COVID-19! ទារក​ភ្លោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា​ “Corona” និង​ “Covid”

COVID-19! ទារក​ភ្លោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា​

ឥណ្ឌា៖ ប្ដីប្រពន្ធ​មួយ​គូនៅ​ឯទីក្រុង​ Raipur បាន​ដាក់​ឈ្មោះ​ឱ្យ​កូន​ភ្លោះ​របស់​ខ្លួន​ថា Corona និង​ Covid ដើម្បី​ចង​ចាំ​នូវ​ការ​លំបាកដែល​បង្ក​ឡើង​ដោយ​វីរុស​ COVID-19 ​ដែល​ពួកគេ​បាន​ឆ្លង​កាត់​។

ពាក្យ​ “Corona” និង “Covid” អាច​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​ ប៉ុន្តែ​ចំពោះ​ប្ដី​ប្រពន្ធ​មួយ​គូ​នៅ​ក្នុង​ទី​ក្រុង​ Raipur នៃ​រដ្ឋ​ Chhattisgarh របស់​ប្រទេស​ឥណ្ឌាវិញ បាន​ចាត់​ទុក​ថាជា​ និមិត្តរូប​នៃ​ការ​យក​ឈ្នះ​ទៅ​លើ​ស្ថាន​ភាព​លំបាក ដោយ​សារ​តែ​កូន​ភ្លោះ​របស់ពួក​គេ​បាន​ចាប់​កំណើត​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រជាជន​នៃ​ប្រទេស​ឥណ្ឌា​ទាំង​មូល​កំពុង​​រស់​នៅ​ក្រោម​បម្រាម​គោចរ​​។

“ខ្ញុំ​បាន​ទទួល​កូន​ទាំង​2​រូប​ ម្នាក់​ស្រី និង​ម្នាក់​ប្រុស កាល​ពី​ព្រឹក​ព្រលឹម​ក្នុង​ថ្ងៃទី​27​មីនា​” Preeti Verma អាយុ​27​ឆ្នាំ ជា​ម្ដាយ​របស់​ទារក​ភ្លោះ​ទើប​កើត​ បាន​និយាយ​បែប​នេះ​។ “ពួកយើង​បាន​ដាក់​ឈ្មោះ​ឱ្យកូនប្រុស​ថា Covid និង​កូនស្រី​ថា Corona។ ខ្ញុំ​បាន​បង្កើត​ពួកគេ​បន្ទាប់​ពី​បាន​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើន​ ដូច្នេះ​ហើយ ខ្ញុំ​ និង​ប្ដីខ្ញុំ​ មាន​បំណង​ចង់​ចង​ចាំ​កាលៈ​ទេសៈ​នេះ​”។

COVID-19! ទារក​ភ្លោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា​ "Corona" និង​ "Covid"
ទារក​ភ្លោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា​ “Corona” និង​ “Covid”

ប្ដី​ប្រពន្ធ​នេះ​ មាន​ស្រុក​កំណើត​នៅ​ក្នុង​រដ្ឋ Uttar Pradesh និង​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​នៅ​តំបន់ Raipur។ យប់​នៃ​ថ្ងៃទី​26​មីនា នាង​ Verma ឈឺ​ពោះ​យ៉ា​ង​ខ្លាំង​ ធ្វើ​ឱ្យ​ប្ដី​របស់នាង​ត្រូវ​ហៅ​ឡាន​ពេទ្យ​102 Mahtari Express មក​ដឹក​នាង​ទៅ​ពេទ្យ​ជា​បន្ទាន់​។ ប៉ុន្តែ មធ្យោបាយ​ធ្វើដំណើរ​ទាំង​អស់​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​អំឡុង​ពេល​អនុវត្ត​បទ​បញ្ជាបម្រាម​គោចរ​។ ពួកគេ​ត្រូវ​បាន​សមត្ថ​កិច្ច​ជា​ច្រើន​កន្លែងរារាំង​ និង​សួរ​នាំ​។ ញាតិ​របស់​ Verma ក៏មិន​អាច​ទៅ​ថែ​ទាំ​នាង​បាន​ ព្រោះ​តែ​រថយន្ត​ក្រុង​ និង​រថភ្លើង​សុទ្ធ​តែ​ត្រូវ​ផ្អាក​ដំណើរ​ការ​។

“ពួកគេ​បាន​សម្រេច​ចិត្តឆ្លង​ទន្លេ​ដោយ​ការ​​វះកាត់​ ព្រោះ​នេះ​គឺជា​ករណី​ស្មុគស្មាញ”។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ Shubhra Singh ដែលជា​តំណាង​របស់​មន្ត្រី​ពេទ្យ Dr BR Ambedkar Memorial។ ក្រោយ​រយៈ​ពេល​45​នាទី​ កូន​ភ្លោះ​មួយ​គូបាន​ចាប់​កំណើត​។ ទារក​ទាំង​2នាក់​នេះ មានសុខភាព​ល្អ និង​មាន​ទម្ងន់​2.9 និង​2.7​គីឡូក្រាម​។

Verma ថ្លែង​ថា បើ​ទោះជា​បង្ក​គ្រោះ​ថ្នាក់​ធំធេង ប៉ុន្តែ វីរុសCOVID-19 បាន​ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​អនាម័យ​ជាង​មុន​ និង​ចងចាំ​ទម្លាប់​ល្អ​ផ្សេង​ៗ​ទៀត​។

COVID-19! ទារក​ភ្លោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា​ "Corona" និង​ "Covid"“នៅ​ពេល​បុគ្គលិក​ពេទ្យ​បាន​ហៅ​ទារក​ទាំង​2ថា Corona និង Covid​ យើង​ក៏សម្រេច​ចិត្ត​ដាក់​ឈ្មោះ​នេះ​ឱ្យ​កូនៗ” Verma និយាយ​បែប​នេះ​។ ប៉ុន្តែ​ ប្ដីប្រពន្ធ​នេះ​បាន​ឱ្យ​ដឹង​ថា ពួកគេ​អាច​នឹង​កែ​ប្រែ​ការ​សម្រេច​ចិត្ត​ និង​ប្ដូរ​​ឈ្មោះ​ឱ្យ​កូនៗ នៅ​ពេល​ក្រោយ​។

ប្រទេស​ឥណ្ឌា បច្ចុប្បន្ន​មាន​អ្នក​ជំងឺ​ COVID-19 ជាង​2,500​នាក់ ក្នុង​នោះ​មាន​70​នាក់​បាន​បាត់បង់ជីវិត​។ រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ដាក់​បម្រាម​គោចរ​ចាប់ពីថ្ងៃទី​25មីនា​ ដោយ​ស្នើ​ឱ្យប្រជាជន​ប្រមាណជា​1.3​ពាន់​លាន​នាក់​ នៅ​តែ​ក្នុង​ផ្ទះ​ ហើយ​មាន​តែ​សេវា​កម្ម​ចាំបាច់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​៕

ប្រភព៖ សារ​ព័ត៌មានបរទេស​

Advertisement