លោក​យាយ​ម្នាក់​ «​ស្លាប់​ហើយ​តែ​បែរ​ជា​រស់​ឡើង​វិញ​» ពេល​កូន​ចៅ​កំពុង​ធ្វើ​បុណ្យ​សព

មឈូស​របស់​លោក​យាយ​ Bella Montoya

(អេក្វាទ័រ) – លោក​យាយ​អាយុ 76 ឆ្នាំ​ម្នាក់​​ត្រូវ​បាន​វេជ្ជបណ្ឌិត​ពិនិត្យ​ និង​បញ្ជាក់​​ថាបាន​ស្លាប់ ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង Babahoyo ប៉ុន្តែបាន​ភ្ញាក់​ដឹង​ខ្លួន​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​ខ្លួន និង​គោះ​លើ​​មឈូស​ ធ្វើ​ឱ្យ​មនុស្ស​ម្នា​មាន​ការ​ភ័យ​ខ្លាច​​។

ស្ត្រី​វ័យ​ចំណាស់​ដែលជា​អតីត​គ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ Bella Montoya ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង Babahoyo ភាគ​កណ្ដាល​ប្រទេស​អេក្វាទ័រ កាល​ពី​ថ្ងៃ​ទី 09 មិថុនា 2023 បន្ទាប់​ពី​គាំង​បេះដូង។ បន្ទាប់​ពី​ជួយ​សង្គ្រោះ​មិន​បាន​សម្រេច​ វេជ្ជបណ្ឌិត​ក៏​ប្រកាស​ថា លោក​យាយ Montoya បាន​បាត់​បង់​ជីវិត​។ នេះ​បើ​តាម​ការ​អះអាង​របស់​កូន​ប្រុស​​ស្ត្រី​រូប​ខាងលើ​។

គ្រូសារ​បាន​យក​សព​លោក​យាយ​ Montoya ទៅ​រៀប​ចំ​ពិធី​បុណ្យ​សព​។ ពេល​ពិធី​បុណ្យ​កំពុង​ប្រព្រឹត្ត​ទៅ មនុស្ស​ម្នា​​ប្រហែល 20 នាក់​នៅ​ទី​នោះ ក៏​ឮ​សំឡេង​ចម្លែក​។ «ប្រហែល​ 5​ ម៉ោង​ រាប់​ពី​ពេល​ពិធី​បុណ្យ​បាន​ចាប់​ផ្ដើម មឈូស​ក៏​ចាប់​ផ្ដើម​មាន​សំឡេង​។ ម្ដាយ​របស់​ខ្ញុំ​ត្រូវ​គេ​រុំ​ក្នុង​ក្រណាត់ ហើយ​គាត់​ក៏​វាយ​ទៅ​លើ​មឈូស​។ ពេល​ទៅក្បែរ ពួក​ខ្ញុំ​ដឹង​ថា គាត់​កំពុង​ដក​ដង្ហើម​យ៉ាង​លំបាក​» Gilberto Barbera ដែល​ជា​កូន​ប្រុស​របស់​ស្ត្រី​ខាងលើ​ ឱ្យ​ដឹង​ដូច្នេះ​។

សាច់​ញាតិ​ក៏​ប្រញាប់​បញ្ជូន​លោក​យាយ​ Montoya ទៅ​កាន់​មន្ទីរ​ពេទ្យ​។ បច្ចុប្បន្ន លោក​យាយ​កំពុង​ទទួល​ការ​ព្យាបាល​ពិសេស​ពី​ក្រុម​វេជ្ជបណ្ឌិត​។

Barbera និយាយ​ថា «ការ​ដែល​ម្ដាយ​ខ្ញុំ​ភ្ញាក់​ខ្លួន​នៅ​ក្នុង​ពិធី​បុណ្យសព ធ្វើ​ឱ្យ​ពួក​ខ្ញុំ​ភ័យ​ខ្លាច​ខ្លាំង​» និង​បន្ត​ថា គ្រូពេទ្យ​ថា ជំងឺ​របស់​ម្ដាយ​ខ្ញុំ​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​។

ក្រសួង​សុខាភិបាល​អេក្វាទ័រ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​លើ​ក្រុម​វេជ្ជបណ្ឌិត​ដែល​ទាក់​ទង​នឹង​ករណី​លោក​យាយ Montoya​។ គណៈកម្មការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពិនិត្យ​លើ​ដំណើរ​ការ​នៃ​ការ​ចេញ​លិខិត​បញ្ជាក់​មរណភាព​របស់​មន្ទីរ​ពេទ្យ​ខាង​លើ​៕

Advertisement