ក្រោយ​រកឃើញ​អាថ៌កំបាំង​នៃ​ការចេញ​លទ្ធផល​ឆ្នោត គណិត​វិទូ​ម្នាក់​រកបាន26លាន​ដុល្លារ បន្ទាប់ពី​លេងឆ្នោត10ឆ្នាំ

ក្រោយ​ការចំណាយ​ពេល​អស់​ជាច្រើន​ថ្ងៃ​ដើម្បី​គណនា​អំពី​វិធី​ដែល​អាច​នាំឱ្យ​ត្រូវ​ឆ្នោត ជា​ចុងក្រោយ គណិត​វិទូ​អាយុ 64 ឆ្នាំ បាន​រកឃើញ​ចន្លោះប្រហោង​ក្នុង​ប្រព័ន្ធ​ចេញ​លេខឆ្នោត​របស់​រដ្ឋ ដែល​នេះ​បាន​ជួយ​ឱ្យ​លោក​ត្រូវ​ឆ្នោត​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​យ៉ាងយូរ រហូតដល់​បាន​ប្រា​ក់ជាង 26 លាន​ដុល្លារ​អាមេរិក។

ព្រឹក​មួយ​នៃ​ថ្ងៃ​ចុង​សប្ដាហ៍ ដែលជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​ដ៏​គាប់ប្រសើរ​នៃ​ជីវិត​គ្រួសារ​មួយ​គ្រួ​នៅ​សហរដ្ឋអាមេរិក។ អ្នកស្រី Marge Selbee បាន​ឆុង​កាហ្វេ​យកទៅឱ្យ​ស្វាមី​ដែល​កំពុង​ធ្វើ​កិច្ចការ​ម្យ៉ាង​ដែល​គាត់​មិន​ធ្លាប់​បានធ្វើ​ទាល់តែសោះ នោះ​គឺ​ការ​គណនា​លេខ​ដ៏​ស្មុគស្មាញ​នៅលើ​ក្រដាស​ដែល​ទំនងជា​មិនមាន​អ្នកណា​អាច​មើល​យល់។

ឆ្ងល់​ពេក អ្នកស្រី Marge ជា​ភរិយា​ក៏បាន​សួរ៖ «បង​កំពុង​ធ្វើ​អ្វី​ហ្នឹង?»។

ស្វាមី​អ្នកស្រី​ក៏​ងាក​មករក ហើយ​និយាយថា៖ «បង​គិតថា បង​ទើបតែ​បាន​រកឃើញ​វិធី «ហែក» ប្រព័ន្ធ​ចេញ​លទ្ធផល​ឆ្នោត​របស់​រដ្ឋ Michigan»។

អ្នកស្រី Marge ញញឹម ហើយក៏​មិនបាន​គិត​អ្វី​នោះដែរ។ ប៉ុន្តែ ក្រោយពី​អ្នកស្រី​ញ៉ាំ​កាហ្វេ​អស់ពី​ពែង ភ្លាមនោះ Jerry ដែលជា​ស្វាមី ក៏​បានមក​អង្គុយ​ក្បែរ និង​បង្ហាញ​អាថ៌កំបាំង​ដ៏​អស្ចារ្យ​ដែលមាន​តម្លៃ​ឡើងដល់ 26 លាន​ដុល្លារ​អាមេរិក។

រូបរាង​ខាងក្រៅ​របស់លោក Jerry មើលទៅ​ដូច​ធម្មតា​ណាស់ ប៉ុន្តែ​តាមពិត គាត់​គឺជា​អនុបណ្ឌិត​ផ្នែក​គណិតវិទ្យា។ លោក​មាន​បញ្ញា​យ៉ាង​ពិសេស​តាំងពី​នៅ​ជា​កុមារ។

ពុំមាន​អ្នកណាម្នាក់​អាច​នឹកស្មាន​ដល់​ថា គ្រួសារ​ដែល​មិនចេះ​ផឹកស្រា ជក់បារី ឬ​លេងល្បែង​មួយ​នេះ បែរជា​ធ្វើ​រឿងរ៉ាវ​មួយ​ដ៏​មហាអស្ចារ្យ​យ៉ាង​ដូច្នេះ​សោះ។

លោក Jerry Selbee ធ្លាប់​ធ្វើការ​ក្នុង​វិស័យ​លក់ទំនិញ​ឱ្យ​រោងចក្រ និង​ការិយាល័យ នៅមុន​ពេល​លោក​ធុញ​ធ​ប់​នឹង​ការងារ​ស៊ីឈ្នួល​ទាំងនេះ។ ត្រូវ​ចិញ្ចឹម​ប្រពន្ធ និង​កូន 6 នាក់ លោក Jerry Selbee ក៏បាន​សម្រេចចិត្ត​បើកហាង​ទំនើប​តូច​មួយ​នៅ​តំបន់ Evart រដ្ឋ Michigan (សហរដ្ឋអាមេរិក)។ ពួកគេ​មិនបាន​គិតថា​នឹង​ក្លាយជា​សេដ្ឋី​នោះឡើយ។

ក្រោយមក គ្រួសារ​នេះ​បាន​ងាក​មក​ធ្វើជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន​ឆ្នោត​នៃ​ទីក្រុង Evart។ អតិថិជន​របស់​គ្រួសារ​នេះ​ជាច្រើន​ដែល​នៅឆ្ងាយៗ តែង​នាំគ្នា​មក​ទិញ​ឆ្នោត​ដែល​លោក​កំពុង​លក់។

លោក Jerry Selbee ទំនងជា​យល់ច្បាស់​អំពី​តួលេខ​ជាងអ្នកណាៗទាំងអស់។ ដើម្បី​ជាការ​កំសាន្ត លោក​តែងតែ​ស្វែងយល់​អំពី​ទិន្នន័យ​នៅលើ​ខ្នង​សន្លឹកឆ្នោត។

ឆ្នាំ 2003 រង្វាន់​ឆ្នោត​មួយ​ប្រភេទ​ត្រូវបាន​ក្រុមហ៊ុន​ឆ្នោត​បង្កើតឡើង និង​មាន​ឈ្មោះថា Winfall។ លក្ខខណ្ឌ​ដើម្បី​ឈ្នះ​គឺ​សាមញ្ញ​ណាស់៖ អ្នក​ជ្រើសរើស​លេខ​ចាប់ពី 1 ដល់ 49។ បើសិន​ត្រូវ​មួយ​លេខ ពីរ​លេខ បី​លេខ ឬ​បួន​លេខ ប្រាក់រង្វាន់​នឹងត្រូវ​កើនឡើង។ ប៉ុន្តែ បើសិនជា​ត្រូវ​ទាំង 6 លេខ អ្នកនឹង​ឈ្នះ​យ៉ាងតិច 2 ពាន់​លាន​ដុល្លារ។

បើសិន​ពុំមាន​អ្នក​ត្រូវ តម្លៃ​នៃ​ប្រាក់រង្វាន់​ក៏​នឹងត្រូវ​កើនឡើង​ជា​រៀងរាល់​សប្ដាហ៍។ ក្រោយ​ការចេញ​លទ្ធផល​ឆ្នោត​បាន 6 សប្ដាហ៍ នៅពេល​រង្វាន់​ពិសេស​មានតម្លៃ​ឡើងដល់ 5 លាន​ដុល្លារ ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ឆ្នោត​នឹងមាន​កម្មវិធី «Roll Down»។ Roll Down កើតឡើង​នៅពេល​ប្រាក់រង្វាន់​ត្រូវ​ចែក​ដល់​ក្រុម​អតិថិជន​ដែល​ត្រូវ​ប្រាំ​លេខ បួន​លេខ និង​បី​លេខ។

នេះ​គឺជា​ចំណុច​ដែល​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ឆ្នោត​របស់​រដ្ឋ Michigan បង្កើតឱ្យមាន​កំហុសឆ្គង។ ពួកគេ​ស្រង់​ស្ថិតិ​នៃ​ប្រូ​បាប​ឈ្នះ​ទាក់ទង​នឹង​ខ្ទង់​លេខនីមួយ។

ការបកស្រាយ​អំពី​ក្បួន​គណនា​នេះ​នឹងត្រូវ​ចំណាយពេល​ច្រើន ប៉ុន្តែ​និយាយ​រួម Jerry បាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​ប្រូ​បាប​ឈ្នះ​ទាំងនោះ ក៏ដូចជា​ការ​គណនា​អំពី​ពេលវេលា​ដែល «Roll Down» នឹង​កើតឡើង។ តាម​ការវិភាគ លោក Jerry Selbee រកឃើញថា សន្លឹកឆ្នោត​មួយ​សន្លឹក​ដែលមាន​តម្លៃ 1 ដុល្លារ នឹងមាន​តម្លៃ​ច្រើនជាង 1 ដុល្លារ នៅក្នុង​សប្ដាហ៍​ចុងក្រោយ​មួយចំនួន មុននឹង​មាន​ព្រឹ​ត្ត​ការណ៍ «Roll Down»។

ដោយហេតុ​ខាងលើនេះ Jerry Selbee បានសម្រេច​ចិត្ត​រៀបចំ​ផែនការ​ដើម្បី​តាម​ប្រមាញ់​ប្រាក់រង្វាន់។

លោក Jerry Selbee បានដឹងថា លោក​ត្រូវ​ចាក់​ធំ​ដើម្បី​បាន​ប្រាក់ចំណេញ​ច្រើន។ ក្នុងការ​សាកល្បង​ដំបូង Jerry Selbee បាន​ទិញ​សន្លឹកឆ្នោត​ជាច្រើន​សន្លឹក​ដែលមាន​តម្លៃ​សរុប 2,000 ដុល្លារ។

ជា​លទ្ធផល Jerry Selbee ខាត​អស់ 50 ដុល្លារ។ លោក​ចាត់ទុកថា នេះ​គ្រាន់តែ​ជា​សំណាង​មិនល្អ​មួយ និង​នៅតែ​ស្ថិតក្នុង​តួលេខ​ដែល​អាច​ទទួលយកបាន។ គណិត​វិទូ​រូបនេះ ក្រោយមក​ក៏បាន​រកឃើញ្ថា ខ្លួន​ត្រូវ​លេង​ធំ​ជាង​នេះ។

បី​ខែក្រោយ ព្រឹ​ត្រិ​ការណ៍ «Roll Down» បន្ទាប់ ត្រូវបាន​ប្រកាស។ Jerry Selbee បាន​ទិញ​សន្លឹកឆ្នោត​យ៉ាងច្រើន និង​មានតម្លៃ​សរុប 8,000 ដុល្លារ។ លោក​ឈ្នះ​បាន 15,700 ដុល្លារ ក្នុងនោះ​ចំណេញ​បាន 7,700 ដុល្លារ។ ចាប់តាំងពី​ពេលនេះ អ្វីៗគ្រប់យ៉ាង បាន​ដំណើរ​ការល្អ។

រៀងរាល់​សប្ដាហ៍ លោក Jerry Selbee ក៏​ចេះតែ​ចំណាយ​ប្រាក់​ច្រើនជាង​មុន​ដើម្បី​ទិញ​សន្លឹកឆ្នោត ហើយ​មានពេលខ្លះ លោក​ចំណាយ​ដល់​រាប់សែន​ដុល្លារ​ឯណោះ។

គ្រួសារ​របស់លោក Jerry Selbee បានធ្វើ​ដូច្នេះ​អស់​រយៈពេល​ពេញ​មួយ​ទសវត្សរ៍ ដោយ​ពុំមាន​អាជ្ញាធរ​ណា​ចាប់អារម្មណ៍។ រហូតដល់​ថ្ងៃមួយ មាន​និស្សិត​មួយក្រុម​មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts (MIT) បាន​រកឃើញ​ចន្លោះប្រហោង​នេះដែរ​នៅក្នុង​ប្រព័ន្ធ​លទ្ធផល​ឆ្នោត ហើយ​ពួកគេ​ក៏បាន​ប្រមូលប្រាក់​សម្រុក​ទិញ​ឆ្នោត។

នៅពេល​ព័ត៌មាន​ខាងលើ​ត្រូវបាន​ចុះផ្សាយ​លើ​ទំព័រ​កាសែត ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ឆ្នោត​របស់​រដ្ឋ Michigan ក៏បាន​បិទ​រង្វាន់ Winfall នេះ​ភ្លាម។ ក៏ប៉ុន្តែ ពេលនោះ គ្រួសារ​របស់លោក Jerry រកបាន​ជាង 26 លាន​ដុល្លារ​ពី​ប្រព័ន្ធ​ឆ្នោត​របស់​រដ្ឋ Michigan ទៅហើយ។ ក្រោយពី​បាន​ដក​ការចំណាយ​នានា Jerry នៅសល់​ប្រាក់ចំណេញ​ជាង 8 លាន​ដុល្លារ​អាមេរិក។

នៅពេល​គ្រប់យ៉ាង​ត្រូវបាន​ទម្លាយ គូ​ស្វាមី-ភរិយា​នេះ មាន​អាយុ​ជិត 80 ឆ្នាំ​អស់​ទៅហើយ​ដែរ។ ពួកគេ​នៅតែ​រស់នៅ​យ៉ាង​សាមញ្ញ បើ​ទោះ​បាន​ក្លាយជា​សេដ្ឋី។

ដោយ​ប្រើប្រាស់​ចំណេះដឹង​ផ្នែក​គណិតវិទ្យា​របស់ខ្លួន Jerry បាន​ក្លាយជា​អ្នកមាន​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត ដោយ​មិនបាន​បំពាន​លើ​ច្បាប់​អ្វីមួយ​ទាំងអស់។ យ៉ាងណាក៏ដោយ មិត្ត​អ្នកអាន​មិនអាច​ធ្វើដូច្នេះបាន​ឡើយ ព្រោះថា នៅ​កម្ពុជា​មិនមាន​ឆ្នោត​ដែលមាន​រង្វាន់​ប្រភេទ Winfall ដូច​នៅក្នុង​រដ្ឋ Michigan នៃ​សហរដ្ឋអាមេរិក៕

ប្រភព៖ Medium

Advertisement