ទំនៀម​ទម្លាប់​​ចម្លែក​៖ កូន​ក្រមុំ​ត្រូវ​យំ​មួយ​ម៉ោង​/ថ្ងៃ​ ពេញ​មួយ​ខែ​ មុន​ពេល​រៀប​ការ

ស្ត្រីជនជាតិ Tujia ក្នុងសម្លៀកបំពាក់បុរាណ

កូន​ក្រមុំ​ជនជាតិ​ Tujia នៅ​ប្រទេស​ចិន ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​រៀងរាល់​ថ្ងៃ​ ពេញ​មួយ​ខែ ដើម្បី​​ជា​ការ​បួង​សួង​​សូម​សេចក្ដី​សុខ និង​​សុភមង្គល​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។

ជា​ធម្មតា ថ្ងៃ​រៀបការ​តែង​តែ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ភាព​សប្បាយ​រីក​រាយ​ សំណើច​ក្អាក​ក្អាយ និង​ពេញ​ដោយ​សុភមង្គល នៅ​ពេល​កូន​កំលោះ​ កូន​ក្រមុំ​ចាប់​ផ្ដើម​ឈាន​ជើង​ចូល​ក្នុង​ជីវិត​គូ។ ក៏ប៉ុន្តែ សម្រាប់​កូន​ក្រមុំ​ជន​ជាតិ​ Tujia នៅ​ក្នុងខេត្ត​​ Sichuan ប្រទេស​ចិន​វិញ ពួក​គេ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​/​ថ្ងៃ​ នៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​ពេញ​​ មុន​ពេល​ត្រូវ​ទៅ​រស់​នៅ​ក្នុង​គ្រួ​សារ​ខាង​ស្វាមី​។

ទំនៀម​ទម្លាប់​យំ​ពេល​រៀប​ការ​នេះ​ មាន​តាំង​ពី​បុរាណ​ នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ភាគ​និរតី​របស់​ខេត្ត Sichuan ហើយមាន​ការ​ពេញ​និយម​ខ្លាំង​​រហូតដល់​សម័យ​រាជវង្ស Qing (1644 – 1911)។ បើ​ទោះ​បច្ចុប្បន្ន​លែង​មាន​ការ​ពេញ​និយម​ដូច​មុន ប៉ុន្តែ​ទំនៀម​ទម្លាប់​នេះ​នៅ​តែ​ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់ជា​ច្រើន​ចាត់​ទុក​ថា​ជា​ទំនៀម​ប្រពៃណី​ចាំបាច់​នៅ​ក្នុង​ពិធី​រៀប​មង្គល​ការកូន​ប្រុសស្រី​។

ប្រជាជន Tujia ដែល​មាន​វ័យ​ចំណាស់​បាន​រៀប​រាប់​ប្រាប់​ថា កូន​ក្រមុំ​ណាក៏​ត្រូវ​តែ​យំ​នៅ​ក្នុង​ពិធី​រៀប​ការ​។ បើ​សិន​មិន​យំ​ នឹង​ត្រូវ​អ្នក​ភូមិ​មើល​ងាយ និង​ចាត់​ទុក​ការ​រៀប​ការ​នោះ​ជា​រឿង​អស់​សំណើច​។ ជាក់​ស្ដែង​មាន​ករណី​ជា​ច្រើន​ដែល​កូន​ក្រមុំ​ត្រូវ​បាន​ម្ដាយ​វាយ​ព្រោះ​តែ​មិន​យំ​ក្នុង​ថ្ងៃ​រៀប​ការ​។ តាម​រយៈ​សំឡេង​យំ ជនជាតិ​ Tujia នឹង​អាច​វាយ​តម្លៃ​បាន​ទៅ​លើ​ភាព​ថ្លៃ​ថ្នូរ ភាព​ជា​ស្ត្រី និង​ភាព​ឆ្លាតវៃ​របស់​កូន​ក្រមុំ។

ទំនៀម​ទម្លាប់​ខាងលើ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «Zuo Tang (អង្គុយ​ក្នុង​រោង​ការ ឬ​រោង​ជំនុំ)»។ នេះ​បើ​តាម សារព័ត៌មា​ន​ចិន China Daily។

តាម​ជំនឿ​បុរាណ ​​កូនក្រមុំ​ជន​ជាតិ​ Tujia នៅ​ប្រទេស​ចិន មិន​ត្រឹម​តែ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​រៀងរាល់​ថ្ងៃ​ ពេញ​មួយ​ខែ​នោះ​ទេ តែ​ក៏​ត្រូវ​ជេរ​ «មេ​អណ្ដើក​​» ថែម​ទៀត​ផង ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​សុភមង្គល​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។

Advertisement