សត្វ​កណ្ដុរ​យក្ស​ប៊ី​វើ​រ សង់​ទំនប់​សង្គ្រោះ​​ទីរួមស្រុក​នៅ​អង់គ្លេស​ចាក​ផុតពី​ទឹកជំនន់

សត្វ​កណ្ដុរ​យក្ស​ប៊ី​វើ​រ (Beaver) រស់​នៅតាម​បណ្ដោយ​មាត់ទន្លេ នាំគ្នា​សាងសង់​ទំនប់​ដ៏​ធំ​មួយ​នៅ​ប្រទេស​អង់គ្លេស ជួយ​ឱ្យ​មនុស្ស​ប្រមាណ 7,000 នាក់​ដែល​កំពុង​រស់នៅក្នុង​ទីរួមស្រុក​ Pickering ដេកលក់​ស្រួល​ក្នុងផ្ទះ បើ​ទោះ​មាន​ភ្លៀង​ធំ​ច្រើន​ថ្ងៃ។

ក្រុម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា គ្រួសារ​របស់​កណ្ដុរ​ប៊ី​វើ​រ បាន​សាងសង់​ទំនប់​ធម្មជាតិ​មួយ​ដែល​ការពារ​តំបន់ Pickering នៅ Yorkshire ភាគ​ខាងជើង ពី​គ្រោះទឹកជំនន់ នេះ​បើតាម​ទំព័រ Daily Star ចុះផ្សាយ​កាលពី​ថ្ងៃទី 21 កុម្ភៈ។ រាប់​ចាប់តាំងពី​ត្រូវបាន​នាំមក​កាន់​ទន្លេ Seven នៅក្នុង​តំបន់​ព្រៃ Cropton កាលពី 3 ឆ្នាំមុន ហ្វូង​សត្វ​កណ្ដុរ​យក្ស​ប៊ី​វើ​រ បាន​កែប្រែ​ទិដ្ឋភាព​នៅក្នុង​តំបន់។

យោងតាម Cath Bashforth ដែលជា​បរិស្ថាន​វិទូ​មកពី​ស្ថាប័ន​ការពារ​ព្រៃឈើ​អង់គ្លេស ទំនប់​របស់​ហ្វូង​សត្វ​កណ្ដុរ​ប៊ី​វើ​រ​គឺ​ធ្វើ​ពី​មែកឈើ និង​ភក់ល្បាប់ ហើយ​មាន​បណ្ដោយ​ជិត 70 ម៉ែត្រ។ «បច្ចេកទេស និង​ភាព​ប្រសប់​របស់​ពួកវា​គឺ​លើសពី​អ្វីដែល​មនុស្ស​អាច​ស្រមៃឃើញ​អំពី​ពួក​វា» Bashforth និយាយ​ដូច្នេះ។

សម្បុក​របស់​សត្វប៊ីវើរ

តំបន់ Pickering ធ្លាប់​ឆ្លងកាត់​ហេតុការណ៍​លិចលង់​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ ដោយសារតែ​ទឹកជំនន់​ពី​តំបន់​​ភាគ​ខាងជើង​របស់​ទីរួមស្រុក​នេះ។ ស្ថាប័នគ្រប់​គ្រង​​ធម្មជាតិ និង​​​ឧទ្យាន​ជាតិ North York Moor បាន​នាំ​ហ្វូង​សត្វ​កណ្ដុរ​យក្ស​ប៊ី​វើ​រ​មកកាន់​តំបន់​ខាងលើ បន្ទាប់ពី​អាជ្ញាធរ​គ្រប់គ្រង​បរិស្ថាន​ប្រកាសថា ពួកគេ​មិនមាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​អនុវត្ត​កម្មវិធី​ទប់ស្កាត់​ទឹកជំនន់​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​អាម៉េរិក។ ជំ​នប់​របស់​ប៊ី​វើ​រ​កំពុង​សង្គ្រោះ​​ទីរួមស្រុក Pickering។

សកម្មភាព​ទប់​ទំនប់​របស់​សត្វកណ្ដុរយក្សប៊ីវើរ

សត្វ​ប៊ី​វើ​រ​ល្បីឈ្មោះ​ខ្លាំង​ដោយសារតែ​ការធ្វើ​ទំនប់​ទទឹង​ជ្រោះ និង​ធ្វើ​សម្បុក​ក្នុង​បឹង​ដែល​ពួកវា​បាន​បង្កើត បន្ទាប់ពី​សង់​ទំនប់។ សម្បុក​របស់​ពួកវា​ធ្វើ​ពី​មែកឈើ និង​ល្បាប់។ ផ្លូវ​ចូល​សម្បុក​តែង​ស្ថិតនៅក្រោម​ទឹក។ ពេល​ជួប​ហេតុការណ៍​អាក្រក់ សត្វ​នេះ​នឹង​យក​កន្ទុយ​បោក​ទៅលើ​ទឹក​ដើម្បី​ជាស​ញ្ញា​ប្រាប់ថា ពួកវា​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់៕

Advertisement