នាំគ្នា​លេងបិទពួន​ក្នុង​កុងតឺន័រ ក្មេង​ម្នាក់​ត្រូវ​វង្វេង​ទៅដល់​ប្រទេស​ផ្សេង

ក្មេងប្រុស​ជនជាតិ​បង់​ក្លា​ដែ​សម្នាក់​អាយុ 15 ឆ្នាំ បាន​ជាប់​ដោយ​មិនដឹង​ខ្លួន​នៅក្នុង​កុងតឺន័រ​មួយពេល​កំពុង​លេងល្បែង​បិទពួន ហើយ​មួយ​សប្ដាហ៍​ក្រោយមក​ទើប​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ប្រទេស​ម៉ាឡេស៊ី។

កាលពី​ថ្ងៃទី 17 មករា ក្រុម​បុគ្គលិក​លើកដាក់​កុងតឺន័​រ​ពី​កប៉ាល់​បង់​ក្លា​ដែ​ស​នៅឯ​កំពង់ផែ Klang ប្រទេស​ម៉ាឡេស៊ី មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​បានឃើញ Fahim ដែលជា​ក្មេងប្រុស​បរទេស ឈាន​ជើង​ចេញពី​កុងតឺន័រ​ក្នុង​សភាព​អស់កម្លាំង​ខ្លាំង។

ដំបូង​ឡើយ បុគ្គលិក​នៅ​កំពង់ផែ​ខាងលើ​ស្មានថា ក្មេង​នេះ​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ម៉ាឡេស៊ី បានឱ្យដឹងថា ក្រោយពី​បាន​ស៊ើបអង្កេត សមត្ថកិច្ច​មិនបាន​រកឃើញ​សញ្ញា​ណាមួយ​បង្ហាញថា​នេះ​គឺជា​អំពើ​ជួញដូរ​មនុស្ស​ឡើយ។ យោងតាម​អាជ្ញាធរ​ម៉ាឡេស៊ី ក្មេង​នេះ​ដេក​ភ្លេចខ្លួន​ក្នុង​កុងតឺន័រ និង​ត្រូវបាន​រកឃើញ​នៅ​ម៉ាឡេស៊ី។

India Times ផ្សាយ​ថា កាលពី​ថ្ងៃទី 11 មករា Fahim កំពុង​លេងបិទពួន​ជាមួយ​មិត្តភក្ដិ​នៅ​ទីក្រុង Chittagong ប្រទេស​បង់​ក្លា​ដែ​ស និង​បាន​ចូលទៅ​ពួន​ក្នុង​កុងតឺន័រ ហើយ​ក៏បាន​ដេកលក់។ កុងតឺន័រ​នេះ ក្រោយមក​ក៏ត្រូវ​បាន​លើកដាក់​ទៅលើ​កប៉ាល់​មួយគ្រឿង ​ធ្វើដំណើរ​ទៅកាន់​កំពង់ផែ Klang នៅ​ប្រទេស​ម៉ាឡេស៊ី ដែលមាន​ចម្ងាយ​ពី Chittagong ប្រហែល 3,700 គីឡូម៉ែត្រ។

ក្នុង​រយៈពេល 6 ថ្ងៃ​ដែល​ជាប់​ក្នុង​កុងតឺន័រ Fahim បាន​ស្រែក​ឱ្យជួយ ប៉ុន្តែ​មិនមាន​អ្នកណា​ឮ​សោះ។ ក្រុមមន្ត្រី​ម៉ាឡេស៊ី កំពុងតែ​ធ្វើលិខិត​ស្នាម​ដើម្បី​នាំ Fahim ត្រលប់​ទៅ​បង់​ក្លា​ដែ​ស​វិញ ក្រោយពី​ត្រូវបាន​ព្យាបាល​អាការ​អស់កម្លាំង។

កាលពី​ខែតុលា 2022 ប៉ូលិស​ម៉ាឡេស៊ី​ក៏​ធ្លាប់បាន​ប្រទះឃើញ​សាកសព​ក្មេងប្រុស​អាយុ 15 ឆ្នាំ​ម្នាក់​កំពុង​រលួយ​នៅក្នុង​កុងតឺន័រ​ដែល​ត្រូវបាន​ដឹក​ពី Chittagong ទៅកាន់​កំពង់ផែ Penang៕

Advertisement