វិស្វករ​អាយុ 14 ឆ្នាំ​របស់ SpaceX ថា បណ្ដាញ​សង្គម​របស់ Microsoft រើសអើង​វ័យ

Kairan Quazi ដែលជា​វិស្វករ​ផ្នែក​ទន់​​ទើបតែ​បាន​ចូលធ្វើ​ការឱ្យ​ក្រុមហ៊ុន SpaceX មិនអាច​ចូល​ប្រើប្រាស់​បណ្ដាញ​សង្គម​ការងារ LinkedIn ដោយសារ​តែមាន​អាយុ​ទើបតែ 14 ឆ្នាំ។

កាលពី​ថ្ងៃទី 14 មិថុនា Kairan Quazi បាន​បង្ហោះ​រូបថត​អេក្រង់​ស្ដីពី​ប្រកាស​របស់ LinkedIn នៅលើ Instagram។ ប្រកាស​នោះ​ប្រាប់ថា គណនី​របស់ Kairan ត្រូវបាន​រារាំង​ព្រោះ​តែមាន​អាយុ​តិចជាង​លក្ខខណ្ឌ​របស់ LinkedIn។ បណ្ដាញ​សង្គម​របស់ Microsoft នេះ ទាមទារ​ឱ្យ​អ្នកប្រើប្រាស់​ត្រូវមាន​អាយុ​ចាប់ពី 16 ឆ្នាំ​ឡើងទៅ។

LinkedIn ឱ្យដឹងថា វិស្វករ​វ័យក្មេង​ខាងលើ​នឹង​បាន​ចូល​ប្រើប្រាស់​ឡើងវិញ បន្ទាប់ពី​មាន​អាយុ​គ្រប់ 16 ឆ្នាំ។ Kairan ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ដោយមាន​ការបង់ប្រាក់ ប៉ុន្តែ LinkedIn ថា នឹង​សង​ប្រាក់​នោះ​​ត្រឡប់មកវិញ។

Kairan Quazi បាន​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​គោលការណ៍​របស់ LinkedIn។ កុមារ​រូបនេះ​ចោទថា បណ្ដាញ​សង្គម​របស់ Microsoft រើសអើង​វ័យ​ចំពោះ​កុមារ។

Kairan Quazi

Kairan Quazi កើត​ឆ្នាំ 2009 នៅ California សហរដ្ឋ​អាម៉េរិក។ វ័យ 11 ឆ្នាំ Kairan បាន​ចូល​សាកលវិទ្យាល័យ Santa Clara រៀន​ជំនាញ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​កុំព្យូទ័រ។

LinkedIn គឺជា​បណ្ដាញ​សង្គម​ផ្នែក​ទិន្នន័យ​អាជីព ការ​ងារ និង​ផ្សារភ្ជាប់​ជាមួយនឹង​មុខរបរ​ ធំជាងគេ​លើ​ពិភពលោក ហើយក៏​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Microsoft។ គិត​ត្រឹម​ខែមីនា 2023 បណ្ដាញ​សង្គម​នេះ​មាន​សមាជិក​ចូលរួម​ប្រើប្រាស់​ជាង 900 លាន​នាក់ មកពី​ប្រទេស និង​ដែនដី​ជាង 200 ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ៕

Advertisement