បុគ្គលិក​ផ្នែក​លាងចាន​បង្ក​ការភ្ញាក់ផ្អើល ព្រោះ​ជិះឡាន​ទំនើប​ទៅធ្វើ​ការ​រាល់​ថ្ងៃ​

រថយន្ត​ប្រណិត Bentley Mulsanne

(ប្រទេស​ចិន) – ស្ត្រី​ម្នាក់​ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ត្រូវ​បើកភ្នែកធំៗ ព្រោះ​នៅតែ​ទៅ​បំពេញការងារ​ជា​អ្នក​លាងចាន​ឱ្យ​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង Chengdu បើ​ទោះ​គ្រួសារ​មាន​ជីវភាព​ធូរធារ និង​មាន​ទាំង​រថយន្ត​ប្រណិត Bentley។

នៅក្នុង​វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​ត​គ្នា​លើ​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន ស្ត្រី​វ័យ​កណ្ដាល​ម្នាក់ មាន​សក់ស្កូវ ពាក់​អៀម និង​ស្រោមដៃ​កៅស៊ូ ឈាន​ជើង​ចេញពី​រថយន្ត Bentley Mulsanne ពណ៌​ខ្មៅ​ដែល​ចត​នៅខាងមុខ​ហាង​ស៊ុប​មួយ​ក្នុង​ទីក្រុង Chengdu ខេត្ត Sichuan កាលពី​ថ្ងៃទី 01 មេសា។

«នៅផ្ទះ​ធុញ​ណាស់។ ខ្ញុំ​មាន​អារម្មណ៍មិនល្អ​បើសិន​មិនបាន​លាងចាន​មួយថ្ងៃ» ស្ត្រី​ខាងលើ​បកស្រាយ​ពី​មូលហេតុ​ដែល​គាត់​នៅតែ​ធ្វើជា​អ្នក​លាងចាន។

ម្ចាស់​ហាង​ស៊ុប​នេះ​បានឱ្យដឹងថា គ្រួសារ​បុគ្គលិក​រូបនេះ​មាន​ជីវភាព​ធូរធារ ហើយ​អ្នកស្រី​ចង់​មក​ធ្វើការ​ដើម្បី​កំដរ​ពេលវេលា។ អ្នកបើកបរ​ដែលជា​កូនស្រី​របស់​ស្ត្រី​ខាងលើ​និយាយថា មិនអាច​ឃាត់​ម្ដាយ​ធ្វើ​អ្វីដែល​គាត់​ចង់ ទើប​ជួយ​បើកឡាន​ជូន​គាត់​ទៅធ្វើ​ការ និង​មក​ទទួល​គាត់​ជា​រៀងរាល់ថ្ងៃ។

អ្នកលេង​បណ្ដាញ​សង្គម​សម្ដែង​ការកោតសរសើរ​ចំពោះ​ភាព​ឧស្សាហ៍ «អ្នកមាន​លាងចាន» ខាងលើ ហើយ​អ្នកខ្លះ​ចាត់ទុកថា អ្នកស្រី​គឺជា​គំរូ​ល្អ ជា​ប្រភព​កម្លាំងចិត្ត៕

អ្នកស្រីចង់មកធ្វើការដើម្បីកំដរពេលវេលា
រថយន្ត​ប្រណិត Bentley Mulsanne
Advertisement