
Leonardo Gorri ដែលជាអ្នកបើកបររថយន្តដឹកទំនិញម្នាក់នៅអាហ្សង់ទីន កំពុងបង្កការចាប់អារម្មណ៍លើបណ្ដាញសង្គម និង «មានតម្លៃខ្ពស់» ព្រោះតែមានរូបរាងមុខមាត់ដូចទៅនឹងកំពូលតារាបាល់ទាត់ Lionel Messi។
Leonardo មានកូនបួននាក់ និងចិញ្ចឹមគ្រួសារដោយមុខរបរបើករថយន្តដឹកទំនិញ។ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន ជីវិត និងគ្រួសាររបស់ Leonardo Gorri ចាប់ផ្ដើមមានការផ្លាស់ប្ដូរច្រើន ព្រោះតែគាត់មានមុខមាត់ រូបរាងដូចទៅនឹង Messi។ Leonardo Gorri ប្រាប់ទំព័រ Clarin ថា អតិថិជនជាច្រើនបានសុំថតរូបសែលហ្វ៊ីជាមួយគាត់។
ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្ដូរខ្លាំងនៅក្នុងឆ្នាំ 2021។ កាលណោះ ភរិយារបស់ Leonardo Gorri បានថតសកម្មភាពគាត់ធ្វើត្រាប់តាម Messi ហើយបង្ហោះលើបណ្ដាញសង្គម ជាទីដែល Leonardo Gorri ទទួលបានចំណាប់អារម្មណ៍ខ្លាំងលើគណនីឈ្មោះ «ខ្ញុំមិនមែនជា Messi»។

ចាប់ពីពេលនោះមក លោក Leonardo Gorri ក៏បង្ហោះរូបថត និងវីដេអូផ្សេងៗជាបន្តបន្ទាប់ និងប្រែជាល្បីឈ្មោះកាន់តែខ្លាំង។

ដោយសារតែមានមុខមាត់ដូច Messi លោក Leonardo Gorri ក៏មានឱកាសចូលរួមទស្សនាការប្រកួតមួយចំនួនរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន។ «Messi ក្លែងក្លាយ» ក៏ធ្លាប់ទទួលបានការចុះហត្ថលេខាលើអាវយឺតពី «Messi ពិត» ផងដែរ។ Leonardo Gorri និយាយថា នេះគឺជាមួយក្នុងចំណោម «វត្ថុមានតម្លៃបំផុត» សម្រាប់គាត់។

ព្រោះតែមានមុខមាត់ និងរូបរាងដូច Lionel Messi និងសមត្ថភាពសម្ដែង លោក Leonardo Gorri ក៏ទទួលបានការអញ្ជើញឱ្យសហការពីបណ្ដាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ ក៏ដូចជាផលិតកម្មភាពយន្តនៅអាហ្សង់ទីន៕
