ចម្លែក​ណាស់​! បុរស​​នេះ​​​ពិសា​​តែ​ភេសជ្ជៈ​កំប៉ុង​ជំនួស​អាហារ ​​​អស់​​​រយៈពេល 17 ឆ្នាំ​មក​ហើយ

(ប្រទេស​អ៊ីរ៉ង់) – Gholamreza Ardeshiri អាយុ 58 ឆ្នាំ គឺ​ជា​បុរស​ម្នាក់​ដែល​រស់​ដោយសារ Pepsi និង Coca-Cola ក្នុង​រយៈពេល 17 ឆ្នាំ​កន្លងមកហើយ ព្រោះ ឱ្យតែ​ឃើញ​អាហារ​គឺ​គាត់​រកកល​ក្អួត។

រឿងរ៉ាវ​បានចាប់ផ្ដើម​កាលពី​យប់​មួយ​ក្នុង​ឆ្នាំ 2006 នៅពេល Ardeshiri ក្រោក​ពី​សម្រាន្ត​ស្រាប់​តែមាន​អ្វី​ចម្លែក​នៅក្នុង​មាត់​ដែល​មិនអាច​បំបាត់ចោល​បាន។

«ខ្ញុំ​មាន​អារម្មណ៍​ដូចជា​មាន​សក់​នៅក្នុង​អណ្ដាត។ ខ្ញុំ​បានធ្វើ​គ្រប់យ៉ាង ប៉ុន្តែ​មិនអាច​បំបាត់​វា​ចោល។ ខ្ញុំ​ពិបាក​ដកដង្ហើម មិនអាច​ធ្វើ​អ្វី​បាន។ អារម្មណ៍​នេះ​ពិតជា​ផ្ដេសផ្ដាស និង​ពិបាក​ពន្យល់» លោក Ardeshiri រម្លឹក​អំពី​ដើមហេតុ​ដែលនាំឱ្យ​គាត់​ឈប់​ទទួលទាន​អាហារ។

គាត់​បាន​ទៅ​ពេទ្យ​ស្ទើរ​គ្រប់​ជំនាញ ប៉ុន្តែ បញ្ហា​នៅតែ​មិនអាច​ដោះស្រាយបាន។ ចុងក្រោយ គាត់​បានសម្រេច​ចិត្ត​បោះបង់​ការទទួល​ទាន​អាហារ ហើយ​រស់នៅ​ដោយសារ​ភេសជ្ជៈ​កំប៉ុង។ លោក Ardeshiri ឱ្យដឹងថា លើកដំបូង​ដែល​គាត់​ពិសា​​ភេសជ្ជៈ​កំ​ប៉ុន គាត់​មាន​អារម្មណ៍​ថា មាន​កម្លាំងភ្លាមៗ ហើយក៏​សម្រេចចិត្ត​ពិសា​​វា​ជំនួស​​អាហារ។

គ្រួសារ​របស់លោក Ardeshiri បាន​ប្រាប់ថា ពួកគេ​មិន​បរិភោគ​អាហារ​នៅ​ចំពោះ​លោក Ardeshiri ឡើយ ព្រោះថា រាល់​ពេលដែល​គាត់​បានឃើញ​អាហារ គាត់​តែងតែ​រកកល​​ក្អួត។ ជា​រៀងរាល់ថ្ងៃ លោក Ardeshiri ពិសា​​ភេសជ្ជៈ​​នេះ​បី​ដបធំៗ និង​បាន​អះអាងថា មិន​ដែលមាន​អារម្មណ៍​ថា​ឃ្លាន​នោះទេ។ ចាប់តាំងពី​មាន​ទម្លាប់​នេះ​មក គាត់​ស្រក​​ទម្ងន់ 32 គីឡូក្រាម ហើយក៏​មិន​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​អ្វី​ឡើយ ក្នុង​រយៈពេល 17 ឆ្នាំ​កន្លងទៅ៕

Advertisement