ប្លែក​ភ្នែក! ព្រឹត្តិការណ៍​ប្រណាំង​​គោយន្ត​នៅ​ប្រទេស​ថៃដែល​ជា​ក្ដី​សប្បាយ​របស់​​អ្នក​ក្រ

ថ្មីៗនេះ ឆា​នែ​ល YouTube CB Media បាន​ចូលរួម​តាមដាន​ព្រឹត្តិការណ៍​ប្លែក និង​ពិសេស​នៅលើ​វាលស្រែ​នៅ​ប្រទេស​ថៃ ជាទី​ដែល​ប្រជាកសិករ​រកឃើញ​ភាពសប្បាយ​រីករាយ​រប​ស់​ពួកគេ នោះ​គឺ​ការប្រណាំង​គោយន្ត។

នៅពេលដែល​ក្រុមមនុស្ស​ឧស្សាហ៍​ជាងគេ​ទំនេរ​ពី​ការធ្វើ​ស្រែចំការ ការចិញ្ចឹម​សត្វ ពួកគេ​ក៏បាន​រកឃើញ​ការសប្បាយ​នៅឯ​វាលស្រែ ដោយ​មាន​​ធុង​ស្រា​បៀរ ចំណី​អាហារ និង​ទស្សនា​ការប្រណាំង​គោយន្ត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍។

គោយន្ត​ទាំងឡាយ​ដែល​ចូលរួម​ការប្រណាំង​នេះ​គឺ​សុទ្ធតែ​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ធ្វើស្រែ​ចំការ​នៅ​ប្រទេស​ថៃ។ ពួកវា​ត្រូវបាន​ប្រជាកសិករ​ហៅថា E-tak ឬ E-tan ហើយ​នេះ​គឺ​ជា​ការកែច្នៃ​របស់​ជាង​ម៉ាស៊ីន​របស់​ថៃ និង​មាន​សណ្ឋាន​ស្រដៀង​នឹង​ម៉ាស៊ីន​កាត់​ស្មៅ​នៅ​សហរដ្ឋ​អាម៉េរិក។

អ្នកចូលរួម​ប្រកួត​នឹងមាន​វិធី​ដោយឡែក​ដើម្បី​បង្ហាញ​សមត្ថភាព​របស់ខ្លួន ក៏ដូចជា​គោយន្ត។ ជាក់ស្ដែង គោលការណ៍​នៃ​ព្រឹត្តិការណ៍​ប្រកួត​នេះ​គឺ​មិនមាន​ការកំណត់​អ្វី​ទាំងអស់ ដោយ​គ្រប់យ៉ាង​ត្រូវបាន​កែច្នៃ​តាមចិត្ត។

YouTuber Chad Bee របស់​ឆា​នែ​ល CB Media ឱ្យដឹងថា «អ្នក​ដែល​ចូលរួម​ប្រកួត​ក៏មាន​សិទ្ធិ​យក​ម៉ាស៊ីន​បម្រុង​មកជា​មួយ ព្រោះថា ម៉ាស៊ីន​អាចមាន​បញ្ហា​ក្នុងពេល​ប្រកួត»។

ទីកន្លែង​ប្រណាំង​គោយន្ត​នេះ​គឺ​ស្ថិតនៅលើ​វាលស្រែ​ដែល​ពេញ​ដែល​សម្បូរ​ឧបសគ្គ។ គោយន្ត​ទាំងអស់​គឺជា​របស់​កែច្នៃ​ធម្មតា មិនមាន​ប្រព័ន្ធ ឬ​បច្ចេកវិទ្យា​ទំនើប​ណាមួយ​ឡើយ។

នៅក្នុង​ការប្រកួត ពេលខ្លះ អ្នកបញ្ជា​​ក៏​ត្រូវបាន​គ្រវាត់​​ធ្លាក់​ចេញពី​គោយន្ត។ ដោយហេតុ​នេះហើយ ពួកគេ​តែងតែ​ប្រើប្រាស់​ឧបករណ៍​ការពារ​ខ្លួន​មួយចំនួន មានដូចជា មួកសុវត្ថិភាព និង​បន្ទះ​ដែក​ការពារ​ជើង​ដែល​ច្នៃ​ដោយ​ខ្លួនឯង​ជាដើម៕

Advertisement