ព្រោះតែ​​រៀបការ​គគ្រឹកគគ្រេង​ឱ្យ​សុនក ស្ត្រី​ពីរ​នាក់​ត្រូវគេ​ជេរ​ពេញ​បណ្ដាញ​សង្គម

(ឥណ្ឌូណេស៊ី) – ស្ត្រី​ពីរ​នាក់​នៅ​រដ្ឋធានី​ហ្សា​ការ​តា ត្រូវ​សាធារណជន​រិះគន់​យ៉ាង​ចាស់ដៃ ហើយ​ត្រូវ​ធ្វើការ​សូម​អភ័យទោស បន្ទាប់ពី​បានធ្វើ​ពិធី​រៀបការ​យ៉ាង​គគ្រឹកគគ្រេង​ឱ្យ​សុនក​សំណព្វ​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​។

សុនក​ពីរ​ក្បាល​ដែលជា​ពូជ​ Alaska Malamute ត្រូវបាន​ម្ចាស់​ធ្វើ​ពិធី​រៀបការ​ឱ្យនៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ក្នុង​រដ្ឋធានី​ហ្សា​ការ​តា កាលពី​ថ្ងៃទី 17 កក្កដា 2023។ ពួកវា​ស្លៀកពាក់​ឈុត​ប្រពៃណី​របស់​ជនជាតិ​ជ្វា ដែល​ភាគច្រើន​រស់នៅ​លើ​កោះ​ជ្វា​របស់​ឥណ្ឌូណេស៊ី។ ពិធី​ចម្លែក​នេះ​បាន​ចំណាយ​ប្រាក់​អស់ 200 លាន​រូពៀ​ឥណ្ឌូណេស៊ី ដែល​ប្រហែល​នឹង 13,300 ដុល្លារ​អាម៉េរិក។

រូបភាព​ស្ដីពី​ពិធី​រៀបការ​សុនក​នេះ​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម ហើយក៏​ក្លាយជា​ប្រធានបទ​ជជែក​គ្នា និង​នាំឱ្យមាន​ការរិះគន់ធ្ងន់ៗ។ ម្ចាស់​របស់​សុនក​ខាងលើ កាលពី​ថ្ងៃទី 19 កក្កដា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​សូមការ​​អភ័យទោស។

Indira Ratnasari ដែលជា​ម្ចាស់​របស់​សុន​កញី ឈ្មោះ Luna បកស្រាយ​ថា «ពួកយើង​មិនមាន​ចេតនា​ប្រមាថមើលងាយ​វប្បធម៌​ឥណ្ឌូណេស៊ី និង​ជ្វា​នោះទេ»។ យោងតាម​សារព័ត៌មាន​ក្នុងស្រុក Indira Ratnasari គឺជា​បុគ្គលិក​ការិយាល័យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី។

ចំណែក Valentine Cahandra ដែល​ជា​ម្ចាស់​របស់​​សុនក​ឈ្មោល Jojo បាន​អះអាងថា ពិធី​រៀបការ​នេះ​ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ជ្វា។ ក៏ប៉ុន្តែ ជនជាតិ​ឥណ្ឌូណេស៊ី​ជាច្រើន​មិន​ពេញចិត្ត ក្នុងនោះ​អ្នកខ្លះ​ក៏​សរសេរថា ការរៀប​ការឱ្យ​សុនក​គឺជា​រឿង​ខ្ជះខ្ជាយ​៕

Advertisement