥១៤,០០០ នាក់), ខេត្តសៀមរាប (ជាង ៤០០,០០០ នាក់), ខេត្តបន្ទាយមានជ័យ (ជាង ៣៨៨,០០០ នាក់), ខេត្តព្រៃវែង (ជិត ៣៨៣,០០០ នាក់), ខេត្តកំពង់ស្ពឺ (ជាង ៣៣១,៨០០ នាក់), ខេត្តពោធិ៍សាត់ (ជាង ២៩៨,០០០ នាក់), ខេត្តកំពង់ឆ្នាំង (២៧៥,៤០០ នាក់), ខេត្តកំពត (ជាង ២៥៤,០០០ នាក់), ខេត្ត​ព្រះសីហនុ (ជាង ២៣២,០០០ នាក់) និង​រាជធានី​ភ្នំពេញ (ជាង ២២២,០០០ នាក់)។

ជា​សរុប រយៈពេល ៣ ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ នេះ មាន​ភ្ញៀវ ប្រហាក់ប្រហែល​នឹង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កាលពី​ឆ្នាំ ២០១៩ ដែលមាន​ចំនួន​ជាង ៤,៧២៦,០០០ នាក់។

តួលេខ​ខាងលើ​មិនបាន​រាប់បញ្ចូល​ប្រជាពលរដ្ឋ​ដែល​ទៅ​ជួបជុំ​ទទួល​អាហារ​ជា​លក្ខណៈ​ក្រុមគ្រួសារ​នៅតាម​អាហារ​ដ្ឋា​ន និង​ទីតាំង​ដែលមាន​រៀបចំ​ជា​ខ្យូ​ស (Kiosque) អង្គុយលេង​ញ៉ាំ​អាហារ និង​ចំនួន​ប្រជាពលរដ្ឋ​ជាច្រើន​ផ្សេងទៀត ដែល​បានរៀបចំ​ជា​កម្មវិធី​ជួបជុំ​នៅ​រាំលេង​កម្សាន្ត ជះ​ទឹក លាបម្សៅ​តាម​គេហដ្ឋាន និង​តាម​ភូមិ​ស្រុក​នោះទេ។ នេះ​បើតាម​ការបញ្ជាក់​របស់ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍។

Advertisement